ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: កសិករដាំដំណាំឈើហូបផ្លែភ្ញៀវយថាផលថា ផលភ្ញៀវឆ្នាំនេះកើនឡើង លក់ក៏បានថ្លែជាងឆ្នាំមុន គឺឆ្នាំថ្លៃ៣.០០០រៀល/ ១គក្រ ដល់ឆ្នាំនេះ ថ្លៃ៤.០០០រៀល/ គក្រ។
ម្ចាស់ចម្ការឈ្មោះ ហម រ៉ាឌី បានប្រាប់កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១ថា៖ ខ្លួនមានដីចម្ការកេរឪពុកទំហំ១ហិកតា នៅក្រោយវត្តបុព្វសិលារាមភក្តនេស នៅភូមិអន្សមចេក ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ក្នុងចម្ការឈើហូបផ្លែនេះមានដាំដើមខ្នុរ ល្មុង កំពីងរាជ ដូង ស្វាយ ស្វាយខ្ទិះ ច័ន្ទម៉ាក់ប្រាង ម៉ាក់យ៉ុង។ ក្នុងនោះ ក៏មានដើមភ្ញៀវចំនួន៣៥ដើមផងដែរ។
លោក ហម រ៉ាឌី បានបន្តថា៖ ដើមភ្ញៀវនេះ មានអាយុ២០ឆ្នាំហើយ។ ដំបូង ដល់៥ឆ្នាំ ក៏បានផល។ ដើមនេះ បានសាកមែកដាំបន្ត ហើយមិនបានប្រើជីនិងថ្នាំឡើយ។ ហេតុនេះ ពេលទុំហើយ ក៏វាមានរសជាតិជូរអែម មិនផ្អែមដូចភ្ញៀវពីបរទេសដែលគេប្រើជីនិងថ្នាំគីមីឡើយ។ កសិករបានបន្តថា ក្នុងរយៈពេល១០ឆ្នាំ គឺលក់នៅតាមផ្សារនិងសាលារៀន បោះដុំក្នុងថ្លៃ៣.០០០រៀល/គក្រ ។ ក្នុងមួយដើមបានផលប្រមាណ១០០គក្រ។ ប៉ុន្តែដោយ៤-៥ឆ្នាំ ចុងក្រោយនេះ ដោយសារមានគេថតបង្ហោះតាមបណ្តាញសង្គម ទើបមានភ្លៀវមកមើល និងទិញភ្ញៀវដល់ចម្ការតែម្តង មិនបាច់បេះទៅលក់ក្រៅចម្ការទៀតឡើយ។
កសិករដដែលបន្តទៀតថា តាំងពីផលចម្ការបានផល ជីវភាពគ្រួសារប្អូនបានប្រសើរឡើង ជាងកាលប្អូនធ្វើតែស្រែមួយមុខ៕