ដោយ: ម៉េងឆៃ / ភ្នំពេញ: ទីបំផុតអតីតអនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំមបានដាក់លិខិតស្នើ សុំសិទ្ធិធ្វើនយោបាយឡើងវិញហើយកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ លិខិតដាច់ដោយឡែករបស់លោក ប៉ុល ហំម និងថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់ទៀត ឈ្មោះ ផាន់ ច័ន្ទសាក់ ដែលជាសហមេធាវីការពារលោកកឹមសុខា បានដាក់ចូលក្រសួងមហាផ្ទៃរួចហើយកាលពីថ្ងៃទី១៧ ខែឧសភា។
លោក ប៉ុល ហំម (រូបកណ្តាល ,រូបឯកសារ)
ក្នុងលិខិតគោរពជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងកម្មវត្ថុសំណើសុំ លើកបំរាមសិទ្ធិនយោបាយដើម្បីផ្តល់នីតិសម្បទាឡើងវិញ លោក ប៉ុល ហំម បានលើកឡើងថា «ខ្ញុំបាទ ប៉ុល ហំម អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលកំពុងស្ថិតនៅក្នុងការហាមឃាត់ មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល ៥ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤០ (ឆ) ករណីគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ ដោយផ្អែកតាមមាត្រា ៤៥ថ្មី (ស្ទួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឲ្យអ្នកដែលត្រូវបានហាមឃាត់ មិនឲ្យធ្វើសកម្មភាពនយោបាយ អាចទទួលបាននីតិសម្បទា ធ្វើនយោបាយឡើងវិញ។ ដូចនេះ ខ្ញុំបាទសូមស្នើសុំសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យតាមនីតិវិធី ដើម្បីផ្តល់នីតិសម្បទា ធ្វើនយោបាយឡើងវិញដល់រូបខ្ញុំ ដោយក្តីអនុគ្រោះ»។
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានចេញ ព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នាផ្តល់នីតិសម្បទាឲ្យអតីតអ្នកនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ ចំនួន ៧នាក់ មានសិទ្ធិធ្វើនយោបាយឡើងវិញ រួមមាន៖ ១-លោក យ៉ែម បុញ្ញឫទ្ធិ ២-លោក មុត ចន្ថា ៣-លោក ជុំ ច័ន្ទដារិន ៤-លោក ទួត យឿត ៥-លោក ឡាត់ លិតេយ្យ ៦-លោក ឡុង គឹមឃន និង៧-លោកស្រី យង់ ផាន់ណេត។
គិតត្រឹមថ្ងៃទី១៨ ខែឧសភានេះ មានអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ២២នាក់ហើយ ត្រូវបានព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យដាច់ដោយឡែកពីគ្នា ត្រាស់បង្គាប់ផ្តល់នីតិសម្បទាឲ្យធ្វើនយោបាយ ឡើងវិញ ក្រោយពីអ្នកទាំងនោះ ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំតាមអំណាចសាល ដីការបស់តុលាការ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលបានសម្រេចរំលាយអតីតគណបក្សសង្គ្រោះជាតិ។ ការហាមឃាត់នោះ មានអ្នកនយោបាយចំនួន ១១៨នាក់។
