ដោយ: គ្រញូង / បាត់ដំបង: មន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត ដោយចោទ ពីបទក្លែងបន្លំ ធ្វើជាគ្រូពេទ្យ ធ្វើសកម្មភាពចូលលួច ទូរស័ព្ទ និងទ្រព្យសម្បត្តិផ្សេងៗ របស់ អ្នកជំងឺ និងគ្រូពេទ្យ ស្ទើរតែរាល់យប់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក សូ ឌី ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានដ្ឋាន កងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថាៈ ជន សង្ស័យ មានឈ្មោះ សូ ភារិទ្ធ អាយុ ២៨ ឆ្នាំ នៅភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។ ជននេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនបាន កាលពីវេលារំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៧ ឧសភា ខណៈជននេះ បង្ហាញខ្លួន នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោកប្រធានមន្ទីរ បានបន្តថាៈ ជននេះ បានបន្លំខ្លួនធ្វើជាគ្រូពេទ្យ ដើរពិនិត្យអ្នកជំងឺ តែពេលយប់ស្ងាត់ ហើយធ្វើសកម្មភាពលួចទូរស័ព្ទដៃ និងទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ របស់រអ្នកជំងឺ និងគ្រូពេទ្យ ហើយលើកចុងក្រោយអស់ល័ក្ខ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ស្រាវជ្រាវចាប់ខ្លួនបាន ហើយនាំទៅសាកសួរ នៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត។
លោក សូ ឌី បានឲ្យដឹងថាៈ ជនរងគ្រោះ មានឈ្មោះ ឈិន សុផារ៉ា ភេទស្រី អាយុ២៣ឆ្នាំ។
គួររំលឹកឲ្យដឹងថា កន្លងមក នៅក្នុងមន្ទីរពេទ្យខេត្ត មានអ្នកជំងឺ និងគ្រូពេទ្យមួយចំនួន តែងតែបាត់ ទូរស័ព្ទដៃ និងទ្រព្យសម្បត្តិ ជាញឹកញាប់ ពិសេសពេលយប់ជ្រៅ។
លោកសូ ឌី បានបញ្ជាក់ថា យោងតាមរូបភាព ដែលថតបាន ក្នុងកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅ តាមអគារនានា នៃមន្ទីរពេទ្យ បានបង្ហាញរូបចោរនោះច្បាស់ ទើបសមត្ថកិច្ច ធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនតែម្តង។
លោក មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ក្រោយពេល ជនសង្ស័យ ឆ្លើយសារភាព រួចមក លោកបានបញ្ជាឲ្យកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕/V