Home ព័ត៌មានសំខាន់ៗ ទិដ្ឋភាព​ទូទៅ...

ទិដ្ឋភាព​ទូទៅ​នៃ​ទំនាក់ទំនង​កម្ពុជា​-​រុស្ស៊ី​រយៈពេល​៦៥​ឆ្នាំ​

ដោយៈ បណ្ឌិត គិ​ន ភា​ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​​រាជបណ្ឌិត្យសភាកម្ពុជា​/ភ្នំពេញៈ
ថ្ងៃនេះ​គឺជា​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​កម្ពុជា​-​រុស្ស៊ី​។ បើ​ក្រឡេក​មក​មើល​កាលពី ៦៥​ឆ្នាំមុន គឺ​នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​១៩៥៦ ប្រទេស​កម្ពុជា​និង​សហភាពសូវៀត​បាន​បង្កើត​ចំណង​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​។ ក្នុង​រយៈពេល​៦៥​ឆ្នាំ​មកនេះ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​សហភាពសូវៀត ដែល​ក្រោយមក​ប្តូរ​មក ជា​សហព័ន្ធរុស្ស៊ី ត្រូវ​រង​ឥទ្ធិពល​ពី​នយោបាយ​ផ្ទៃក្នុង​ផង​និង​ពី​នយោបាយ​ក្នុង​តំបន់​និង​ពិភពលោក​ផង​។ ថ្វីបើ​ប្រទេស​ទាំងពីរ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឆ្ងាយ​ពីគ្នា​ក៏ពិតមែន ប៉ុន្តែ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​បានរួម​រស់​ជាមួយគ្នា​ប្រកបដោយ​ភាពស្និទ្ធស្នាល​ក្នុងនាម​ជា​ដៃគូ​សហប្រតិបត្តិការ ដែល​ផ្អែកលើ​គោលការណ៍​គាំទ្រ​និង​គោរព​គ្នា​ទៅវិញទៅមក​។ ក្នុង​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​អាច​ត្រូវបាន​បែង​ចែកជា​៥​ដំណាក់កាល​ធំៗ និង​មាន​ការវិវត្ត​ប្រែប្រួល​ជា​លំដាប់​។​

​ចាប់ពី​ឆ្នាំ​១៩៥៦ ដល់​ឆ្នាំ​១៩៧០ ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​សហភាពសូវៀត​ជា​ទំនាក់ទំនង​ដែលមាន​លក្ខណៈពិសេស​។ ឆ្នាំ​ដំបូងៗ​នៃ​ទំនាក់ទំនង​នេះ មេដឹកនាំ​សូ​វៀតបាន​កោតសរសើ​រយ៉ា​ង​ខ្លាំង​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ដ៏​ខ្នះខ្នែង​របស់​សម្តេច នរោត្តម សីហនុ ក្នុងការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឱ្យទៅជា​រដ្ឋ​មួយ​ឯករាជ្យ ដែល​ប្រជាជន​រស់នៅ​ប្រកបដោយ​សុខសន្តិភាព​និង​វិបុលភាព​។ បន្ទាប់មក សហភាពសូវៀត​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​សម្តេច នរោត្តម សីហនុ ដែលជា​សហ​ស្ថាបនិក​នៃ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ​។ នៅ​ឆ្នាំ​១៩៥៧ ប្រទេស​កម្ពុជា​និង​សហភាពសូវៀត​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​និង​វិទ្យាសាស្ត្រ​។ សហភាពសូវៀត​ក៏បាន​គាំទ្រ​ដល់​សមាជិកភាព​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ផងដែរ​។ ម្យ៉ាងទៀត សហភាពសូវៀត​បាន​អះអាង​ជាថ្មី នូវ​ភាពស្មោះត្រង់​របស់ខ្លួន​ចំពោះ​ប្រជាជន​កម្ពុជា​ដោយ​ថ្កោលទោស​រដ្ឋប្រហារ​យោធា លន់ នល់ ឆ្នាំ​១៩៧០​។​
​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៩ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​សហភាពសូវៀត​មិនសូវ​ល្អ​ទេ​ដោយសារ​ការផ្លាស់ប្តូ​រន​យោ​បាយ​នៅ​កម្ពុជា ដែល​នៅ​ឆ្នាំ​១៩៧៥ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច នរោត្តម សីហនុ ពី​ព្រះប្រមុខរដ្ឋ នៅពេល​ព្រះអង្គ​កំពុង​យាង​បំពេញ​ព្រះរាជ​បេសកកម្ម​នៅក្រៅ​ប្រទេស​។ ស្ថានភាព​នេះ​បានធ្វើឱ្យ​សហភាពសូវៀត​ស្ថិតក្នុង​ជំហរ​ការទូត​ដ៏​លំបាក​ចំពោះ​កម្ពុជា ហើយ​ធ្វើឱ្យ​សហភាពសូវៀត​ទទួល​ស្ថានទូត​ពីរ (​របស់​កម្ពុជា​) នៅ​ទីក្រុង​ម៉ូស្គូ​, មួយ​តំណាង​រដ្ឋាភិបាល​និរទេស​របស់​សម្តេច នរោត្តម សីហនុ និង​មួយ​ផ្សេងទៀត​តំណាងឱ្យ​រដ្ឋាភិបាល​រប​ប លន់ នល់​។ នៅ​រវាង​ឆ្នាំ​១៩៧៥​និង​ឆ្នាំ​១៩៧៩ នយោបាយ​ប្រឈមមុខ​ដាក់គ្នា​រវាង​ចិន​និង​សហភាពសូវៀត បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​សហភាពសូវៀត​ផងដែរ​។​

