ដោយៈតារារិទ្ធ/ភ្នំពេញ៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារខេត្តព្រៃវែងបាន ថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ មន្រ្តីមូលដ្ឋានស្រុកកំចាយមារដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវក្នុងការអនុវត្តវិធានការដាក់ចេញដោយ រាជរដ្ឋាភិបាល និង ដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ បានយ៉ាងល្អប្រសើរ ។
លោក ស្តើង សុខុម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារបានថ្លែងការកោតសរសើរនេះនៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីមូលដ្ឋានស្រុក កំចាយមារនាព្រឹកថ្ងៃទី ១៤ ខែ ឧសភា នៅសាលាស្រុកកំចាយមារ ។
ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង លោក ស្តើង សុខុម សម្ដែងនូវការ កោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់អស់លោកទាំងអស់នៅមូលដ្ឋានស្រុកកំចាយមារក្នុងការធ្វើសកម្មភាពនានាបម្រើឱ្យផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋពិសេសគឺការចូលរួមទាំងកម្លាំងកាយចិត្តនិងថវិកាផ្ទាល់ខ្លួនរួមចំណែកដល់ការបំរើឲ្យសកម្មភាពទប់ស្កាត់មិនឲ្យជំងឺកូវីដ១៩រីករាលដាលនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ។
បើតាមលោក សឿង សុជាតិ អភិបាលស្រុកកំចាយមារបានឲ្យដឹងថា៖ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈស្រុកកំចាយមារគិតត្រឹមពាក់កណ្តាលខែឧសភានេះ មានអ្នកកើតជម្ងឺ កូវីដ១៩ ចំនួន ៩ នាក់ ស្រី ៨ នាក់ ដែលឆ្លងតាមរយៈកម្មករកម្មការិនីរោងចក្រកាត់ដេរមកពីរាជធានីភ្នំពេញ ។ ក្រោយពីសម្រាកព្យាបាលអ្នកជំងឺបានជាសះស្បើយចំនួន ៥ នាក់ និងបានឲ្យធ្វើចត្តាឡីស័កបន្តរយៈពេល ១៤ ថ្ងៃបន្តទៀត ។
លោក សឿង សុជាតិ បានឲ្យដឹងថាដើម្បីបង្កានិងទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩លោក ស្តើង សុខុម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំចាយមារ បានរៀបចំមណ្ឌលចត្តាឡីស័កតាមសាលារៀនគ្រប់ឃុំទាំង៨ ក្នុងស្រុកកំចាយមារ ។លោក សឿង សុជាតិ បានបន្តឲ្យដឹងទៀតថា៖បន្ទាប់ពីរាជរដ្ឋាភិបាលបាន បើកឲ្យមានការចរាចរណ៍ឆ្លងខេត្តឡើងវិញមានបងប្អូនប្រជាពលរដ្ឋវិលមកស្រុកកំណើតវិញជាបន្តបន្ទាប់ហើយស្រុកបានយកមកធ្វើចត្តាឡីស័កជារឿងរាល់ថ្ងៃសរុបចំនួន ១,៦៩៩នាក់ ស្រី ៧៧៨ នាក់ និងមកពីក្រៅប្រទេសចំនួន ៤០៣ នាក់ ស្រី៦៥ នាក់ ។
លោក ស្តើង សុខុម បានមានប្រសាសន៍លើកឡើងផងដែរពាក់ព័ន្ធសភាពការណ៍វិវត្តន៍ថ្មីៗនៃជម្ងឺកូវីដ១៩ ដោយលោកបានលើកឡើងថា កន្លងមកដើម្បីឆ្លើយតបឱ្យបានទាន់ពេល វេលាទៅនឹងការឆ្លងរាលដាលធ្ងន់ធ្ងរនៃជម្ងឺ កូវីដ-១៩ នៅក្នុង“ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១” រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និង ក្រុងតាខ្មៅខេត្តកណ្តាល ។ ការបិទខ្ទប់នេះបានជួយកាត់ផ្តាច់ការឆ្លងរាលដាលក្នុង ទ្រង់ទ្រា យធំនិងល្បឿនលឿននៃជម្ងឺនេះក្នុងសហគមន៍ក្នុងភូមិសាស្ត្របិទខ្ទប់ព្រមទាំងកាត់ផ្ដាច់ការឆ្លងរាលដាលនៃជម្ងឺនេះទៅតំបន់ផ្សេងទៀតនៅទូទាំងប្រទេស ជាពិសេសបាន បង្កលក្ខណៈដល់អាជ្ញាធរមានសមត្ថកិច្ចអាចខ្ទប់ការឆ្លងរាលដាលនៃជម្ងឺនេះឱ្យស្ថិតនៅដាច់ដោយដុំៗទៅតាមភូមិសាស្ត្រនិមួយៗ ។ មកដល់ពេលនេះស្ថានៅភាពកូវីដ ១៩ វាហាក់ ដូចជាមានភាពធូស្រាលបន្តិច ស្ថានភាពកំពុងស្ថិតនៅក្រោមការគ្រប់គ្រងបានដោយអត្រាឆ្លងមានការធ្លាក់ចុះជាបន្ដបន្ទាប់ ទោះបីថាយើងមិនអាចបិទបញ្ចប់នូវ ព្រឹត្តិការណ៍សហ គមន៍ ២០ កុម្ភៈបានតែយើងនឹងអាចកាត់បន្ថយការឆ្លងនិងការស្លាប់របស់ប្រជាពលរដ្ឋរបស់យើងបានមួយផ្នែកធំ។
