​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​បណ្តា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​កន្លែង​ដែល​ការទទួល​​បាន​វ៉ាក់សាំង​នៅមានកម្រិត​។​

​ខណៈ​បណ្តា​ប្រទេស​ភាគច្រើន​ស្ថិតនៅ​បន្ទាត់​ចាប់ផ្តើម​ដូច​គ្នា​នៅ​រលក​ដំបូង​នៃ​វីរុស​កូរ៉ូ​ណាក្នុង​ពេល​ដែល​ជំងឺរា​ត​ត្បា​តបាន​បំផ្លាញ​ពិភពលោក​ក្នុង​ឆ្នាំ ២០២០ ស្ថានភាព​ឥឡូវ​បាន​ផ្លាស់ប្តូរ​ចាប់តាំងពី​ពេលនោះមក​។​

​ក្នុងពេល​ដែល​គ្មាន​វ៉ាក់សាំង រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​មាន​ចំណូល​ទាប​និង​ខ្ពស់​បាន​ពិចារណា​លើ​អន្តរាគមន៍​ដែល​មិនមែន​ជា​ឱសថ​ស្រដៀង​គ្នា ដូចជា​ការបិទ​ខ្ទប់​និង​ការរក្សា​គម្លាត​សង្គម​។​

​លោក ដេវីដ ហ្វីដ​ត្ល័​រ ជា​មន្ត្រី​នៅ​ផ្នែក​សុខភាព​សកល​និង​សន្តិសុខ​តាម​អ៊ី​ន​ធឺ​ណេត​នៅ​ក្រុមប្រឹក្សា​ទំនាក់ទំន​ង​បរទេស​ក្នុង​សហរដ្ឋ​អាម៉េរិក បាន​ប្រាប់​វេបសាយ VnExpress ថា ឥឡូវនេះ​ដោយហេតុ​​ថា​ប្រទេស​អ្នកមាន​និង​អ្នក​ដែល​មាន​ការផ្គត់ផ្គង់​វ៉ាក់សាំង​ច្រើន​ដូចជា​ចិន​កំពុង​ជំរុញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​យ៉ាង​ខ្លាំងក្លា​”​អំឡុង​រយៈពេល​បន្ទាប់​ទៀត​នៃ​ជំងឺ​រាតត្បាត​នឹង​ស្តែង​ឱ្យឃើញ​ពី​ភាពខុស​​គ្នា​ឆ្ងាយ​នៅក្នុង​បណ្តា​ប្រទេស​ដែល​មាន​វ៉ាក់សាំង​និង​ប្រទេស​ដែល​ខ្សត់​វ៉ាក់សាំង​”​។​

​ជំងឺ​រាតត្បាត​ជា​សកល​ឥឡូវនេះ​បង្ហាញ​ពី​ភាព​ខុសប្លែកគ្នា​យ៉ាងខ្លាំង​រវាង​ប្រទេស​ដែល​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​យ៉ាង​ឈ្មុសឈ្មុល​និង​ប្រទេស​ដែល​មាន​វ៉ាក់សាំង​ទាប​ឬ​គ្មាន​វ៉ាក់សាំង​ដោយសារតែ​ខ្សត់​​ធនធាន​។ នៅ​ចក្រភព​អង់គ្លេស​និង​សហរដ្ឋ​អាម៉េរិក កន្លែង​ដែល​ប្រជាជន​បាន​ទទួល​វ៉ាក់សាំង​ក្នុង​អត្រា​ខ្ពស់​ការឆ្លង​វីរុស​កូរី​ដ​កំពុង​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ហើយ​ជីវិត​ទំនងជា​វិលត្រឡប់​មក​រក​សភាព​​ធម្មតា​វិញ​ឆាប់ៗ​។ រដ្ឋបាល​ចំណីអាហារ​និង​ឪ​សថ​កាលពីពេល​ថ្មីៗ​នេះ​បាន​អនុញ្ញាត​ឱ្យ​ប្រើ​វ៉ាក់សាំង Pfizer-BioNTech សម្រាប់​ក្មេង​អាយុ​ពី ១២ ទៅ ១៥ ឆ្នាំ​ដោយ​ជួយ​បង្កើន​លទ្ធភាព​ទទួលបាន​​វ៉ាក់សាំង​ដល់​ប្រជាជន​អាម៉េរិក​កាន់តែច្រើន​។​

