ដោយៈតារារិទ្ធ/ភ្នំពេញៈនៅថ្ងៃទី១៤ ខែឧសភានារីម្នាក់បានក្លាយជាមនុស្សទី២លានដែលមកទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩គឺក្មួយស្រីទិតចិន្តាអាយុ២៣ឆ្នាំជាកម្មការរិនីរោងចក្រ។នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ផេកផ្លូវការនៅព្រឹកថ្ងៃទី១៤ខែឧសភានេះសម្តេចតេជោបានសរសេរថា បន្ទាប់ពីការចាប់ផ្តើមចាក់វ៉ាក់សាំងថ្ងៃ១០ ខែ កុម្ភៈ ២០២១ ដែលម្ជុលទី១បានទៅ ហ៊ុន ម៉ាណែត។ថ្ងៃ១១ ខែ មេសា ២០២១យើងបានរកឃើញមនុស្សទី១លាន ដែលបានចាក់វ៉ាក់សាំងដែលបានទៅក្មួយ ប៉ាន់ សុវណ្ណរិទ្ធិ ដែលទទួលបានរង្វាន់១០លានរៀលផងដែរ។
ថ្ងៃនេះ១៤ ខែ ឧសភា ២០២១ យើងរកឃើញមនុស្សទី២លាន ដែលបានទៅក្មួយស្រី ទិត ចិន្តា អាយុ ២៣ឆ្នាំ ជាកម្មការរិនីរោងចក្រដែលនឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួនទឹកប្រាក់១០លានរៀលទៀត។ សូមក្មួយស្រី ទិត ចិតា្តទទួលយករង្វាន់ពី លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចលើការចាក់វ៉ាក់សាំង។

សម្តេចបន្តថា ក្នុងយុទ្ធសាស្ត្រពន្លត់ភ្លើង​ ល្អជាងអង្គុយបក់ផ្សែងយើងគ្មានជម្រើសណាអោយល្អជាងការខិតខំស្វែង រកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។ការឆ្លងក្នុងសហគមន៍ម្តងហើយម្តងទៀតនៅស្ទើរគ្រប់ប្រទេសតម្រូវអោយយើងខិតខំរកវិធីទប់ស្កាត់ការឆ្លងនិងការបាត់បង់ជីវិតប្រជាជនយើងតាមរយៈការចាក់វ៉ាក់សាំង។

ក្នុងចំណោមប្រជាជនទាំងចាស់ទាំងក្មេង១៦លាននាក់មានប្រជាជនដែលមានអាយុ១៨ឆ្នាំឡើងដែលនឹងត្រូវចាក់វ៉ាក់សាំងតែ១០លាននាក់ប៉ុណ្ណោះដែលថ្ងៃនេះយើងចាក់បាន២លាននាក់ស្មើនឹង២០ភាគរយរួចទៅហើយ។ ការចាក់វ៉ាក់សាំងនេះយើងក៏បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រផ្ការីកគឺចាក់ពីក្នុងចេញក្រៅគឺចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាមលំដាប់អាទិភាព។
សូមបងប្អូនកុំបារម្ភ រាជរដ្ឋាភិបាលនឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមុននិងក្រោយប៉ុណ្ណោះ៕