ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
លិឍ
(លិត ឬ ត. ទ. ស្រ. លឹត)
កិរិយាសព្ទ
(សំ. ឬ បា. <លិហ, ហ > ឍ ឬ ទ្ធ ) កេវ, កាវ, កោយដោយអណ្ដាត ឬផ្ដិតចុងអណ្ដាតលើអ្វីមួយ
លិឍបបូរមាត់, លិឍដៃ; លិទ្ធមើលឲ្យដឹងរស ។
លិខនកម្ម
(លិខ:ន៉:ក័ម)
នាមសព្ទ
(បា. ) ការសរសេរ, ការគូរវាស
ចិញ្ចឹមជីវិតដោយលិខនកម្ម ។
លិខិតគោចរ
នាមសព្ទ
លិខិតរបស់លោកចៅអធិការវត្តបញ្ជាក់បរិសុទ្ធិនៃភិក្ខុឬសាមណេរដែលចេញចរទៅកាន់ខែត្រដទៃតាមបញ្ញត្តិសម្រាប់ប្រទេសកម្ពុជា ដោយប្រយ័ត្នក្រែងមានបព្វជិតក្លែងក្លាយបន្លំថាខ្លួនជាអ្នកបួសបរិសុទ្ធ . . . ។
យីកេ
នាមសព្ទ
ឈ្មោះល្បែងមហោស្រពមួយប្រភេទ លេងស្រដៀងនឹងល្ខោន តែមានទះស្គរតូចខ្លះធំខ្លះបញ្ជើចជាមួយនឹងការច្រៀងរាំ, ស្គរទាំងនោះមានរាងមូលខ្លីៗ ដាសតែម្ខាង ( ហៅ លិកេ ក៏បាន ) ។
យក់
នាមសព្ទ
( ស. ហ្យក អ. ថ. ហ្យុក = យ៉ុក ) ឈ្មោះថ្មកែវវិសេស មានសាច់រឹងម៉ដ្ឋខៃ ច្រើនតែមានសម្បុរ-សឬខៀវ ជារបស់មានតម្លៃ ពួកចិនច្រើនប្រើជាគ្រឿងអលង្ការ ប្រដាប់ត្រចៀកឬប្រដាប់ដៃ
ថ្មយក់ ឬកែវយក់, កងយក់ ។