Home ព័ត៌មានជាតិ សង្គម មន្ត្រី​ជំនាញ...

មន្ត្រី​ជំនាញ​បច្ចេកទេស សុខាភិបាល រៀបចំ​ដំឡើង​ម៉ាស៊ីន PCR វិភាគ​រក​វីរុស COVID-19 និង​ឧបករណ៍ បរិក្ខារ​ពេទ្យ នៅ​មន្ទីរពេទ្យ​ប៉ោយប៉ែត​

ដោយ ៖ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖ មន្ត្រី​ចម្រុះ​ជំនាញ​បច្ចេកទេស សុខាភិបាល បាន​នឹង​កំពុង​រៀបចំ ដំឡើង ម៉ាស៊ីន PCR វិភាគ​រក​វីរុស COVID-19 និង​ឧបករណ៍ បរិក្ខារ​ពេទ្យ នៅ​មន្ទីរពេទ្យ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានអោយដឹង​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១​ថា​៖ លោក និង​ក្រុមការងារ បាន​ចូលរួម ដឹកនាំ និង​សម្របសម្រួល ជាមួយ អ្នកជំនាញ​បច្ចេកទេស មន្ទីរពិសោធន៍ មកពី​វិទ្យា​ជាតិ​សុខភាព​សាធារណៈ អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍ មីក្រូ​ជីវសាស្ត្រ រោគវិនិច្ឆ័យ (DMDP) ដើម្បី​រៀបចំ​ដំឡើង​ម៉ាស៊ីន PCR វិភាគ​រក​វីរុស COVID-19 និង​ឧបករណ៍ បរិក្ខារ​ពេទ្យ ផ្សេងទៀត នៅ​មន្ទីរពេទ្យ បង្អែក​ប៉ោយប៉ែត ។​

​លោក​បាន​បន្តថា​៖ បន្ទាប់​ដំឡើង និង​ការបណ្តុះបណ្តាល​ជំនាញ ដល់​មន្ត្រី​មន្ទីរពិសោធន៍​រួច និង​សាកល្បង ទទួលបាន​ជោគជ័យ​នោះ នៅ​ខេត្តបន្ទាយមានជ័យ នឹងមាន​សមត្ថភាព គ្រប់គ្រាន់ សម្រាប់​កា​វិភាគ​រក​វីរុស Covid-19 ដោយ​ខ្លួនឯង ក្នុង​ការងារ​គ្រប់គ្រង លទ្ធផល​សំណាក និង​ការឆ្លើយតប បន្ទាន់​ក្នុង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ឲ្យ​មាន​ប្រសិទ្ធ​ខ្ពស់ ។​

​សូម​រំលឹកថា កាលពី​រសៀល ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ច្រកព្រំដែន​តំបន់​ណង​ព្រឺ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​ថៃ (​ថៃ​កាៈ Thai International Corporation Agency: TICA) តាមរយៈ​រដ្ឋបាល និង​មន្ទីរ​សុខាភិបាល ខេត្ត​ស្រះកែវ ប្រទេស​ថៃ បានផ្ដល់​អំណោយ រថយន្ត​គិលានសង្គ្រោះ ១​គ្រឿង និង​សម្ភារៈប្រើប្រាស់ និង​បរិក្ខារ​ពេទ្យ ជូន​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត និង​មន្ទីរពេទ្យ​ខេត្ត មិត្តភាព កម្ពុជា ជប៉ុន មង្គល​បូរី ។​

​លោក កៀត​ទិ​ស័ក ច័ន្ទ​ត្រា អភិបាលខេត្ត​ស្រះកែវ តំណាង TICA , លោក ថា​រុន វីរៈ​សែន​ស៊ុ​ង ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ស្រះកែវ និង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ត្រីរាជការ​ស៊ីវិល ជំនាញ​សុខាភិបាល កងកម្លាំង​យ៉ាងច្រើន បាន​ចូលរួម​ក្នុង​ពិធី​នោះ ។​

​លោក ថា​រុន វីរៈ​សែន​ស៊ុ​ង បាន​ថ្លែងថា​៖ យោង​អនុស្សរណៈ​យោគយល់​គ្នា រវាង​ក្រសួងសុខាភិបាល​ថៃ និង​កម្ពុជា ចុះ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ បានកំណត់​អនុវត្ត នូវ​គម្រោង​ជាច្រើន នៃ​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​២ និង​បណ្តា​ខេត្ត​ជាប់​ព្រំដែន ។ ក្នុងនោះ នាពេលនេះ ទីភ្នាក់ងារ​ថៃ​កា (TICA) បានផ្តល់​កញ្ចប់​ថវិកា ចំនួន ១,៣៤៥ លាន​បាត​ប្រាក់​ថៃ សម្រាប់​ទិញ​សម្ភារៈ ប្រើប្រាស់ និង​បរិក្ខារ​ពេទ្យ សម្រាប់​ផ្តល់ជូន​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី និង​ថវិកា ២,៥ លាន​បាត​ទៀត សម្រាប់​ទិញ​រថយន្ត​គិលានសង្គ្រោះ ១​គ្រឿង និង​បំពាក់​បរិ​ធាន​ពេទ្យ ផ្តល់ជូន​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular