ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងពង្រឹង និងបង្កើនសមត្ថភាព ស្តុកទឹកអាងខ្ពបត្របែក ធ្វើបានប្រមាណជា ៧៥ ភាគរយ នៃគម្រោង ដែលអនុវត្តដោយ នាយកដ្ឋានវិស្វកកម្ម នៃ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ។

តាមការផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញ ឱ្យឃើញថា គម្រោងពង្រឹង និងបង្កើនសមត្ថភាព ស្តុកទឹករបស់ អាងខ្ពបត្របែក ស្ថិតនៅឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ  សម្រាប់ បញ្ចា លទឹកទៅជួយដល់ស្រុកអង្គរជ័យ ខេត្តកំពត តាមរយៈ ប្រឡាយកោះក្អែក មានចម្ងាយជាង ២៥ គីឡូម៉ែត្រ និងទីរួមខេត្តតាកែវ តាមរយៈ ប្រឡាយ ៣៣ មកដល់ថ្ងៃទី១៩ ខែឧសភា ក្រុមការងារសម្រេចស្តារឡើងវិញ ទំនប់អាងទឹកខ្ពបត្របែក បានលទ្ធផល ៧៥ ភាគរយ នៃគម្រោងហើយ។

ការងារដែលអនុវត្ត នៅក្នុងគម្រោង ខាងលើនេះ រួមមាន ការស្តារឡើងវិញ ទំនប់អាងទឹកខ្ពបត្របែក ប្រវែង ២.៦០០ ម. ជួសជុលសំណង់បង្ហៀរ ចំនួនមួយកន្លែង សាងសង់សំណង់ទ្វារទឹក (ទ្វារ២) ចំនួនមួយកន្លែង និងជួសជុលសំណង់លូជ្រុង (ទ្វារ១) ចំនួនបីកន្លែង ។

ក្រសួងធនធានទឹក បានបញ្ជាក់ នៅក្នុងការផ្សាយរបស់ខ្លួនថាៈ ឆ្នាំកន្លងមក ទំនប់អាងទឹកខ្ពបត្របែក មិនអាចស្តុកទឹក សម្រាប់ស្រោចស្រពបាន តាមតម្រូវការ នៅលើផ្ទៃដីបង្កបង្កើនផល ដែលមានស្រាប់ទេ  ដោយសារទំនប់អាង មានសភាពចាស់ទ្រុឌទ្រោម ធ្វើឲ្យការស្តុកទឹក បានតិច ដោយសារការហូរច្រោះដាច់ច្រើន កន្លែងមក ពីគ្រោះទឹកជំនន់រដូវវស្សា។

ក្នុងមួយឆ្នាំៗ ក្រុមការងារតែងតែធ្វើការបិទ ផ្ទិត ២ ដង ទៅ ៣ ដង ជាហេតុតំរូវឱ្យធ្វើការពង្រឹង និងពង្រីកទំនប់អាងទឹក ខ្ពបត្របែក នេះឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋ រស់នៅ ក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រើប្រាស់ សម្រាប់ការងារ បង្កបង្កើនផលកសិកម្ម ៕/V-PC