​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩១ ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ជាមួយ​យ៉ាង​ល្អ​។ នៅ​ដើមឆ្នាំ​១៩៧៩ ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ត្រូវបាន​បង្កើត​ឡើងវិញ​។ ចាប់ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៩០ សហភាពសូវៀត​បានផ្តល់​ជំនួយ​សេដ្ឋកិច្ច​និង​យោធា​យ៉ាងច្រើន​ក៏ដូចជា​ជំនួយ​បច្ចេកទេស​ដល់​ប្រទេស​កម្ពុជា​។ សហភាពសូវៀត​បាន​ចូលរួមចំណែក​គាំទ្រ​យ៉ាងសកម្ម​ក្នុងការ​ស្តារ​និង​កសាង​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​លើ​វិស័យ​ថាមពល ដឹកជញ្ជូន ប្រៃសណីយ៍ កសិកម្ម លំនៅឋាន ការថែទាំ​សុខភាព បណ្តុះបណ្តាល​មន្ត្រីរាជកា​រ​និង​យោធា បរិក្ខារ​និង​គ្រឿងយន្ត​ផ្សេងៗ​។ ទំនាក់ទំនង​លើ​វិស័យ​សិក្សាអប់រំ​ពី​១៩៨០​មក មាន​លក្ខណៈ​ល្អប្រសើរ​ណាស់ ដែលជា​លទ្ធផល ប្រជាជន​កម្ពុជា​ប្រហែល ៨,០០០​នាក់ បានទទួល​ការអប់រំ​និង​បណ្តុះបណ្តាល​នៅ​សហភាពសូវៀត​និង​រុស្ស៊ី​។ បច្ចុប្បន្ននេះ អ្នក​ទាំងអស់នោះ​កំពុងកាន់​មុខតំណែង​សំខាន់​ក្នុង​ជួរ​រដ្ឋាភិបាល ក្រសួង និង​ស្ថាប័ន​នានា និង​នៅក្នុង​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នៅ​ទូទាំងប្រទេស​។ អ្នកខ្លះ​ទៀត​ជា​អ្នកជំនួញ​ជោគជ័យ ជា​មន្ត្រីរាជការ ជា​បុគ្គលិក​ពេទ្យ ជា​វិស្វករ និង​ជា​ស្ថាបត្យករ​។​

