Home ព័ត៌មានអន្តរជាតិ មាន​ការអំពាវន...

មាន​ការអំពាវនាវ​កាន់តែ​ច្រើន​ឡើង​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​ហ្គា​ហ្សា​និង​អ៊ីស្រាអែល​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖​ក្រុម​អ្នក​ការទូត​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​និង​បណ្តា​រដ្ឋមន្ត្រីការបរទេស​មូស្លីម​បាន​កោះប្រជុំ​ជាបន្ទាន់​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​ឧសភា​ដើម្បី​ទាមទារ​ឱ្យ​បញ្ឈប់​ការ​បង្ហូរឈាម​​ជន​ស៊ីវិល​ខណៈ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ធ្វើ​ការវាយប្រហារ​យ៉ាង​សាហាវ​បំផុត​ក្នុង​រយៈពេល​ជិត​មួយ​សប្តាហ៍​ជា​ឆ្លើយតប​នឹង​ការបាញ់​រ៉ុក្កែត​ឥត​ឈប់​ឈរ​ពី​ពួក​ហា​ម៉ាស​។​

​ប្រធានាធិបតី​ចូ បៃ​ដិន​មិន​ផ្តល់​សញ្ញា​ណាមួយ​អំពី​ការបង្កើន​សម្ពាធ​លើ​អ៊ីស្រាអែល​ដើម្បី​ឱ្យ​យល់ព្រម​មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់​នោះ​ទេ​បើទោះបីជា​មាន​ការអំពាវនាវ​ពី​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​​មួយចំនួន​ឱ្យ​រដ្ឋបាល​លោកបៃ​ដិន​ចូលរួមក៏​ដោយ​។ ឯកអគ្គរដ្ឋទូត​របស់​គាត់​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោកស្រី លីន​ដា ថូ​ម៉ា​សហ្គ្រីន​ហ្វៀល​បាន​ប្រាប់​កិច្ចប្រជុំ​កម្រិត​ខ្ពស់ជា​បន្ទាន់​របស់​ក្រុម​​ប្រឹក្សា​សន្តិសុខ​ថា សហរដ្ឋ​អាម៉េរិក​កំពុង “​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​តាមរយៈ​បណ្តាញ​ការទូត​” ដើម្បី​បញ្ឈប់​ការប្រយុទ្ធ​គ្នា​។​

​ប៉ុន្តែ​ខណៈ​ដែល​ការប្រយុទ្ធ​គ្នា​នៅ​អ៊ីស្រាអែល​និង​ហ្គា​ហ្សា​បាន​ឈាន​ដល់​កម្រិត​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​ឆ្នាំ ២០១៤ ហើយ​ការ​ថ្កោលទោស​ជា​អន្តរជាតិ​បាន​កើនឡើង រដ្ឋបាលបៃ​ដិនដែល​ប្តេជ្ញា​បង្វែរ​​គោលនយោបាយ​ការបរទេស​របស់​អាម៉េរិក​ចេញ​ឆ្ងាយ​ពី​មជ្ឈិមបូព៌ា​និង​អា​ហ្វ​ហ្គានី​ស្ថានបាន​បដិសេធ​មិនបង្កើន​ការទាមទា​រ​ជា​សាធារណៈ​ណាមួយ​លើ​អ៊ីស្រាអែល​ឱ្យ​យល់ព្រម​ចំពោះ​បទ​ឈប់​បាញ់​​ឬ​បង្កើន​ការចូលរួម​ផ្នែក​ការទូត​ស៊ីជម្រៅ​របស់​អាម៉េរិក​នោះឡើយ​។ ការអំពាវនាវ​ដោយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ឱ្យ​មេដឹកនាំ​ហា​ម៉ាស​របស់​តំបន់​ហ្គា​ហ្សា​និង​អ៊ីស្រាអែល​បញ្ឈប់​ការបាញ់ប្រហារ​មិន​​បង្ហាញ​សញ្ញា​នៃ​វឌ្ឍនភាព​នោះទេ​។​

​លោកស្រី​ថូ​ម៉ា​សហ្គ្រីន​ហ្វៀល​បានព្រមានថា​ការវិល​ត្រឡប់​ទៅ​រក​ជម្លោះ​ប្រដាប់អាវុធ​ឡើង​វិញ​នឹង​បាន​ត្រឹមតែ​យក​ដំណោះស្រាយ​រដ្ឋ​ពីរ​ដែល​បាន​ចរចា​ដាក់ចូល​ទៅក្នុង​ជម្លោះ​អ៊ីស្រាអែល​-​ប៉ាឡេ​ស្ទីន​ដែល​មាន​អាយុកា​លរាប់​ទសវត្សរ៍​ឡើងវិញ​ប៉ុណ្ណោះ​។ ទោះ​យ៉ាងណា​សហរដ្ឋ​អាម៉េរិក​ដែល​ជា​សម្ពន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់​អ៊ីស្រាអែល​រហូតមកទល់​ពេលនេះ​បាន​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​ជាច្រើន​ថ្ងៃ​របស់​ចិន ន័​រវែ​ស​​និង​ទុយ​នី​ស៊ី​ដើម្បី​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ រួម​ទាំង​ការអំពាវនាវ​ឱ្យ​បញ្ឈប់​នូវ​អរិភាព​។​

​នៅ​ប្រទេស​អ៊ីស្រាអែល លោក​ហា​ឌី អា​ម ជា​ឧបការី​រង​ដែល​បញ្ជូន​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក អាន​ថូ​នី ប្លីន​ខិន ដើម្បី​ព្យាយាម​កាត់បន្ថយ​ភាព​តានតឹង​បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អ៊ីស្រាអែល​លោក បេន​នី ហ្គាន ដែល​បាន​ថ្លែងអំណរគុណ​ដល់​សហរដ្ឋអាម៉េរិក​សម្រា​ប់ការ​គាំទ្រ​។​

​លោក​ប្លីន​ខិនផ្ទាល់​បាន​ធ្វើដំណើរ​កាលពី​ថ្ងៃ​អាទិត្យ​ទៅកាន់​បណ្តា​ប្រទេស Nordic ដោយ​មិន​មាន​ផែនការ​ឈប់​សំចត​នៅ​មជ្ឈិមបូព៌ា​ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​នោះឡើយ​។ លោក​បាន​អំពាវនាវ​ពី​យន្តហោះ​ទៅ​កាន់​ប្រទេស​អេ​ហ្ស៊ី​ប​និង​ប្រទេស​ដទៃ​ទៀត​ដែល​កំពុង​ធ្វើការ​ដើម្បី​សម្របសម្រួល​បទ​ឈប់​បាញ់ ដោយ​ប្រាប់​អេ​ហ្ស៊ី​បថា គ្រប់​ភាគី​ទាំងអស់​គួរតែ​កាត់បន្ថយ​ភាព​តានតឹង​និង​បញ្ឈប់​ការប្រើ​អំពើហិង្សា​៕

​បុរស​ម្នាក់​ដើរ​កាត់​គំនរ​បាក់បែក​ដែល​បំផ្លាញ​ដោយសារ​យន្តហោះ​អ៊ីស្រាអែល​នៅហ្គា​ហ្សា​កាលពី​ថ្ងៃទី​១៦​ឧសភា​

កងកាំភ្លើងធំ​អ៊ីស្រាអែល​បាញ់​ផ្លោង​ចូល​តំបន់​ហ្គា​ហ្សា​កាលពី​ថ្ងៃទី​១៦​ឧសភា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular