ដោយៈមុនីរ័ត្ន/ភ្នំពេញ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជូនលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនដោយសម្តែងនូវការសាទរជូន ចំពោះរដ្ឋាភិបាលនិងប្រជាជនចិនក្នុងឱកាសដែលយានអវកាស«ស៊ូរ៉ុង»បានចុះចតដោយជោគជ័យលើភពព្រះអង្គារក្នុងបេសកកម្ម «ធានវិន-១» កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
(រូបថតឯកសារ)
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក ស៊ី ជីនពីង នៅថ្ងៃទី១៨ ខែឧសភានេះបានបញ្ជាក់ : ” តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដែលយានអវកាស «ស៊ូរ៉ុង»បានចុះចតដោយជោគជ័យលើភពព្រះ អង្គារ ក្នុងបេសកកម្ម «ធានវិន-១» កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១។នេះគឺជាសមិទ្ធផល ដ៏ធំធេងមួយ ទៀត ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនជាបន្តបន្ទាប់ក្នុងកម្មវិធីអាវកាសនិងការរុករកក្នុងលំហអវកាស របស់ចិន ” ។
សម្តេចតេជោបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថាសមិទ្ធផលដ៏ធំធេងនេះនឹងចូលរួមចំណែកដ៏ធំធេងដល់ការស្រាវជ្រាវវិទ្យាសាស្ត្រនៃបេសកកម្មក្នុងលំហអាកាសរបស់ចិនដែលនឹងផ្តល់ប្រយោជន៍ដល់ការអភិវឌ្ឍនិងការរុករកវិទ្យាសាស្ត្រ របស់ មនុស្សជាតិទាំងមូល។
សម្តេចតេជោ ហ៊ុន សែន ក៏បានសូមជូនពរលោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មានសុខភាពល្អ សុភមង្គល និង បន្តទទួលបានជោគជ័យក្នុងការដឹកនាំប្រទេសឱ្យបាន កាន់តែរុងរឿងថែមទៀត។
សូមជម្រាបថា យានអវកាសគ្មានមនុស្សលើកមួយរបស់ចិន បាន ចុះចត ដោយ ជោគជ័យ នៅ លើ ភព អង្គារ កាលពី ថ្ងៃ សៅរ៍ ទី ១៥ ឧសភា។ ព្រឹត្តិការណ៍ នេះ ធ្វើឱ្យ ចិន ក្លាយជា ប្រទេស ទី ២ បន្ទាប់ ពី អាមេរិក ដែលបញ្ជាយានចុះ នៅភពក្រហម ។
រំលឹកថា យាន ទម្ងន់ ៥ តោន នេះ បានចេញដំណើរ ពី កោះ ហៃណាន់ របស់ ចិន កាលពី ខែ កក្កដា ឆ្នាំមុន ហើយ ក្រោយធ្វើដំណើរអស់ជាង ៦ ខែ វា បានទៅដល់ភពក្រហមកាលពីខែកុម្ភៈ និង បានហោះក្រឡឹងជុំវិញ ចាប់តាំងពីពេលនោះមក ៕