​ចាប់ពី ឆ្នាំ​១៩៩១ ដល់​ឆ្នាំ​១៩៩៣ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បាន​ស្ថិតនៅ​ផ្លូវបំបែក​។ បន្ទាប់ពី​ការដួលរលំ​នៃ​ជញ្ជាំង​បែរ​ឡាំង​និង​ការបែកបាក់​របស់​អតីត​សហភាពសូវៀត​ក្នុង​ឆ្នាំ​១៩៩១ ឥទ្ធិពល​ជារួម​របស់​រុស្ស៊ី​នៅ​អាស៊ីអាគ្នេយ៍​បាន​ថយចុះ​យ៉ាង​ឆាប់រហ័ស​។ នៅ​ខែធ្នូ ឆ្នាំ​១៩៩១ សម្តេច រោ​ត្ត​ម សីហនុ បានប្រកាស​ទទួលស្គាល់​សហព័ន្ធរុស្ស៊ី​ជា​រដ្ឋ​ស្នង​របស់​សហភាពសូវៀត​។ ទំនាក់ទំនង​យោធា​និង​ជំនួយ​អភិវឌ្ឍន៍​ដែល​ធ្លាប់ជា​មូលដ្ឋានគ្រឹះ​នៃ​ចំណងមិត្តភាព​របស់​ទីក្រុង​មូ​ស្គូ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ដូចជា វៀតណាម​កម្ពុជា និង​ឡាវ មិនមាន​ទៀត​ទេ​។ ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​រុស្ស៊ី​នៅពេលនោះ​មិន​រឹងមាំ​ទេ ដោយសារ​ឧបសគ្គ​នៃ​ការផ្លាស់ប្តូរ​ក្រោយ​ការដួលរលំ​នៃ​សូ​វៀត រួមមាន​ការកែទម្រង់​នយោបាយ សង្គ្រាមស៊ីវិល ការរៀបចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ឡើងវិញ និង​ការគូសវាស​ព្រំដែន​នយោបាយ​ជាថ្មី​។ រយៈពេល​អន្តរកាល​នៅក្នុង​នយោបាយ​រុស្ស៊ី​ក្រោយ​ការដួលរលំ​នៃ​សហភាពសូវៀត​បានបញ្ចប់​នៅពេលដែល​រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវបាន​អនុម័ត​ដោយ​ការធ្វើប្រជាមតិ​កាលពី​ខែធ្នូ ឆ្នាំ​១៩៩៣​។ យ៉ាងណាក៏ដោយ​ប្រទេស​កម្ពុជា​បានទទួល​ស្គាល់​តួនាទី​ដ៏​សកម្ម​របស់​រុស្ស៊ី​នៅក្នុង​ដំណើរការ​សន្តិភាព​រប​ស់​ប្រទេស​កម្ពុជា ដោយបាន​រៀបចំ​និង​បញ្ចប់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី ប្រទេស​កម្ពុជា (២៣ តុលា ១៩៩១) និង​អនុវត្ត​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ (១៩៩១-១៩៩៣)​។​

​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នេះ ត្រូវបាន​ពង្រឹង​និង​ពង្រីក​គួរឱ្យកត់សម្គាល់ ទាំង​វិស័យ​នយោបាយ ការទូត សេដ្ឋកិច្ច និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​។​
​ក្នុង​វិស័យ​នយោបាយ កម្ពុជា​និង​រុស្ស៊ី​គឺជា​ដៃគូ​ដែល​ទុកចិត្ត​គ្នា​ដោយមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ផ្នែក​នយោបាយ​ក្នុងការ​ដោះស្រាយ​បញ្ហា​រួម ដែល​កើតឡើង​នៅក្នុង​ពិភពលោក​និង​នៅក្នុង​តំបន់​។ ប្រទេស​ទាំងពីរ​កំពុង​ធ្វើ​សហប្រតិបត្តិការ​គ្នា​ក្នុង​រចនាសម្ព័ន្ធ​និង​និម្មាបនកម្ម​អន្តរជាតិ​និង​តំបន់​ផ្សេងៗ រួមមាន អន្តរសកម្មភាព​នៅក្នុង​អង្គការសហប្រជាជាតិ​និង​ស្ថាប័ន​ពាក់ព័ន្ធ និង​វេទិកា​អាស៊ាន​នានា​។​

​ក្នុង​វិស័យ​ការទូត​វិញ គេ​សង្កេតឃើញ​មានការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​ថ្នាក់ខ្ពស់​ជា​ញឹកញាប់​ធ្វើឡើង​ក្នុងអំឡុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦​។ នៅ​ឆ្នាំ​២០១៥ មាន​ការធ្វើ​ទស្សនកិច្ច​ផ្លូវការ​ជាច្រើន​របស់​មេដឹកនាំ​កម្ពុជា​ទៅកាន់​ប្រទេស​រុស្ស៊ី ក្នុងនោះ​រួមមាន ដំណើរ​ទស្សនកិច្ច​រប​ស់​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា គឺ​ឯកឧត្តម ហោ ណាំហុង នៅ​ខែមីនា​, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន​, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស ខេង នៅ​ខែឧសភា និង​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ​ខែតុលា​។

​អ្វីដែល​សំខាន់​ជាងនេះទៀត​នោះ គឺ​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​នាយក​រដ្ឋមន្ត្រី​នៃ​សហព័ន្ធរុស្ស៊ី​មកកាន់​ប្រទេស​កម្ពុជា​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទៅកាន់​នៅ​ប្រទេស​រុស្ស៊ី នៅ​ខែឧសភា ឆ្នាំ​២០១៦ ដែល​ទស្សនកិច្ច​ជា​លើកដំបូង​ក្នុង​រយៈពេល ៣០​ឆ្នាំ ដែល​នេះ​ជាការ​កត់សម្គាល់​នូវ​ទំនាក់ទំនង​កម្រិត​ខ្ពស់​ថ្មី​មួយ​។​
​ដោយឡែក​ក្នុង​វិស័យសេដ្ឋកិច្ច​វិញ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ យោងតាម​ទិន្នន័យ​ពី​ស្ថាប័នគយ​សហព័ន្ធរុស្ស៊ី ការ​នាំចូល​ទៅកាន់​ប្រទេស​រុស្ស៊ី​ពី​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន មាន​ទំហំ​ជាង​២០០​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក និង​បាន​នាំ​ចេញពី​ប្រទេស​រុស្ស៊ី​មកកាន់​ប្រទេស​កម្ពុជា​គឺ ជិត​ដុល្លារ​អាម៉េរិក​២០​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​។​

​ចំពោះ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​វិញ មាន​ភ្ញៀវទេសចរ​រុស្ស៊ី​ជាង ៦០.០០០ នាក់ មក​ទស្សនា​ប្រទេស​កម្ពុជា​ជា​រៀងរាល់ឆ្នាំ​។ ទន្ទឹមនឹងនោះ ក៏មាន​ជនជាតិ​រុស្ស៊ី​មួយចំនួន រស់នៅក្នុង​ប្រទេស​កម្ពុ​ជា​ផងដែរ ដែល​ភាគច្រើន​រស់នៅ​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ​។ អ្វីដែល​សំខាន់​ជាង​នេះ គឺ​ប្រជាជន​កម្ពុ​ជាជាង ៨,០០០ នាក់ ធ្លាប់បាន​សិក្សា​នៅ​អតីត​សហភាពសូវៀត​និង​រុស្ស៊ី ចាប់តាំងពី​ឆ្នាំ​១៩៧៩​។​
​បញ្ហា​ទាក់ទង​នឹង​វ៉ាក់សាំង​រុស្ស៊ី «Sputnik V» ក៏ត្រូវ​បានលើកឡើង​ផងដែរ​នៅក្នុង​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ភ្លាមៗ​នោះ​ស្ថានទូត​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​រុស្ស៊ី​ដែល​ពាក់ព័ន្ធ​អំពី​ការពិភាក្សា​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ក្រុមការងារ​នៃ​ប្រទេស​ទាំងពីរ បាននិងកំពុង​ធ្វើការ​លើ​បញ្ហា​នេះហើយ​។​

