ដោយ​: ភ្នំ​ខៀវ / ប៉ៃលិនៈ ដំណាំ​ពោតក្រហម នៅក្នុង​ភូមិសាស្ត្រ ខេត្ត​ប៉ៃលិន ជិត ១.០០០ ហិកតា រង​ការប៉ះពាល់ ដោយ​ដង្កូវ​ហ្វូង ស៊ី​បំផ្លាញ​ដើម និង​ស្លឹក​។​

​ក្នុងចំណោម កសិករ​ជាច្រើន​នាក់ លោក វ៉ាន់ ឃ​ន ដែល​រស់នៅក្នុង​ភូមិសាស្ត្រ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានលើកឡើង​ដូចៗ​គ្នា​ថា​÷ ដំណាក់​ដែល មាន​ទឹកភ្លៀង ធ្លាក់​គ្រប់គ្រាន់ ចុងក្រោយ​នេះ បានធ្វើ​ឲ្យ​ដំណាំ ពោតក្រហម របស់​ពួកគាត់ មានការ​លូតលាស់​ល្អ ប៉ុន្តែ​ស្រាប់តែ លេចមុខ នូវ​សត្វ​ដង្កូវ​ហ្វូង ចេញមក​ស៊ី​បំផ្លាញ​ស្លឹក និង​បណ្តូល​ដើម នាំ​ឲ្យ​ប៉ះពាល់ អស់​ជាច្រើន​ហិកតា ដោយ​កសិករ​ខ្លះ ប្រើ​ថ្នាំពុល​បាញ់ ១​លើក ជា​២​លើក នៅតែ​មិនអាច​ទប់ស្កាត់បាន រហូត​ចុងក្រោយ បាន​ផ្តល់ព័ត៌មាន ដល់​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​អន្តរាគមន៍ ជួយសង្គ្រោះ​។​

​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន បានបញ្ជាក់ ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ ២០២១​នេះ​ថា​÷ ក្នុង​ការចុះ​ពិនិត្យមើល​ផ្ទាល់ ដល់​ចម្ការ រយ​:​ពេល ២​ថ្ងៃ​មកនេះ លោក​បាន​ណែនាំ ឲ្យ​បងប្អូន​ប្រជាកសិករ ទាំងអស់ ត្រូវ​ចុះ​តាមដាន និង​អង្កេត​មើល ដំណាំ​ពោត របស់ខ្លួន ឲ្យ​បាន​ជាប់​ជាប្រចាំ និង​ត្រូវ បាញ់ថ្នាំ កំចាត់​សត្វល្អិត ឬ​ដង្កូវ​ឱ្យបាន ទាន់ពេលវេលា​។ ម្យ៉ាងទៀត ពេល​ឃើញ សត្វ​ដង្កូវ កំពុងស៊ី​បំផ្លាញ​លើ​ដំណាំ​ពោត ត្រូវ​ប្រើ​ថ្នាំពុល ប្រភេទ​ជ្រាបចូល ទៅខាង ក្នុង​ដើម ដើម្បី​ជាតិ​ថ្នាំពុល ជ្រួតជ្រាប លុះ​សត្វ​ដង្កូវ វា​ស៊ី​បណ្តាលឱ្យ​ពុល ងាប់​តែម្តង ផ្ទុយទៅវិញ បើ​កសិករ មិនបាន​យល់​ពី របៀប​ប្រើប្រាស់​ថ្នាំពុល​នោះទេ នោះ​មិន​ងាយ​នឹង កំចាត់​ដង្កូវ​ឡើយ​។​

​លោក​ប្រធាន​មន្ទីរ បាន​ឲ្យ​ដឹង​បន្ថែមថា​÷ ការកើតឡើង នូវ​សត្វ​ដង្កូវ​ហ្វូង នៅពេលនេះ វា​បាន​ស៊ី​បំផ្លាញ ដំណាំ ពោតក្រហម របស់​កសិករ ប៉ះពាល់​ប្រមាណ​ជា ៨០០ ហិកតា បណ្តាល​ឲ្យ​រង​ការខូចខាត​។ ដង្កូវ​ដែល​បាន ស៊ី​ដំណាំ​ពោត កសិករ​នេះ ជា​ប្រភេទ​សត្វ ដង្កូវ​ហ្វូង​ថ្មី ទើបតែ​ឆ្លង​មកពី​ប្រទេស​ឥណ្ឌា តាមរយ​:​សត្វ​មេអំបៅ មួយ​ប្រភេទ វា​ជា​ប្រភេទ​សត្វ​ដង្កូវ ដែល​ពិបាក​កំចាត់ ដង្កូវ​ខាងលើនេះ ភាគច្រើន វា​ពួន​សម្ងំ នៅក្នុង​បណ្តូល ដើម​ពោត និង​សម្ងំ នៅក្នុង​ដី លុះ​ពេលយប់ ទើប​វា​ចេញមក​ស៊ី លើ​ដំណាំ​ពោត​តែម្តង ។​

​មធ្យោបាយ​មួយទៀត នៅពេល​បងប្អូន ប្រជាកសិករ ឃើញ​សត្វ​មេអំបៅ​ហើរ​ចូលក្នុង ចម្ការ ត្រូវ​រក​វិធី​ដេញ ឬ​ប្រើ​អន្ទាក់ ដើម្បី​ចាប់​មេអំបៅ​នោះ ចេញ​ជៀសវាង កុំឱ្យ​វា​ចុះ​ក្នុង បរិវេណ​ចម្ការពោត​៕/V​-PC