ដោយៈសុផល/ភ្នំពេញ:លោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូននិងជានាយកគម្រោង ផ្លូវជាតិលេខ១០ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសនិងតាមដានវឌ្ឍនភាពការងារ សាងសង់ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសនិងភាគី ពាក់ព័ន្ធផង។ខណៈនេះផ្លូវជាតិលេខ១០បាត់ដំបង-ពោធិ៍សាត់-កោះកុងសាងសង់បានបានជិត៥០ភាគរយហើយគិតត្រឹមពាក់កណ្តាល ខែឧសភានេះ។
ជាលទ្ធផលការសាងសង់ផ្លូវនេះសម្រេចបាន៤៨,៧៧ភាគរយហើយគិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២១ ហើយបច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំទោះបីកម្ពុជាកំពុងជួប ប្រទះនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក៏ដោយ។
លោករដ្ឋលេខាធិការ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបន្តយកចិត្តទុកដាក់លើកិច្ច ការងារសាងសង់ប្រកបដោយការទទួលខុសត្រូវខ្ពស់និងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និងចូលរួមអនុវត្តឱ្យបាននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារទាំងអស់គ្នាដើម្បីបញ្ជៀស ការឆ្លងជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០មានប្រវែង ១៩៧,៣៦ គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ហើយផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើ ក្រាស់ៗយ៉ាងស្រស់ស្អាត៕សរន