​សរុបសេចក្ដី​មក ទំនាក់ទំនង​កម្ពុជា​-​រុស្ស៊ី​មាន​ត្រូវបាន​ចងភ្ជាប់​ដោយ​ចំណងមិត្តភាព​ជា​ប្រពៃណី​យូរអង្វែង និង​ការគោរព​គ្នា​ទៅវិញទៅមក​។ ប្រទេស​ទាំងពីរ​មាន​ទស្សនៈ​ស្រដៀង​គ្នា​ទៅលើ​បញ្ហា​សណ្តាប់ធ្នាប់​ពិភពលោក​។ ប្រទេស​កម្ពុជា​និង​រុស្ស៊ី មានបទពិសោធន៍​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​យ៉ាងច្រើន​រាប់​ឆ្នាំ​មកហើយ​។ ប្រទេស​ទាំងពីរ​បានធ្វើ​អន្តរសកម្មភាព​ប្រកបដោយ​ផ្លែផ្កា​នៅលើ​វេទិកា​ពិភពលោក​។ វា​ច្បាស់​ណាស់​ថា ក្នុង​រយៈពេល ៦៥​ឆ្នាំ​មកនេះ ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​កម្ពុជា​និង​រុស្ស៊ី មានការ​រីកចម្រើន​ខ្លាំង​ឡើងជា​លំដាប់​ក្នុង​វិស័យ​ផ្សេងៗ​។ ទោះ​យ៉ាងនេះ​ក្តី ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅមានកម្រិត​នៅឡើយ ហើយ​សង្ឃឹមថា ការស្នើសុំ​វ៉ាក់សាំង Covid-19 របស់​កម្ពុជា នឹងមាន​ការឆ្លើយតប​ជា​វិជ្ជមាន​។​

​ដើម្បី​ពង្រីក​ទំនាក់ទំនង​ឱ្យបាន​ទូលំទូលាយ​ជាមួយ​កម្ពុជា ទាក់ទង​នឹង​នយោបាយ​និង​សេដ្ឋកិច្ច​ប្រទេស​រុស្ស៊ី​គួរតែ​ពិចារណា​លើ​លទ្ធភាព​នៃ​ការវិនិយោគ​លើ​វិស័យ​ថាមពល ដូចជា ឧស្ម័ន និង​ប្រេង​វិស័យ​កសិកម្ម​ដូចដែល​អតីត​សហភាពសូវៀត​ធ្លាប់​បានធ្វើ​ក្នុងសម័យ​សង្គ្រាមត្រជាក់​, រុស្ស៊ី​គួរ​ការ​ស្តារឡើងវិញ​នូវ​ទំនាក់​ទំនងជា​ប្រពៃណី​របស់​អតីត​សហភាពសូវៀត​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់ ទាក់ទង​នឹង​ការអភិវឌ្ឍ ធនធានមនុស្ស ឧស្សាហកម្ម កិច្ចការ​យោធា ការផ្សព្វផ្សាយ​វប្បធម៌​។ លើសពីនេះ​ទៀត​ប្រទេស​រុស្ស៊ី​គួរតែ​ដើរតួនាទី​កាន់តែ​សកម្ម​ថែមទៀត​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ Covid-19​។​

​គេ​ជឿថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹង​បន្ត​រីកចម្រើន​កាន់តែខ្លាំង​និង​មាន​ពិពិធ​កម្ម​ចូលទៅក្នុង​វិស័យ​ជាច្រើន​។ សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​អន្តរជាតិ​លេចធ្លោ បទពិសោធន៍​រឹងមាំ​នៅក្នុង​កិច្ចសន្ទនា​ទ្វេភាគី ការបង្កើន​ល្បឿន​នៃ​ការទំនាក់ទំនង​ទាំងអស់​គ្រប់​ទម្រង់ ការយោគយល់​គ្នា​ដែល​បាន​ចាក់ឫស​យ៉ាងជ្រៅ និង​ការគោរព​គ្នា​ទៅវិញទៅមក ប្រាកដជា​នឹង​នាំមក​នូវ​សមិទ្ធផល​កាន់តែ​ធំធេង​ច្រើន​ទៀត ទាំង​នៅ​ថ្នាក់ជាតិ និង​ពិភពលោក​៕
កំណត់សម្គាល់ៈទស្សនៈ​ដែល​បានបង្ហាញ​នៅក្នុង​អត្ថបទ​នេះ គឺជា​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​អ្នកនិពន្ធ វា​មិន​ឆ្លុះបញ្ចាំង​ពី​ជំហរ​ផ្លូវការ​របស់​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា ឬ​រាជបណ្ឌិត្យសភាកម្ពុជា​ទេ​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular