ដោយៈ មុនី រ័ត្ន / ភ្នំពេញៈ លោក ជិន ម៉ា​លីន អនុប្រធាន និង​ជា​អ្នកនាំពាក្យ គណៈកម្មាធិការ សិទ្ធិមនុស្ស​កម្ពុជា បាន​ឆ្លើយតប ទៅនឹង​ការចោទប្រកាន់ របស់​សង្គម​ស៊ី​វី​ល មួយចំនួន​តូច ទាក់ទង​ការកំណត់ វ៉ាក់សាំង​កាតព្វកិច្ច សម្រាប់​មន្ត្រី រាជការ និង​ជា​លក្ខខណ្ឌ សម្រាប់​ធ្វើជា​មន្ត្រី គឺ​មិនមែនជា​ការរំលោភបំពាន​សិទ្ធិ​ស្មើ ភាព​គ្នា ចំពោះមុខ​ច្បាប់​នោះទេ​។​

​អនុប្រធាន និង​ជា​អ្នកនាំពាក្យ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានបញ្ជាក់​ថាៈ ផ្អែកលើ​គោល ការណ៍​ច្បាប់ សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ អាជ្ញាធរ​សាធារណៈ អាច​កំណត់​នូវ លក្ខខណ្ឌ មួយចំនួន​បាន ក្នុងការ​ជ្រើសរើស​មន្ត្រី ដូចជា​លក្ខខណ្ឌ​អាយុ បទពិសោធន៍ សញ្ញាបត្រ ពិរុទ្ធភាព ការចាក់​វ៉ាក់សាំង ជាដើម ។​ល​។ រួមទាំង​លក្ខខណ្ឌ ផ្សេងទៀត​ផងដែរ ដែលមាន​ភាពចាំបាច់ និង​ដើម្បី​ធានាបាន នូវ​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព​របស់​ស្ថាប័ន ដែល​ការកំណត់​នេះ មិនមែនជា​ការរំលោភ​បំពាន​សិទ្ធិ​ស្មើ ភាព​គ្នា ចំពោះមុខ​ច្បាប់​នោះទេ ព្រោះថា វា​ធ្វើឡើង ដើម្បី​ប្រយោជន៍​សាធារណៈ ហើយ​ជាពិសេស លក្ខខណ្ឌ​វ៉ាក់សាំង​នេះ គឺ​ដើម្បី​ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង ការឆ្លង​រាលដាល​កូ​វីដ​-១៩ មិនមែន ដើម្បី​ប្រយោជន៍ ឯកជន​នោះទេ​។​

​ប្រភព​ដដែល បានបញ្ជាក់​ទៀតថាៈ ប្រសិនបើ​ការកំណត់​លក្ខខណ្ឌ វ៉ាក់សាំង​កាតព្វកិច្ច នេះ ជាការ​រំលោភបំពាន សិទ្ធិ​ស្មើភាព​គ្នា ចំពោះមុខ​ច្បាប់ ដូច​សង្គម​ស៊ីវិល​ចោទប្រកាន់ មែន​នោះ ហេតុអ្វី​ក៏​មិន​លើក​ពី លក្ខខណ្ឌ​ផ្សេងទៀត ដូចជា​អាយុ បទពិសោធន៍ និង​សញ្ញាបត្រ ជាដើម ។​ល​។ ថា​ជាការ​រំលោភបំពាន សិទ្ធិ​ស្មើភាព​គ្នា ចំពោះមុខ​ច្បាប់ ផងដែរ​ទៅ ព្រោះថា អ្នក​ដែល​មិនអាច​បំពេញ បាន​លក្ខខណ្ឌ​ទាំងនេះ មិនអាច​ប្រឡង ធ្វើជា​មន្ត្រី​បាន​នោះទេ​។​

​លោក ជិន ម៉ា​លីន បាន​បន្តថា សិទ្ធិ​ស្មើភាព​គ្នា ចំពោះមុខ​ច្បាប់ មិនមែន​មានន័យថា ពលរដ្ឋ ត្រូវ​ទទួលបាន​នូវ លក្ខខណ្ឌ​ដូចគ្នា ទាំង​អស់ពី​រដ្ឋ នៅ​គ្រប់​ករណី និង​គ្រប់​កាលៈ ទេសៈ​នោះទេ គឺអាច​មានការ​លើកលែង ហើយ​ដែល​ករណី លើកលែង​នេះ ធ្វើឡើង​ក្នុង ស្ថានភាព​ចាំបាច់ និង ដើម្បី​ប្រយោជន៍​សាធារណៈ ដូចជា​អនីតិជន មិនអាច​បោះឆ្នោត បាន អ្នក​ធ្លាប់​មានទោស ពីបទ​ឧក្រឹដ្ឋ មិនត្រូវ​បានអនុញ្ញាត ឱ្យធ្វើជា​មន្ត្រីរាជការ និង​លោកសង្ឃ មិនអាច​បង្កើត បក្សនយោបាយ​បាន ជាដើម ។​ល​។ ដែល​ការកំណត់ ទាំងនេះ មិនមែនជា​ការបំពាន សិទ្ធិ​ស្មើភាព​គ្នា ចំពោះមុខ​ច្បាប់​នោះទេ​៕/V​-PC