ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សមត្ថកិច្ចបានធ្មក់ចូលបង្ក្រាបនៅក្នុងទីតាំងខុនដូមួយកន្លែងដែលកំពុងតែសាងសង់និងឃាត់ ខ្លួនជនបរទេសចម្រុះជាតិសាសន៍ និងជនជាតិខ្មែរសរុប ៤៥នាក់ ដែលបានប្រមូលផ្តុំគ្នាផឹកស៊ីនិងរកឃើញសារធាតុញៀន មួយចំនួនដែរ។

ការបង្ក្រាបនេះបានធ្វើឡើងនៅក្នុងអគារខុនដូមួយកន្លែងស្ថិតនៅខាងក្រោយមន្ទីរពេទ្យរបេងជាប់ផ្លូវលេខ៩៥ កែងផ្លូវ លេខ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ប្រាប់រស្មីកម្ពុជានៅល្ងាចថ្ងៃ ទី១៩ ខែឧសភានេះថា នៅក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤៥នាក់ ចម្រុះជាតិសាសសន៍ ក្នុងនោះមានដូចជា ជនជាតិចិន ចំនួន ២៦នាក់ , ជនជាតិវៀតណាមចំនួន៧នាក់ , ជនជាតិកូរ៉េចំនួនមួយនាក់ , ជនជាតិម៉ាឡេស៊ី ចំនួនមួយនាក់ និងជនជាតិខ្មែរចំនួន ១០នាក់។សមត្ថកិច្ចបានរកឃើញសារធាតុញៀនមួយ ចំនួនផងដែរ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថ“យើងបានឃាត់ខ្លួនយកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យើងធ្វើតាមនីតិវិធី កំពុងតែរង់ចាំ និងអនុវត្តតាមវិធានសុខាភិបាលដើម្បីធ្វើតេស្តមនុស្សទាំង ៤៥នាក់ ដើម្បីរកកូវីដ១៩ ជាជំហានដំបូងសិន។ នៅពេលចេញលទ្ធផលតេស្តកូវីដ គឺធ្វើតេស្តរកសារធាតុញៀនមួយតង់ទៀត ។បន្ទាប់ពីនេះទើបយើងធ្វើការសាកសួរ និងរកម្ចាស់ទីតាំង? អ្នកណាមេការ?។ គឺយើងនឹងអនុវត្តទៅតាមនឹងទៀត”។

អ្នកនាំពាក្យបានបន្តថាទីតាំងដែលបង្ក្រាបគឺជាអគារខុនដូមួយដែលកំពុងតែសាងសង់មិនទាន់ហើយ។ដូច្នេះហើយពួកគាត់ បានច្នៃធ្វើជាបន្ទប់ពីរបីបន្ទប់ដូចជាក្លិប ហើយមានការជួបជុំគ្នាដោយសមត្ថកិច្ចបានធ្វើការបង្ក្រាបកាលពីយប់វេលា ម៉ោងប្រមាណជា ១២ និងប្រតិបត្តិការរួចរាល់នៅម៉ោងជាងមួយរំលងអធ្រាត្រ៕រសន