​ឥណ្ឌា​ស្ថិតក្នុង​ស្ថានភាព​ខុសគ្នា​ទាំងស្រុង​។ រលក​ទី​ពីរ​នៃ​កូវី​ដ​១៩ ដែល​ជំរុញ​ការឆ្លង​ដោយ​វីរុ​សបំលែងខ្លួន​ឈ្មោះ B.1.617​បាន​ធ្វើឱ្យ​ប្រព័ន្ធ​សុខភាព​របស់​ឥណ្ឌា​ចុះខ្សោយ​ជាច្រើន​ខែ​បន្ទាប់​ពី​ការបិទ​​ខ្ទប់​ត្រូវបាន​បន្ធូរបន្ថយ​។ ប្រទេស​នៅ​អាស៊ី​ខាងត្បូង​មួយ​នេះ​បាន​កត់ត្រា​ករណី​ឆ្លង​ជាង ២៣ លាន​នាក់​និង​ស្លាប់​ចំនួន ២៥០.០០០ នាក់​ចាប់​តាំងពី​ការចាប់ផ្តើម​រលក​ទី​ពីរ​របស់​ខ្លួន​ជា​ផ្លូវកា​រហើយ​អ្នកជំនាញ​ជាច្រើន​អះអាងថា តួលេខ​ពិតប្រាកដ​គឺ​ខ្ពស់ជាង​នេះ​។​

​លោក តេ​ត្រូស អា​ដា​ណុ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូស អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​កត់សម្គាល់​កាលពី​ថ្ងៃ​ចន្ទ​ថា​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​មាន​ការកើនឡើង​យ៉ាង​ខ្លាំង​ទាំង​ករណី​ឆ្លង​​និង​ករណី​ស្លាប់ ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា​និង​ថៃ​។ នៅ​ថ្ងៃ​ដដែល​នោះ ម៉ាឡេស៊ី​ក៏​បាន​ប្រកាស​បិទ​ផងដែរ ពោលគឺ ២ ថ្ងៃ​បន្ទាប់ពី​កត់ត្រា​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​ចាប់តាំងពី​ខែ​មករា​​រីឯ​វៀត​ណា​ក៏​ហាក់​កំពុង​ទទួល​ការវាយប្រហារ​ជាថ្មី​ដោយកូវី​ដ​១៩​។​

​ក្រុម​អ្នកជំនាញ​និយាយថា អ្វី​ដែល​ប្រទេស​ទាំងនេះ​មាន​ដូច​គ្នា​គឺ​លទ្ធភាព​ទទួលបាន​វ៉ាក់សាំង​នៅមានកម្រិត រួមផ្សំ​ជាមួយ​ការពិត​ដែលថា​ពួកគេ​បាន​ទទួល​ជោគជ័យ​ដោយ​ផ្នែក​លើ​ជំងឺ​រាតត្បាត​ដោយ​សារ​តែ​គោល​នយោបាយ​បិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង ដោយ​ព្រមាន​ថា វីរុ​សបំលែងខ្លួន​នឹង​បន្ត​លេចឡើង​ប្រសិនបើ​ការរីក​រាលដាល​នៃ​កូវី​ដ​១៩​មិន​អាច​បញ្ឈប់​បាន​នៅតាម​បណ្តា​ប្រទេស​ដែល​ខ្សត់​វ៉ាក់សាំង​​នៅលើ​ពិភពលោក​។​

​វៀតណាម ដែល​ប្រជាជន​ខ្លួន​តែ ១ ភាគរយ​បាន​ទទួល​វ៉ាក់សាំង កំពុង​ប្រឈម​នឹង​រលក​ទី​បួន​នៃ​កូវី​ដ​១៩ ដោយ​មាន​អ្នក​ឆ្លង​ជិត ៧០០ នាក់​គិត​ចាប់តាំងពី​ចុង​ខែ​មេសា​។​

​លោក​ហ្វីដ​ត្ល័​រ​និយាយថា “​ប្រទេស​ជាច្រើន​ប្រឈម​មុខ​នឹង​បញ្ហា​ដ៏​គួរ​ឱ្យ​ភ័យខ្លាច ។

