ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ នៅចុងសប្តាហ៍នេះមានការប្រកួតបាល់ទាត់ក្នុងលីកអឺរ៉ុបធំៗទាំង៥ ដែលលីកនីមួយៗជិតឈានដល់បិទរដូវកាលហើយ ហើយម្ចាស់ជើងឯកក៏រកឃើញបណ្តើរៗហើយដែរ។ ដោយឡែកក៏មានការប្រកួត FA Cup វគ្គផ្តាច់ព្រ័ត្រផងដែរ។ យើងនឹងលើកយកពីរគូវិភាគជូនដូចខាងក្រោម ៖
– Chelsea vs Leicester
ខណៈក្រុមទាំងពីរនឹងប្រជែងគ្នាដណ្តើមចំណាត់ថ្នាក់កំពូលទាំង ៤ នៅ EPL ក្នុងប្រកួតជុំទី៣៧ តោខៀវ Chelsea និងកញ្ជ្រោងខៀវ Leicester ក៏នឹងប្រឹងលេងដាច់ជើងចោលនៅថ្ងៃសៅរ៍នេះដែរដើម្បីដណ្តើមពានរង្វាន់ប្រកបដោយកិត្យានុភាព FA Cup វគ្គផ្តាច់ព្រ័ត្រ។
ក្រុមតោខៀវបានស្តារជោគវាសនាប្រសើរឡើងវិញក្រោមការដឹកនាំរបស់លោក ថូម៉ាស់ ធូខល់ ។ ចាប់តាំងពីការមកដល់របស់គាត់ កីឡាករទាំងអស់លេងសមមូលគ្នាជាក្រុមតែមួយ ហើយជាពិសេសគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះក៏បានដឹកនាំតោខៀវឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ជាលើកដំបូងគិតចាប់តាំងពី ២០១២ ផងដែរ។
ភាពជឿជាក់គឺមានខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ក្រុមតោខៀវ Chelsea ហើយឥឡូវនេះពួកគេសល់ពេលតែ៩០នាទីទៀតប៉ុណ្ណោះពីឱកាសលើកពាន FA Cup។ យើងប្រាកដណាស់ថាតោខៀវនឹងបញ្ចេញក្បាច់ប្រយុទ្ធដ៏ល្អបំផុតរបស់ពួកគេប្រចាំរដូវកាលនៅឯកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍នេះ។
Chelsea ក៏កំពុងមានទម្រង់លេងឡើងកូដខ្លាំងផងដែរ ដូច្នេះឱកាសរបស់ពួកគេកាន់តែមានខ្ពស់ថែមទៀត។
ទន្ទឹមនឹងនេះ កញ្ជ្រោងខៀវគឺជាគូប្រជែងដ៏ស័ក្ដិសមបំផុតសម្រាប់តោខៀវ ប៉ុន្តែពួកគេខ្វះទម្រង់លេងល្អជាប់លាប់ពេញមួយយុទ្ធនាការប្រកួតឆ្នាំនេះ។ បញ្ហារបួសប្រហែលជាអាចដើរតួមួយផ្នែកនៅក្នុងរឿងនេះ ហើយដោយសារតែដូច្នេះហើយទើបពួកគេខកខានក្នុងការកសាងសន្ទុះលេងឱ្យថេរ ដែលជាការចាំបាច់សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
ដោយហេតុដូច្នេះហើយទើបក្រុមតោខៀវ Chelsea មានភាគរយឈ្នះខ្ពស់ជាងនៅចុងសប្តាហ៍នេះ។
* ចំណុចសំខាន់ៗរវាង Chelsea និង Leicester ៖
– ជួបគ្នាចុងក្រោយបំផុត Leicester ឈ្នះ ២-០។
– ៤ ប្រកួតជួបគ្នាចុងក្រោយមានគ្រាប់បាល់ស៊ុតចូលគ្នាច្រើន។
– កូនក្រុមរបស់លោកធូខល់ឈ្នះ ១២ ដងក្នុងចំណោម ១៥ ប្រកួតចុងក្រោយ។
* ព្យាករណ៍ ៖
ក្រុមតោខៀវកត់ត្រាជ័យជម្នះ ១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើក្រុម Manchester City ។ ក្នុងពេលនោះដែរ កញ្ជ្រោងខៀវកត់ត្រាជ័យជម្នះ ១-០ លើ Southampton ។
កូនក្រុមរបស់លោកធូខល់មិនដែលចាញ់ ២៦ ដងក្នុងចំណោម ៣០ ប្រកួតចុងក្រោយ ហើយពួកគេស៊ុតចូល ២ ឬច្រើនជាងនេះក្នុងចំណោម ៤ ប្រកួតចុងក្រោយ។ ពួកគេក៏រក្សាសំណាញ់ទីបានស្អាតចំនួន ៥ លើក្នុងចំណោម ៨ ប្រកួតចុងក្រោយផងដែរ។
ដោយឡែក Leicester មិនដែលឈ្នះសោះនៅ ៧ ប្រកួតក្នុងចំណោមការប្រកួតទាំងអស់ ១៤ លើកចុងក្រោយរបស់ពួកគេ ហើយកញ្ជ្រោងខៀវមិនត្រឹមរបូត ៦ គ្រាប់ពីការប្រកួត ២ លើកចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងមិនបានរក្សាសំណាញ់ទីបានស្អាតសូម្បីម្តងក្នុងការប្រកួត ៤ លើកចុងក្រោយរបស់ពួកគេផងដែរ។
ជាចុងក្រោយនិងសំខាន់បំផុតគឺ កូនក្រុមរបស់លោកប្រ៊ែនដាន់ រ៉ូជើ មានកំណត់ត្រាខ្សោយទល់នឹង Chelsea ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ដោយពិចារណាលើចំណុចទាំងនេះ យើងរំពឹង Chelsea ឈ្នះនៅថ្ងៃសៅរ៍នេះនៅឯកីឡដ្ឋាន Wembley ក្នុងលទ្ធផលព្យាករណ៍ ២-០។
– Juventus vs Inter Milan
ក្រុមសេះបង្កង់ Juventus មិនដែលស្ថិតក្រោមសម្ពាធខ្លាំងបែបនេះទេក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។ ពួកគេត្រូវការជ័យជម្នះដាច់ខាតដើម្បីធានាកៅអី CL របស់ពួកគេនៅរដូវកាលក្រោយ ហើយថ្ងៃសៅរ៍នេះពួកគេបែរជាត្រូវតតាំងជាមួយក្រុមពស់ធំ Inter Milan ដែលទើបគ្រងជើងឯក Serie A ថ្មីថ្មោង។ ក្រុមជើងឯកដែលកំពុងឡើងជើងខ្លាំងក្លាមួយនេះនឹងកេងចំណេញលើក្តីអស់សង្ឃឹមរបស់ Juventus។
រហូតមកទល់ពេលនេះ កូនក្រុមរបស់លោកអង់ដ្រេ ពែរឡូ ឈរនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាងពិន្ទុ ហើយនៅសល់តែ ២ ប្រកួតទៀតប៉ុណ្ណោះនឹងចប់រដូវកាល ហើយប្រសិនបើចាញ់ថ្ងៃនេះ ឱកាសប្រជែងកៅអី CL អាចនឹងបាត់បង់ ៩៩ ភាគរយ។
ក្រុមចំណាត់ថ្នាក់លេខ ៤ Napoli នៅសល់ ២ ប្រកួតទៀតងាយៗក្នុងដៃ ហើយក្រុមលេខ ២ Atalanta ក៏ដូចជាក្រុមលេខ ៣ AC Milan ត្រូវការឈ្នះតែ ១ លើកពីការប្រកួត ២ លើកចុងក្រោយរបស់ពួកគេនឹងធានាបានចំណាត់ថ្នាក់កំពូលទាំង ៤ ។
ស្ថិតិនេះបង្ហាញថា ជោគវាសនារបស់ Juventus គឺស្ថិតនៅលើដៃក្រុមដទៃ ជាពិសេសនៅលើដៃ Inter Milan នៅថ្ងៃនេះ ដែលក្នុងករណីស្មើឬចាញ់ ពួកគេត្រូវបន់ឱ្យក្រុមលេខ២, ៣ និង ៤ ចាញ់ប្រកួតដែលនៅសល់។ ប៉ុន្តែរឿងបែបនោះប្រហែលជាមិនអាចកើតឡើងទេ ហើយប្រសិនបើ Juventus ខកខានលេងនៅ CL ឆ្នាំក្រោយ វាក៏ជាបរាជ័យធំបំផុតមិនធ្លាប់មានសម្រាប់គ្រីស្ទាណូ រ៉ូណាល់ដូផងដែរ ដែលបានសន្យាជួយសេះបង្កង់លើកពាន CL ឱ្យបាននៅឆ្នាំក្រោយៗ។
ប្រាកដណាស់ សេះបង្កង់នឹងលេងដាច់ជើងចោលដើម្បីយក៣ពិន្ទុ។ ប៉ុន្តែកូនក្រុមរបស់លោក អង់តូនីញ៉ូ កុងតេ កំពុងមានទម្រង់អស្ចារ្យសម្បើមណាស់ ហើយពួកគេប្តេជ្ញាវាយបំបាក់ Juventus ឱ្យរាបដូចកន្ទេលតាំងពីដើមរដូវកាលមកម្ល៉េះ ដូច្នេះ Inter នឹងដាក់ឈុតធំវាយបំបាក់ជើងសេះបង្កង់មិនឱ្យមានឱកាសលេងនៅ CL នោះឡើយ។
Inter លេងថ្ងៃនេះដោយសប្បាយរីករាយនិងគ្មានសម្ពាធអ្វីទាំងអស់ ហើយរ៉ូណាល់ដូអាចនឹងខូចចិត្តនៅថ្ងៃនេះដោយសារតែពស់ធំ Inter។ លទ្ធផលព្យាករណ៍ ៖ Inter Milan ឈ្នះ ២-១៕
តារាងការប្រកួតបាល់ទាត់ ៖