ដោយះ សរិទ្ធ / ភ្នំពេញ៖ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. យករថយន្ត មន្ទីរពិសោធន៍ចល័ត វិភាគនៅនឹងកន្លែង ដោយមានការសហការ ជាមួយអាជ្ញាធរខណ្ឌដង្កោ លើទីតាំងលក់អាល់កុល តាមអនឡាញ មួយកន្លែង ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។
ក្រោយពីពិនិត្យរួចហើយ លទ្ធផលចេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអាល់កុល ក្លែងក្លាយ ឬសារធាតុមេតាណុល ចំនួន ១៨៣ កាន ស្មើនឹង ៥.៤៩០ លីត្រ និងត្រូវបានរឹបអូសយក ទៅអនុវត្តតាមនីតិវិធីច្បាប់។
សូមរំលឹកថា អំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ “សហគមន៍២០កុម្ភៈ” អាល់កុលក្លែងក្លាយចំនួន ៤០.៦២៥លីត្រ ប្រមាណជាង ៤០តោនហើយ ត្រូវមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. បង្ក្រាបជាបន្តបន្ទាប់តាមបណ្តារាជធានី ខេត្តមួយចំនួន។
ទន្ទឹមនឹងនេះ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានអំពាវនាវ ដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផល អាល់កុលទាំងអស់ កុំយកសារធាតុ មេតាណុល បន្លំជាអាល់កុល លក់ជូនប្រជាពលរដ្ឋ។ សកម្មភាពនេះ មិនត្រឹមតែមិនអាចទប់ស្កាត់ ការចម្លងមេរោគ ឬបង្កផលប៉ះពាល់ដល់ សុខភាពអ្នកប្រើប៉ុណ្ណោះទេ ថែមទាំងនាំដល់ការប្រឈម ចំពោះច្បាប់ដល់ ខ្លួនថែមទៀតផង៕/V