​វីរុ​ស​បំលែងខ្លួន​បាន​កើតឡើង​នៅពេលដែល​ប្រទេស​នានា​មិន​អាច​ទប់ស្កាត់​ជាប់​និង​កាត់ផ្តាច់​ខ្សែសង្វាក់​នៃ​ការចម្លង​វីរុស​បាន​។ ទោះ​យ៉ាងណា​បើ​គ្មាន​វ៉ាក់សាំង​ទេ​ការខូចខាត​ខាង​សេដ្ឋកិច្ច​និង​សង្គម​​ដែល​កើតឡើង​ដោយសារ​ការ​ធ្វើ​អន្តរាគមន៍​មិនមែន​ឱសថ នឹង​មិន​អាច​ទ្រទ្រង់​បានយូរ​ទេ​ដើម្បី​កាត់ផ្តាច់​ខ្សែសង្វាក់​វីរុស មាន​ន័យ​ថា​ប្រទេស​នានា​ត្រូវតែ​បន្ធូរបន្ថយ​វិធានការ​មិនមែន​ឱសថ​មុនពេល​​វីរុស​ត្រូវ​បាន​បង្ក្រាប​ដោយ​ប្រសិទ្ធភាព​”​។​

​លោក​និយាយថា “​ដូច្នេះ​វីរុស​កូរ៉ូណា​ដើម​និង​វីរុស​កូរ៉ូណា​បំលែងខ្លួន​នៅតែ​មាន​នៅ​ក្នុង​ចំណោម​ប្រជាជន​និង​បន្ត​រីក​រាលដាល ដោយ​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​នូវ​ការធ្វើអន្តរាគមន៍​មិនមែន​ឱសថ​” ដោយ​កត់សម្គាល់ថា ការបិទ​ខ្ទប់​ជា​ថ្មី​ទំនងជា​កើត​ឡើង​នៅ​ពេល​ដែល​ប្រទេស​ទាំង​នោះ​ខ្វះ​ឬ​គ្មាន​វ៉ាក់សាំង​។​

​អ្នកជំនាញ​ផ្នែក​ជំងឺ​រាតត្បាត លោក អេ​រិក ហ្វី​ហ្គ​លទីង​បច្ចុប្បន្ន​ជាសមា​ជិក​ជាន់ខ្ពស់​នៃ​សហព័ន្ធ​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក​និង​ជា​អតីត​សមាជិក​មហាវិទ្យាល័យ​និង​អ្នកស្រាវជ្រាវ​នៅ​សាលា​ជំនាញ​វេជ្ជសាស្ត្រ​​ហា​វឺ​ដ បាន​កត់សម្គាល់​ថា វីរុស​កូរ៉ូ​ណា​បំលែង​ថ្មី​នឹង​ជះ​ផល​ប៉ះពាល់​ដល់​កិច្ចប្រឹងប្រែង​ក្នុង​ការគ្រប់គ្រង​ជំងឺ​រាតត្បាត​នៅតាម​ប្រទេស​នានា​តាម​វិធី​ផ្សេងៗ​គ្នា​អាស្រ័យ​លើ​ប្រភេទ​នៃ​វីរុ​សបំលែងខ្លួន​។ វីរុ​សបំលែងខ្លួន​ខ្លះ​អាច​ចម្លង​រាលដាល​យ៉ាង​លឿន ឆ្លង​សាហាវ និង​មាន​អត្រា​ខ្ពស់​នៃ​ការឆ្លង​ម្តងទៀត​។ វ៉ាក់សាំង​ដែលមាន​ស្រាប់​ហាក់​មិនសូវ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ពួក​វា​ទេ​ហើយ​ពួក​វា​រឹតតែ​​ពិបាក​រកឃើញ​សូម្បីតែ​តាមរយៈ​ការធ្វើ​តេស្តិ៍ PCR ។​

​លោក​ហ្វី​ហ្គ​លទីង​និយាយថា “​យើង​មិនដឹង​ច្បាស់​អំពី​វីរុ​សបំលែងខ្លួន​រប​ស់​ឥណ្ឌា​ឬ​ក៏​កូន​វីរុស​បំលែង​របស់​វា​នោះ​ទេ​។ វា​អាច​នឹង​លេច​ធ្លាយ​តាមរយៈ​ការធ្វើ​ចត្តា​ឡីស័​កនៅ​ព្រំដែន​ប្រសិនបើ​វា​នៅតែ​ឆ្លង​​បាន​យូរ​ឬ​មាន​អាយុកាល​បង្កាត់​ពូជ​យូរ​”៕

​បុគ្គលិក​ពេទ្យ​កំពុង​បូជាសព​ជនរងគ្រោះ​ដោយកូវី​ដ​១៩​នៅ​ក្រុង​ញូវដេលី​កាលពី​ថ្ងៃទី​២៦​មេសា