ដោយៈមុនីរ័ត្ន/ភ្នំពេញៈ ប្រភពបានបញ្ជាក់ថានៅរសៀលថ្ងៃទី ១៨ ខែឧសភានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានជួបពិភាក្សា ការងារជាមួយលោក ឡេ ហាយជុង (Le Hoai Trung)ប្រធានគណៈទាក់ទង បរទេសថ្មីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមតាមប្រព័ន្ធវីដេអូ។កិច្ចប្រជុំនេះសំដៅរួមចំណែកពូនជ្រំនិងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពនិងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្សនិងប្រជាជននៃប្រទេសទាំងពីរដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរចំពោះលោក ឡេហាយជុងដែលត្រូវបាន ថ្នាក់ដឹកនាំនៃបក្សកុម្មុយនីស្តវៀតណាមតែងតាំងជាប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ នីស្តវៀតណាមដែលពិតជាបានឆ្លុះបញ្ចាំងនូវជំនឿជឿជាក់និងទំនុកចិត្តពីសំណាក់បក្សកុម្មុយនីស្តវៀតណាម មកលើបទពិសោធន៍ និងសមត្ថភាពដ៏ប៉ិនប្រសប់របស់លោកក្នុងកិច្ចការបក្សនិងរដ្ឋាភិបាលព្រមទាំងបានសម្ដែង សារជាថ្មីនូវអំណរសាទរដ៏កក់ក្តៅចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនីសវៀតណាម។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានអបអរសាទរចំពោះវៀតណាមដែលបានគ្រប់គ្រងដោយជោគជ័យ ជំងឺរាតត្បាតកូវីដ ១៩ ហើយសម្រេចបានកំណើតសេដ្ឋកិច្ចវិជ្ជមាននៅឆ្នាំ២០២០ខណៈដែលពិភពលោក ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរនិងឱនភាពខ្លាំង។លោកឧបនាយករដ្ឋមន្ត្រីក៏បានអបអរសាទរចំពោះវៀតណាមដែលបានបំពេញតួនាទីនិងអាណត្តិរបស់ខ្លួនប្រកបដោយជោគជ័យក្នុងនាមជាប្រធានអាស៊ាននិងក្នុងឋានៈជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕សរន