ដោយៈសុផល/ភ្នំពេញ៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ បច្ចេកវិទ្យា Zoom ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលដឹកនាំដោយ លោក ម៉ូវ ចរិយា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បី ពិភាក្សាប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣០ ។
ចក្ខុវិស័យនៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល គឺការលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ ឯកសារគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២១ – ២០៣០ បានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ០៥ គឺ (១) បទដ្ឋានគតិយុត្ត រដ្ឋាភិបាលឌីជីថល (២) ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (៣) សេវារដ្ឋាភិបាលឌីជីថល (៤) ការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល និង (៥) ភាពជាដៃគូរ វាងរដ្ឋនិងឯកជន។ ក្នុងការរៀបចំបទដ្ឋានគតិយុត្តរដ្ឋាភិបាលឌីជីថល មានវិធាន ការគោលនយោបាយចំនួន ០៣ និងផែនការ សកម្មភាពចំនួន ២៩ ដើម្បីរៀបចំច្បាប់ និងបទដ្ឋានគតិយុត្តចាំបាច់ ស្តង់ដាការងារដ្ឋបាល វិស្វកម្មសូហ្វវែរនិងប្រព័ន្ធព័ត៌មាន ឌីជីថល និងនិម្មាបនកម្មរដ្ឋាភិបាលឌីជីថល។ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នឹងត្រូវ បង្កើតដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក ដើម្បីសម្របសម្រួល រៀបចំ និងដឹកនាំរដ្ឋាភិបាលឌីជីថល។
ចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល មានវិធានការគោលនយោបាយចំនួន ០៤ និង ផែនការសកម្មភាពចំនួន ១០ ត្រូវបានរៀបចំឡើងដើម្បីកែលម្អហេដ្ឋា រចនាសម្ព័ន្ធព័ត៌មានជាតិ ដូចជា មជ្ឈមណ្ឌលទិន្នន័យជាតិនិងបណ្តាញតភ្ជាប់ ក្រសួង-ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានភស្តុភារកម្មប្រៃសណីយ៍ និងការចែក បញ្ញើគោលដៅចុងក្រោយ។
សម្រាប់សេវារដ្ឋាភិបាលឌីជីថល មានវិធានការគោលនយោបាយចំនួន ០៣ និងផែនការសកម្មភាពចំនួន ២២ ដើម្បីធ្វើបរិវត្តកម្មសេវារដ្ឋបាលផ្ទៃក្នុង (G2G) បរិវត្តកម្មសេវាសាធារណៈដើម្បីប្រជាពលរដ្ឋ (G4C) និងបរិវត្តកម្មសេវាសាធារណៈ សម្រាប់ធុរកិច្ច (G2B) ។ ទាក់ទងនឹងយុទ្ធសាស្ត្រជំរុញការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល មានវិធានការ គោលនយោបាយចំនួន ០៥ និងផែនការសកម្មភាពចំនួន ១៦ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពក្នុងការអភិវឌ្ឈ ការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធរដ្ឋាភិបាលឌីជីថលការរក្សាទុកធនធាន មនុស្សជំនាញឌីជីថល ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល។
ក្នុងឱកាសនៃកិច្ចពិភាក្សា ប្រតិភូក្រសួងទេសចរណ៍បានគាំទ្រទាំងស្រុងគោល នយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១ – ២០៣០ នេះ ព្រោះវាគឺជា មធ្យោបាយបម្រើឱ្យគ្រប់វិស័យ ពិសេសការលើកទឹកចិត្តដល់ធុរកិច្ចថ្មីឌីជីថល ដែលកម្ពុជាបាន និងកំពុងឈានទៅយុគ្គសម័យបដិវត្តន៍ឧស្សហកម្ម ៤.០ ដែលវិស័យទេសចរណ៍បាននិងកំពុងប្រើប្រាស់ឌីជីថលសម្រាប់ការផ្សព្វផ្សាយ គោលដៅទេសចរណ៍ក៏ដូចជាការចុះបញ្ជីអាជ្ញាប័ណ្ណទេសចរណ៍តាមប្រព័ន្ធ អនឡាញផងដែរ៕/PC