អ្នកនយោបាយក្នុងអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញចំនួន ២២នាក់ រួមមាន៖ ១-លោក គង់ គាំ ២-លោក គង់ បូរ៉ា ៣-លោក ស៊ីម សុវណ្ណនី ៤-លោក ច័ន្ទ សិលា ៥-លោក រៀល ខេមរិន្ទ ៦-លោកស្រី ទេព សុទ្ធី ៧-លោក កង គឹមហាក់ ៨-លោក ជីវ កត្តា ៩-លោក សុន ឆ័យ ១០-លោក តាវ គឹមឈន ១១-លោក វ៉ា សាម៉ុន ១២-លោក ស៊ុន សុភ័ក្រ ១៣-លោកស្រី លី ស្រីវីណា ១៤-លោក អ៊ូ ច័ន្ទរ័ត្ន ១៥-លោក ថាច់ សេដ្ឋា ១៦-លោក យ៉ែម បុញ្ញឫទ្ធិ ១៧-លោក មុត ចន្ថា ១៨-លោក ជុំ ច័ន្ទដារិន ១៩-លោក ទួត យឿត ២០-លោក ឡាត់ លិតេយ្យ ២១-លោក ឡុង គឹមឃន និង២២-លោកស្រី យង់ ផាន់ណេត។
អ្នកនយោបាយ ដែលបានស្នើសុំ និងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ចុងក្រោយនេះជាអ្នកជំនិតនឹង លោកកឹមសុខា ដូចជា លោក អ៊ូ ច័ន្ទរ័ត្ន លោក យ៉ែម បុញ្ញឫទ្ធិ និងលោក មុត ចន្ថា ជាដើម។ នៅពេលនេះទៀត គឺលោកប៉ុលហំមដែលជាអ្នកនយោបាយចាស់វស្សាជាមួយលោកកឹមសុខាតាំងពីនៅអតីតគណបក្សប្រជាធិបតេយ្យរបស់លោកតាសឺនសាន ចូលរួមការបោះឆ្នោត កាលពីឆ្នាំ១៩៩៣។
នៅពេលលោកកឹមសុខា ឈប់ធ្វើនយោបាយ នៅឆ្នាំ២០០២ មកបង្កើតអង្គការសិទ្ធិមនុស្ស ដែលមានឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏លោក ប៉ុល ហំម នេះឯង បានរួមជាមួយលោកកឹមសុខាដឹកនាំអង្គការសិទ្ធិមនុស្ស នោះ។ នៅឆ្នាំ២០០៧ ពេលលោកកឹមសុខា ចេញបង្កើតគណបក្សនយោបាយ ឈ្មោះថា គណបក្សសិទ្ធិមនុស្ស ក៏លោកប៉ុលហំម រួមដៃជាមួយលោកកឹមសុខា ធ្វើនយោបាយនៅក្នុងគណបក្សសិទ្ធិមនុស្ស។
រហូតដល់លោកកឹមសុខា និងលោកសមរង្ស៊ី រួមគ្នាបង្កើតគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១២ ក៏លោកប៉ុលហំម បន្តដើរតាមលោកកឹមសុខា ធ្វើនយោបាយ ក្នុងនាមគណបក្សសង្គ្រោះជាតិ។ ជាងនេះទៅទៀតនៅពេលលោក កឹមសុខា ត្រូវបានជ្រើសតាំងជាប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ លោក ប៉ុល ហំម ក៏ត្រូវបានជ្រើសតាំង ជាអនុប្រធានគណបក្សសង្គ្រោះជាតិ ដោយមានអនុប្រធាន ២រូបទៀត គឺលោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ដែលជាភាគីខាងលោកសមរង្ស៊ី។ ពោលគឺលោកប៉ុលហំម ជាមនុស្សសំខាន់ទី២ បន្ទាប់ពីលោកកឹមសុខា។
នៅពេលនេះ ក្រុមជំនិតរបស់លោក កឹម សុខា បានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ កាន់តែច្រើន។ស្ថានការណ៍ នេះ សបញ្ជាក់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំងលោកកឹមសុខា ខ្លួនឯងផង កុំតែជាប់បណ្តឹងនៅតុលាការក្នុងសំណុំរឿង ក្បត់ជាតិទេ កុំអី លោកកឹមសុខា ក៏នឹងស្នើសុំសិទ្ធិធ្វើនយោបាយដូចគ្នាដែរ។
នៅពេលនេះ អ្នកនយោបាយខាងលោកកឹមសុខា បានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើតចូលរួមការបោះឆ្នោតឃុំ សង្កាត់ នៅខែមិថុនាឆ្នាំក្រោយ មុននឹងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣។ ជម្រើសមានច្រើន អាចថាក្រុមអ្នកស្និទ្ធ នឹងលោកកឹមសុខា ចេញមកត្រួសត្រាយផ្លូវ រៀបចំបក្សនយោបាយឲ្យហើយ ពេលនេះ តាមរយៈការបង្កើតបក្សថ្មីមួយ ឬក៏យកបក្សចាស់ ដែលជាសមិទ្ធផលរួមគ្នារបស់លោកកឹមសុខា លោកប៉ុលហំម លោក យ៉ែម បុញ្ញឫទ្ធិនិងថ្នាក់ដឹកនាំ ដទៃទៀត គឺគណបក្សសិទ្ធិមនុស្ស ហើយចាំឱកាសជិតដល់ការបោះឆ្នោត មានការប្រែប្រួល អាចលោកកឹមសុខា មកដឹកនាំបក្ស ចូលរួមការបោះឆ្នោត។
ប៉ុន្តែនៅពេលខាងមុខ ទោះបីជាលោកកឹមសុខា អាចវិលមកធ្វើនយោបាយឡើងវិញ ឬក៏មិនអាចក៏ដោយក៏អតីត អ្នកស្និទ្ធនឹងលោកកឹមសុខា នៅពេលនេះ រួមមាន លោក ប៉ុល ហំម លោក យ៉ែម បុញ្ញឫទ្ធិ និងលោកមុតចន្ថា ជាដើម ក៏នៅតែអាចធ្វើនយោបាយតាមរយៈការបង្កើតគណបក្សថ្មីឬក៏អាចទៅធ្វើនយោបាយក្នុងគណបក្សសិទ្ធិមនុស្សឡើងវិញ ដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០២២ រួមទាំងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៣។
តែបើថា គាស់ខ្មោចអតីតគណបក្សសង្គ្រោះជាតិ ឲ្យរស់ឡើងវិញ គឺមិនអាចនោះឡើយ។ ជាង ជិត ៤ឆ្នាំហើយ តាំងពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល ខណៈដែលក្រុមលោកសមរង្ស៊ី នៅក្រៅប្រទេសមិនអាច វិលត្រឡប់មកជួយអ្វីបានក្រៅតែពីបង្កើតជាបទល្មើសបន្ថែមនិងជាប់បណ្តឹងច្រើនទៅៗនៅតុលាការក្នុងស្រុកឯណេះថែម ទៀតនោះទេ។ ក្រុមលោកសមរង្ស៊ី និងក្រុមលោកកឹមសុខា ដែលមួយនៅក្រៅស្រុក និងមួយទៀត នៅក្នុងស្រុក ទាំងពីរក្រុមនេះ ដៃកាន់តែខ្លីទៅៗ ហើយក៏មើលមុខគ្នា លែងចំ និងមិនអាចចាប់ដៃ រួមគ្នាឡើងវិញ បានទេ។
មកដល់ពេលនេះ អតីតថ្នាក់ដឹកនាំ និងអតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិមួយចំនួនដែលទទួលបានសិទ្ធិ ធ្វើនយោបាយឡើងវិញ បានចូលរួមដឹកនាំ និងបង្កើតគណបក្សនយោបាយ ចំនួន ៤គណបក្សរួចមកហើយ រួមមាន៖ ១-លោក គង់ គាំ ឡើងជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ របស់កូនប្រុសពៅលោក ២-លោក រៀល ខេមរិន្ទ្រ បានបង្កើតគណបក្សខ្មែរអភិរក្សនិយម ៣-លោក ជីវ កត្តា និងលោក កង គឹមហាក់បានបង្កើតគណបក្សខ្មែរ ស្រលាញ់ជាតិ និង៤-លោក អ៊ូ ច័ន្ទរ័ត្ន បង្កើតគណបក្ស កែទម្រង់កម្ពុជា។
ដូច្នេះនៅពេលខាងមុខឆាប់ៗនេះ នឹងមានគណបក្សថ្មី ឬក៏គណបក្សចាស់ដែលអ្នកនយោបាយទើបទទួលបានសិទ្ធិធ្វើ នយោបាយឡើងវិញ ក៏នឹងលើកទង់បក្ស ចូលរួមប្រជែងការបោះឆ្នោតឃុំសង្កាត់ នៅខែមិថុនា ឆ្នាំ២០២២ រួមទាំងការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០២៣។ នេះជាសិទ្ធិនយោបាយ ដែលពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិធ្វើ នយោបាយ ក្នុងគណបក្សថ្មី ឬក៏ចូលរួមនយោបាយជាមួយគណបក្សណាមួយ ដែលខ្លួនពេញចិត្ត។ រាជរដ្ឋាភិបាល ក៏មិនបានរារាំង ឬជំទាស់ មិនឲ្យជនណាម្នាក់ បង្កើតគណបក្សនយោបាយនោះទេ ឲ្យតែបំពេញតាមលក្ខខណ្ឌ ដែលបានកំណត់តាមច្បាប់ស្តីពីគណបក្សនយោបាយ៕សរន