សិស្ស​កំពុង​ឆ្លងស្ពាន​ឫស្សី ស្រាប់តែ​នៅ​សុខៗ​ទឹក​ទាញ​បាក់​ស្ពាន គួរឱ្យ​រន្ធត់​!!

1563
ចែករម្លែក

​នេះ​ជា​ទិដ្ឋភាព​គួរឱ្យ​រន្ធត់ ខណៈដែល​ស្ពាន​ឫស្សី​មួយ​ប៊ិះ​នឹងត្រូវ​ទាញ​យកទៅ​ទាំងស្រុង ស្របពេល​សិស្ស​ជាច្រើន​នាក់​កំពុង​ឆ្លងកាត់​វា​នៅក្នុង​ភូមិ​មួយ​ក្នុងប្រទេស​ឥណ្ឌា​។​

​វីដេអូ​បង្ហាញ ស្ត្រី​ម្នាក់ សិស្សសាលា និង​បុរស​វ័យក្មេង​ជាច្រើន​នាក់​កំពុង​ឆ្លងកាត់​ស្ពាន​ដ៏​គ្រោះថ្នាក់​នេះ នៅ​ភូមិ​ចា​ហ្គី​រ៉ូ​ត រដ្ឋ​អាសា​ម ខណៈដែល​ទន្លេ​កំពុង​ជន់​ជោរ ហូរ​នៅ​ខាងក្រោម​ស្ពាន​។​

​អ្នកខ្លះ​បាន​ឈប់​នៅ​កណ្តាល​ស្ពាន​ដើម្បី​លូកដៃ​ចូល​ទឹកទន្លេ មុនពេល​ស្ពាន​ត្រូវបាន​ទឹក​ទាញ​កាច់ កោង​នៅ​កណ្តាលទន្លេ​។​

​មួយសន្ទុះ​ក្រោយមក ផ្នែក​កណ្តាល​នៃ​ស្ពាន​បាន​ដាច់​ទាំងស្រុង ដោយ​លិច​ផ្នែក​ខ្លះទៅ​ក្រោម​ទឹក ខណៈដែល​ស្ពាន​ត្រូវបាន​ទាញ​ដោយ​ចរន្តទឹក​ដ៏​ខ្លាំងក្លា​។​

​បុរស​និង​ក្មេងប្រុស​ប្រហែល ១០ នាក់​បានរ​ត់ទៅ​ច្រាំង​រក​ប្រាស់​អាយុ ហើយ​ខណៈដែល​ភាគច្រើន​រត់​រួចខ្លួន គេ​ឃើញ​នៅសល់ ២ នាក់​ទៀត​កំពុង​តោង​ស្ពាន​ទាំង​ព្រលឹងចុងសក់​។​

​បន្ទាប់មក នៅ​ចុងស្ពាន​ម្ខាង​ទៀត​បាន​ដាច់ចេញពី​ច្រាំង ដោយ​ធ្វើឱ្យ​ស្ពាន​ហូរ​តាម​ខ្សែទឹក​។​

​ខណៈដែល​វីដេអូ​ជិត​ដល់​ចុងបញ្ចប់ គេ​ឃើញ​បុរស​ពីរ​នាក់​ជាប់​នៅលើ​ស្ពាន​ក្នុង​ចរន្តទឹក​ដ៏​ខ្លាំងក្លា ស្រប​ពេលដែល​អ្នកផ្សេង​ទៀត​ព្យាយាម​ជួយ​អ្នក​ទាំងពីរ​មក​ច្រាំង​វិញ​។​

​សំណាងល្អ អ្នក​ទាំងពីរ​ត្រូវបាន​ជួយសង្គ្រោះ ប៉ុន្តែ​ផ្នែក​ទាំងសងខាង​នៃ​ភូមិ​ត្រូវបាន​កាត់ផ្តាច់ ចាប់តាំងពី​ស្ពាន​បាន​ដាច់ ជាហេតុ​ធ្វើឱ្យ​អ្នកភូមិ​ម្ខាង​ទៀត​ជាប់​នៅ​ទីនោះ​។​

​រដ្ឋ​អាសា​ម​កំពុង​រង​នូវ​ភ្លៀង​ខ្លាំង​អំឡុង​រដូវ​មូសុង ជាមួយ​ភូមិ ១៧០ និង ប្រជាជន ៥៥.០០០ នាក់ រង​ផលប៉ះពាល់​ក្នុង​រដ្ឋ​មួយ​នេះ​៕

​ទិដ្ឋភាព​ដាច់​ស្ពាន​ឫស្សី​គួរឱ្យ​រន្ធត់​

ទីតាំងផ្សាយពាណិជ្ជកម្ម