លោកក៏បានជម្រាបបងប្អូនមន្រ្តីមូលដ្ឋានឲ្យដឹងទៀតថា៖រាជរដ្ឋាភិបាលមានគម្រោងចាក់វ៉ាក់សាំងដល់ប្រជាពល រដ្ឋដោយឥតគិតថ្លៃនិងដោយស្ម័គ្រចិត្តឲ្យបាន១០ លាននាក់ដោយបានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រយុទ្ធនា ការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូរឹង-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ២០ ២១»ដែលជាសមាសភាគគន្លឹះដ៏ចម្បងចូលរួមបប្រើឲ្យគោលបំណងនៃ“ការបង្កើតភាពស៊ាំសហគមន៍ទៅនឹងជំងឺកូវីដ-១៩នៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ហើយនៅក្នុងឆ្នាំ២០២១នេះរាជរដ្ឋាភិបា លគ្រោងចាក់វ៉ាក់សាំងសម្រាប់តំបន់អាទិភាពខ្ពស់និងតំបន់អាទិភាពមធ្យមដែលគ្រប់ដណ្តាប់លើរាជធានីខេត្តចំនួន ២៥ ស្មើនិង៧០ក្រុង/ស្រុកដែលមានចំនួនប្រជាពលរដ្ឋសរុប ប្រមាណ ៤,៩៤០,០០០ នាក់និងត្រូវការវ៉ាក់សាំងប្រមាណ ៩,៩ លាន ដូស ។
លោកក៏បានប្រាប់ទៅបងប្អូនមន្រ្តីមូលដ្ឋានស្រុកកំចាយមារទៀតថា៖រាជរដ្ឋាភិបាលកម្ពុជាក៏ដាក់ឲ្យអនុវត្តកម្ម វិធី«ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់»ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាបនិងជួបប្រឈមនឹងការលំបាកក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនិងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និង គ្រួសារដែលមានអ្នកឆ្លងជម្ងឺ កូវីដ-១៩និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១។
ជាមួយគ្នានេះលោកប្រធានក្រុមការងាររាជរដ្ឋាភិបាលក៏បានធ្វើការផ្តាំផ្ញើមន្រ្តីមូលដ្ឋានស្រុកកំចាយមារឲ្យបន្តអនុវត្តន៍វិធានការបីកុំ បីការពារ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកប្រធានក្រុមការងារបានសង្កត់ធ្ងន់ថា៖ សមត្ថកិច្ចត្រូវបន្តចាត់វិធានការអនុវត្ដច្បាប់ដ៏តឹងរឹងបំផុត ។ លោកក៏បានលើកទឹកចិត្តឲ្យយកចិត្តទុកដាក់ទៅលើការចរាចរណ៍របស់ប្រជាពលរដ្ឋមកក្នុងមូលដ្ឋាន តាមភូមិនានា តាមឃុំនានា ក្នុងស្រុកកំចាយមារ ដែលចេញពីទីក្រុងភ្នំពេញដោយត្រូវសាកសួរឲ្យបានច្បាស់លាស់ ពួកគាត់ចេញពីក្រុងភ្នំពេញពីតំបន់ណា និង ពិនិត្យមើលពីស្ថានភាពសុខភាពរបស់ពួកគាត់បើមានការសង្ស័យត្រូវបញ្ជូនទៅយកសំណាក និង ធ្វើចត្តាឡីស័កឲ្យបានទាន់់ពេលវេលាដើម្បីកុំឲ្យមានការចម្លងជម្ងឺនៅក្នុងភូមិ ឃុំ របស់យើង ។ នេះជាការពង្រឹងការគ្រប់គ្រងភូមិ ឃុំមានសុវត្ថិភាព។ជាមួយគ្នានេះលោក ស្តើង សុខុម ក៏បានលើកទឹកចិត្តឲ្យមន្រ្តីមូលដ្ឋានស្រុកកំចាយមារបន្តចុះធ្វើការផ្សយផ្សាយអប់រំប្រជាពល រដ្ឋឲ្យចូលរួមអនុវត្តន៍វិធានការ សុខាភិបាល និង ការរស់នៅស្អាតនិងខិត្តខំបង្កបង្កើន ផលកសិកម្មដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន ។
នៅក្នុងឱកាសនោះដែរលោក ស្តើង សុខុម ក៏បានពាំនាំនូវអំណោយឧបត្ថម្ភ ជាស្បៀងអាហារ និង ថវិកា របស់សម្តេចក្រឡាហោម ស ខេង និង លោកជំទាវ ដែលរួមអង្ករចំនួន ៥តោន,ត្រីខ ៣២ កេស ,ម៉ាស់ ៣ កេស ,អាកុល ៣ កាន ,កុំព្យូទ័រ ១គ្រឿង,ព្រីនធ័រ១ គ្រឿង និងថវិកាមួយចំនួនជូនដល់រដ្ឋបាលស្រុកកំចាយមារធ្វើការបែងចែកទៅតាមមូលដ្ឋានឃុំទាំង៨ និងកងកម្លាំងមានប៉ូលីស ទាហាន អាវុធហត្ថស្រុក មន្ទីរពេទ្យបង្អែកនិងការិយ៉ាល័យ សុខាភិបាលស្រុកប្រតិបត្តិដើម្បីបំរើឲ្យការងារប្រយុទ្ធប្រឆាំងការរីករាលដាលនៃជម្ងឺកូវីដ១៩នៅក្នុងមូលដ្ឋាន ស្រុកកំចាយមារ ៕