ដោយៈ សុផល / ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១​នេះ បានទទួល​អំណោយ ថ្នាំ​បូរាណ​ចិន លាន​ហ័ ឈិន​វិ​ន ( LIANHUA Qingwen jiaonang) ចំនួន ២.០០០ ប្រអប់ ស្មើនឹង ៤៨.០០០ គ្រាប់ ពី​លោក ហ្វង ឈុន​ឈី​ង ប្រធាន​ក្រុមបច្ចេកទេស សាងសង់​ពហុកីឡាដ្ឋាន ជាតិ​មរតក​តេ​ជោ នៃ​ក្រុមហ៊ុន​វិស្វកម្ម​សំណង់​ចិន China State Construction Engineering Corporation Ltd (CSCEC) សម្រាប់​ប្រើប្រាស់ ក្នុងការ​ប្រយុទ្ធ ប្រឆាំងនឹង​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា ពិសេស​នៅ​មូលដ្ឋាន ខេត្តកំពង់ធំ​។​

​ថ្នាំពេទ្យ​ចិន LIANHUA Qingwen jiaonang នេះ មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល ជំងឺ​កូ​វីដ​-១៩ ដែលមាន​អាកា​រៈ ក្អក ផ្តាសាយ ក្តៅខ្លួន ហើយ​ការព្យាបាល​មាន​រយៈ ពេល​ពី ៧ – ១០ ថ្ងៃ​។ ថ្នាំពេទ្យ​នេះ ត្រូវបាន​ក្រសួងសុខាភិបាល នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន សម្រេច​ដាក់បញ្ចូល ក្នុង​ផែនការ​ព្យាបាល ជំងឺ​រលាក​សួត ប្រភេទ​ថ្មី (​ជំងឺ​កូ​វីដ​-១៩) ផងដែរ​។​

​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោក ហ្វង ឈុន​ឈី​ង ដែល​បានផ្តល់​អំណោយ ជា​ថ្នាំពេទ្យ​ដ៏​ថ្លៃថ្លា​នេះ ដែល​នេះ​បង្ហាញ​ពី​ទឹកចិត្ត ដ៏​សប្បុរស និង​ជាការ​ចូលរួមចំណែក​ជាមួយ​រាជ​រដ្ឋា ភិ​បាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់​ថាៈ លោក​នឹង​យក​អំណោយ ជា​ថ្នាំពេទ្យ​នេះ ប្រគល់ជូន អភិបាលខេត្ត​កំពង់ធំ សម្រាប់​ប្រើប្រាស់ ក្នុងការ​ព្យាបាល ជំងឺ​កូ​វីដ​-១៩ នៅ​មូលដ្ឋាន ខេត្តកំពង់ធំ​។​

​សូម​ជម្រាបជូន​ថា​៖ គិត​ត្រឹម​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១ ខេត្តកំពង់ធំ បាន​រកឃើញ អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១១៩ នាក់ (​ស្រី ៥៩​នាក់​) ក្នុង​នោះបាន​ព្យាបាល ជាសះស្បើយ ចំនួន ២៤​នាក់ (​ស្រី ១៥​នាក់​) និង​កំពុង​សម្រាក​ព្យាបាល ចំនួន ៩៥​នាក់ (​ស្រី ៤៤​នាក់​)៕/V​-PC