ដោយ​: បាយ័ន / សៀមរាប​: រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស​សូម​ជម្រាបជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​មេត្តា​ជ្រាបថា​៖ ចំពោះ​ករណី​ពាក់ព័ន្ធ​នឹង​ក្រុមគ្រួសារ ស៊ា​ង គឹម​សាន ឈ្មោះ រិ​ទ្ធ គ​ន្ធី ឈ្មោះ ហួត រតនៈវត្ថុ និង​ក្រុមគ្រួសារ​ឈ្មោះ ស៊ុយ វិល រដ្ឋបាលខេត្ត​សម្រេច​បិទ​ខ្ទប់​តំបន់​មួយចំនួន​មុខ​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​បរិវេណ​ជុំវិញ​ផ្សារកណ្ដាល ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប និង​ទីតាំង​ផ្ទះ​ចំនួន​៩ កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១​។​

​ក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រុមការងារ​ជំនាញ និង​វិធាន​ច​ត្តា​ឡី​ស័ក បានធ្វើ​ឲ្យ​ករណីនេះ​បាន​វិល​ទៅរក​ភាពប្រក្រតី និង​ស្ថិតក្រោម​ការគ្រប់គ្រង ដូចនេះ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត សម្រេច​បើក​ការចេញ​-​ចូល ឬ​ដំណើរការ​ឡើងវិញ តំបន់​មួយចំនួន​មុខ​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​បរិវេណ​ជុំវិញ​ផ្សារកណ្ដាល ស្ថិតនៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប និង​ទីតាំង​ផ្ទះ អាជីវ​កម្មដ្ឋាន​ចំនួន​៩ ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ចាប់ពី​កាលបរិច្ឆេទ​ជូនដំណឹង​នេះ​តទៅ​។ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ត្រូវ​ដឹកនាំ​កម្លាំង​មាន​សមត្ថកិច្ច ចុះ​អនុវត្ត​ប្រកាស​បើក​ដំណើការ​ទីតាំង​ពាក់ព័ន្ធ​ដូច​មាន​តារាង​ជូន​ភ្ជាប់​។​

​រដ្ឋបាលខេត្ត សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន មេត្តា​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល និង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ៣ ការពារ (​ត្រូវ​ពាក់​ម៉ាស់ ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ឬ​ជែ​ល និង​ត្រូវ​រក្សា​គម្លាត​សង្គម​) ៣​កុំ (​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​-​ចូល កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ និង​កុំ​ប៉ះពាល់​គ្នា​)​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រដ្ឋបាល​ក្រុង​សៀមរាប ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ ចៅសង្កាត់ បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន មេត្តា​ជ្រាប និង​ចូលរួម​សហការ​អនុវត្ត​សេចក្តីជូនដំណឹង​នេះ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​