ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅថ្ងៃនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំឧត្តមមន្ត្រី និងមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ាន ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Zoom Conference)អំពីសសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ។
កិច្ចប្រជុំនេះធ្វើឡើង តបតាមការអញ្ជើញរបស់ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ។
កិច្ចប្រជុំអន្តរក្រសួងក្រោមសសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលមាន រដ្ឋមន្ត្រី ឧត្តមមន្ត្រី និងមន្ត្រីជំនាញ តំណាងស្ថាប័នចំនួន ១៥ក្រសួងចូលរួម ដើម្បីពិគ្រោះពិភាក្សាអំពីសេចក្ដីសម្រេចចុងក្រោយ នៃការរៀបចំឯកសារទស្សនទាន ចំណុចអាទិភាព និងគំនិតផ្ដួចផ្ដើមនានា ក្នុងដំណើរការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ៕