ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិនិង គណបក្សហ៊្វុនស៊ិនប៉ិចនឹងធ្វើការបង្រួបបង្រួមគ្នានៅពេលឆាប់ៗខាងមុខនេះ។បន្ទាប់ពីមានការរួបរួមជាថ្មីរួចក៏នឹងមានការចងជាសម្ព័ន្ធភាពដ៏ធំមួយជាមួយគណបក្សនយោបាយមួយចំនួនដែលទើបបង្កើតថ្មីដោយមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិដើម្បីចូលរួម ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២និងការចូលរួមបោះឆ្នោត តំណាងរាស្ត្រឆ្នាំ២០២៣។ គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះការបង្រួបបង្រួមគណបក្សរាជានិយមទាំងពីរ និងការចងសម្ព័ន្ធភាព ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ។

លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់អ្នកកាសែតថាលោកបានជួបពិភាក្សាជាមួយ ម្ចាស់ក្សត្រីយ៍ ម៉ារី រណឫទ្ធិ អំពីការបង្រួបបង្រួមរវាងគណបក្សខ្មែររួបរួមជាតិ ជាមួយគណបក្សហ៊្វុនស៊ិនប៉ិចនិង ពាក់ព័ន្ធសម្ព័ន្ធភាពចង់ឲ្យមានការបង្រួបបង្រួមគ្នាដែលកំពុងតែដំណើរការនិងពន្លឿនឲ្យការបង្រួបបង្រួមចេញឲ្យ បានឆាប់ ពីព្រោះសល់ពេលតែមួយឆ្នាំគត់ ដែលត្រូវចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ។

លោកបានបញ្ជាក់ថា “ដំណើរការពិភាក្សាគឺជាងមួយសប្តាហ៍ហើយ និងកំពុងតែសម្របសម្រួលក្បាលម៉ាស៊ីនដឹកនាំ នៅពេលដែលបង្រួបបង្រួមគ្នាហើយ ។ត្រង់ចំណុចនេះគឺមានសារសំខាន់ ហើយការពិភាក្សាគ្នា គឺបានដំណើរការទៅដោយរលូន ដូចជាមិនមានឧបសគ្គអ្វីទេ។ហេតុនេះនៅពេលឆាប់ៗខាងមុខ នេះ មិនយូរទេ យើងនឹងអាចចេញជារូបរាងមែនទែនហើយ។ការបង្រួបបង្រួមគ្នានេះដើម្បីឲ្យយើងបានចូលរួមក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងឈានទៅដល់ការចូលរួមបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខនេះ”។

លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា បន្ទាប់ពីការបង្រួបបង្រួមគ្នារវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច រួចហើយ គឺនឹងមានការចងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយមួយចំនួនក្នុងនោះមានទាំងអតីតគណបក្សប្រឆាំង មកចូលរួមផងដែរដើម្បីរួមគ្នាតែមួយក្នុងការចូលរួមការបោះឆ្នោតនៅឆ្នាំ២០២២និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា គណបក្សប្រជាជនកម្ពុជាស្វាគមន៍ចំពោះការបង្រួបបង្រួមរវាងគណបក្សរាជានិយមទាំងពីរ និងការចងសម្ព័ន្ធភាព ពីព្រោះការចងសម្ព័ន្ធភាពរវាងគណបក្សនិងគណបក្ស គឺមិនមានច្បាប់ហាមឃាត់ទេ។គឺគណបក្សអាចធ្វើសម្ព័ន្ធភាព ជាមួយគ្នាបាន។ លោកបញ្ជាក់ថា “វាអត់មានបញ្ហាអីទេ យើងក៏អត់មានការថ្នាំងថ្នាក់អីដែរធ្វើម៉េចឲ្យគាត់គោរពតាម គោលការណ៍ច្បាប់ហើយនិងសិទ្ធិនយោបាយរបស់គាត់ឲ្យបានត្រឹមត្រូវទៅយើងអត់មានជំទាស់អីទេយើងស្វាគមន៍”។

លោក សុខ ឥសាន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាចង់បានដៃគូរប្រកួតដែលមានសក្តានុពល និងស្វាគមន៍ការអនុវត្តសិទ្ធិនយោបាយរបស់គណបក្សទាំងពីរ ទាំងបីនោះ ដែលចងសម្ព័ន្ធភាពជាច្រើន៕សរន