ដោយ បូកគោ/កំពត: ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពតបានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីមូលដ្ឋានបង្កើនទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋដើម្បីជោគជ័យសម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ។ សារក្រើនរំលឹកនេះបានធ្វើឡើងក្នុងពីធីជួបសំណេះសំណាលជាមួយសកម្មជនមូលដ្ឋាននៃឃុំខ្ជាយខាងជើង ស្រុកដងទង់កាលពីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។

ថ្លែងក្នុងពិធីខាងលើ លោកជាវ តាយបានមានប្រសាសន៍ថាការងារសំខាន់នៅចំពោះមុខរបស់គណបក្សប្រជាជនកម្ពុជាគឺធ្វើយ៉ាងណាដណ្ដើមយកជោគជ័យឱ្យបានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣។ នេះជាជំហានបន្តឆ្ពោះទៅកាន់កិច្ចអភិវឌ្ឍប្រទេស និងបង្កើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនបំណងកែប្រែជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើងថែមទៀត។ លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពតបានបញ្ជាក់ថាដើម្បីសម្រេចបាននូវភាពជោគជ័យទាំងនេះ មន្ត្រីគណបក្សគ្រប់ថ្នាក់ត្រូវបង្កើនការយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចទាំងការងារគ្រប់គ្រងដឹកនាំក្នុងរចនាសម្ព័ន្ធបក្ស ទាំងគុណភាពការងារឱ្យកាន់តែខ្លាំងក្លាឡើង។ លើសពីនោះ ថ្នាក់ដឹកនាំ និងមន្ត្រីមូលដ្ឋានត្រូវបង្កើនទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋតាមរយ:បម្រើសេវាសាធារណ:ដោយការយកចិត្តទុកដាក់ក្នុងកិច្ចការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាវិធានការដោះស្រាយបញ្ហាប្រឈម សំណូមពរ ព្រមទាំងតម្រូវការក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលាប្រកបដោយមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះដែរ លោកជាវ តាយបានដោះស្រាយសំណូមពរប្រជាពលរដ្ឋដោយសម្រេចតភ្ជាប់បណ្ដាញអគ្គិសនីប្រវែងជាង ១.០០០ម៉ែត្រស្ថិតក្នុងភូមិកំរ៉ែងក្រសាំង ឃុំខ្ជាយខាងជើងនិងជួយកសាងផ្លូវលំមួយខ្សែប្រវែង១.៣០០ម៉ែត្រនៅភូមិព្រៃឃ្មុំ ឃុំខ្ជាយខាងជើង ស្រុកដងទង់នេះទៀតផង៕