Home ព័ត៌មានអន្តរជាតិ កាសែត​រដ្ឋ ៖ ...

កាសែត​រដ្ឋ ៖ ចិន​អាច​នឹង “​ពិន័យ​” អូស្ត្រាលី​សម្រាប់​ការផ្តល់​ជំនួយ​យោធា​ដល់​តៃវ៉ាន់​ជាមួយ “​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​”

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ យោង​តាម​អ្នក​អត្ថាធិប្បាយ​ចិន​ម្នាក់​បាន​ឱ្យដឹងថា ការ​សងសឹក​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​ជំនួយ​យោធា​របស់​អូស្ត្រាលី​ដល់​កោះ​តៃវ៉ាន់​គួរតែ​ជា​”​ការវាយប្រហារ​​ដោយ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​”​។​

​អូស្ត្រាលី​បាន​និង​កំពុង​ពិចារណា​ដាក់ពង្រាយ​កងកម្លាំង​ដ៏​សំខាន់​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដើម្បី​ដើរតួ​ជា​អ្នក​ទប់ស្កាត់​និង​បញ្ឈប់​ជម្លោះ​ណាមួយ​រវាង​កោះ​តៃវ៉ាន់​និង​ចិន​ដីគោក​។​ដោយ​សរសេរ​បទ​​អត្ថាធិប្បាយ​សម្រាប់​កាសែត The Global Times​របស់​បក្ស​កុំម្មុយនីស្ត លោក​និពន្ធ​នាយក ហ៊ូ ស៊ី​ជីន ស្នើ​ឱ្យ​ចិន​រៀបចំ​ផែនការ​សម្រាប់​ការវាយប្រហារ​ផ្នែក​យោធា​ប្រឆាំងនឹង​អូស្ត្រាលី​។​

​លោក​ហ៊ូ​សរសេរថា “​ខ្ញុំ​សូម​ស្នើ​ឱ្យ​ប្រទេស​ចិន​ធ្វើ​ផែនការ​ដាក់ទណ្ឌកម្ម​ស​ង​សឹក​ប្រឆាំងនឹង​អូស្ត្រាលី​នៅពេលណា​ដែល​ប្រទេស​នេះ​ជ្រៀតជ្រែក​ផ្នែក​យោធា​នៅក្នុង​ស្ថានភាព​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​”​។​

“​ផែនការ​នេះ​គួរតែ​រួមបញ្ចូល​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ទៅលើ​មូលដ្ឋាន​យោធា​និង​ទីតាំង​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​នៅ​លើ​ទឹកដី​អូស្ត្រាលី​ប្រសិនបើ​ប្រទេស​នេះ​ពិតជា​បញ្ជូន​កងទ័ពរ​បស់​ខ្លួន​ទៅ​​កាន់​តំបន់​នៅ​ឯនាយ​សមុទ្រ​របស់​ចិន​និង​ប្រយុទ្ធប្រឆាំង​នឹង​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន (PLA)” ។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ព្រឹទ្ធ​សមាជិក​អូស្ត្រាលី​លោក ជី​ម ម៉ូ​លែ​ន បាន​លើកឡើង​ថា អូស្ត្រាលី​អាច​នឹង​ទប់ស្កាត់​ចិន​បាន ដោយ​ការ​ដាក់​ពង្រាយ “​កងកម្លាំង​សំខាន់ៗ​ចូលទៅក្នុង​តំបន់​”​។​

​ភាព​តានតឹង​រវាង​ទី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ទីក្រុង​កង់​បេរ៉ា​បាន​កើន​ឡើង​ក្នុង​ឆ្នាំ​កន្លង​ទៅ ខណៈ​ចិន​បាន​វាយ​ពន្ធគយ​ជិត ២០​ពាន់​លាន​ដុល្លារ​រួម​ជាមួយនឹង​ការហាមឃាត់​លើ​ការនាំ​ចេញ​ប្រឆាំង​​នឹង​អូស្ត្រាលី ដែល​អំពាវនាវ​អោយ​រក​ប្រភព​វីរុស​កូរ៉ូណា និង​ងាក​ទៅ​ចាប់​ដៃ​ជាមួយ​អាម៉េរិក ជប៉ុន​និង​ឥណ្ឌា​កាន់តែខ្លាំង​ដើម្បី​តតាំង​នឹង​ឥទ្ធិពល​កើន​ឡើង​របស់​ចិន​។​

​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន លោក មី​សែ​ល ប៉េ​ហ្សូ​ល​ឡូ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អូស្ត្រាលី​បាន​ទទួលស្គាល់ថា ភាព​តានតឹង​កាន់តែ​កើនឡើង​ខ្លាំង ដោយ​បញ្ជាក់​ថា “​ស្គរ​សង្គ្រាម​” កាន់តែ​ឮ​ខ្លាំង​ឡើងៗ​។​

​លោក​ហ៊ូបាន​បន្ត​និយាយថា ទីក្រុង​ប៉េកាំង​គួរតែ​ផ្ញើ​សារ​ដ៏​ខ្លាំងក្លា​មួយ​ដើម្បី “​រារាំង​កងកម្លាំង​ដ៏​សាហាវ​របស់​អូស្ត្រាលី​” ពី​ការធ្វើសកម្មភាព​ដែល​មិន​ទទួលខុសត្រូវ​។​

​លោក​បាន​បន្ថែមថា ប្រសិនបើ​អូស្ត្រាលី​ចូលរួម​ជាមួយ​យោធា​អាម៉េរិក នោះ​វា​នឹង​បង្ក “​គ្រោះមហន្តរាយ​”​។​

​ការអត្ថាធិប្បាយ​របស់​លោក​ហ៊ូ​ធ្វើឡើង​ភ្លាមៗ​បន្ទាប់​ពី​ការបញ្ចប់​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​ចិន​និង​ឥណ្ឌូនេស៊ី​៕

​លោក​និពន្ធ​នាយក ហ៊ូ ស៊ី​ជីន ស្នើ​ឱ្យ​ចិន​រៀបចំ​ផែនការ​សម្រាប់​ការវាយប្រហារ​ផ្នែក​យោធា​ប្រឆាំងនឹង​អូស្ត្រាលី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular