ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តកំពត​បានរៀបចំ​ពិធី​ចាប់ឆ្នោត​យក​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​ចំនួន​៤​ដើម្បី​កំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​ក្រុង​បូកគោ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកក្កដា​ខាងមុខ​។​ការចាប់​ឆ្នោត​លេខ រៀង​នេះ​បានធ្វើ​ឡើង​នៅ​ទីស្នាក់ការ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តកំពត​កាលពី​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​។

​ការចាប់​ឆ្នោត​យក​លំដាប់​លេខ​រៀង​នេះ​គឺ​បន្ទាប់ពី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តកំពត​បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​របស់​គណបក្សនយោបាយ​ចំនួន ៤ ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៨​ខែឧសភា​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​បាន​ឲ្យ​ដឹងថា​លទ្ធផល​នៃ​ការចាប់​ឆ្នោត​លំដាប់​លេខ​រៀង​ដែល​គណបក្ស នយោបាយ​នីមួយៗ​ទទួលបាន មាន​ដូចតទៅ ៖
– គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​លេខ​រៀង​ទី​១
– គណបក្ស​យុវជន​កម្ពុជា ទទួលបាន​លេខ​រៀង​ទី​២
– គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​លេខ​រៀង​ទី​៣
– គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន​លេខ​រៀង​ទី​៤

​គ​.​ជ​.​ប បាន​បញ្ជាក់ថា ការកំណត់​លំដាប់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត​នឹង​ជួយ​បង្កលក្ខណៈ ងាយស្រួល​ដល់​គណបក្ស​នយោបាយ​ពាក់ព័ន្ធ​ក្នុងការ​ឃោសនាបោះឆ្នោត​ហើយ​ជួយ​ឱ្យ​អ្នកបោះឆ្នោត​អាច​ស្គាល់​បាន​ដោយ​ងាយ​នូវ​លេខ​រៀង និង​ឈ្មោះ​គណបក្សនយោបាយ​ដែល​គាត់​ស្រឡាញ់​ពេញចិត្ត​។

​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្តកំពត ត្រូវ​បិទ​ផ្សាយ​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ដែល​បាន​ចាប់ឆ្នោត​រួចហើយ ក្នុង​រយៈពេល​យ៉ាងតិច ៤៥​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត យោងតាម​មាត្រា ២៦ នៃ​ច្បាប់បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​។​

​សូម​ជម្រាបជូន​ថា សមាជិក​ក្រុមប្រឹក្សា​ក្រុង​បូកគោ មាន​ចំនួន ១៣ រូប ហើយ​អ្នកបោះឆ្នោត ដែលជា​សមាជិក ក្រុមប្រឹក្សា​សង្កាត់ ក្នុង​មុខតំណែង មាន​ចំនួន ១៧ រូប មកពី​សង្កាត់​ចំនួន ៣ នៃ​ក្រុង​បូកគោ ៕សរន