ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងចាត់វិធានការ ធ្ងន់ជាងមុន ក្នុងរយៈពេល ១ សប្តាហ៍ទៀតនេះ ពោលគឺមិនលើកលែង ចំពោះអ្នកដែលល្មើសនឹងបំរាមគោចរ និងអ្នកដែលលួចចេញ ពីតំបន់លឿងទុំ ដែលអាជ្ញាធរបានបិទខ្ទប់ឡើយ ដោយអ្នករត់ចេញត្រូវឃាត់ខ្លួន ផាកពិន័យ និងទទួលទោសទណ្ឌថែមទៀត។
នេះបើតាមការលើកឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ តាមរយៈ video conference ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១៩ ឧសភានេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សារកចំណុចល្អ និងចំណុចខ្វះខាត យកមកអនុវត្តបន្ត ក្នុងការអនុវត្តការងារបន្ត នៃការបិទខ្ទប់ តំបន់លឿងទុំ តាមខ្នងផ្ទះ តាមអគារ ឬនៅតាមខុនដូ ចាប់ពីថ្ងៃទី២០ ឧសភា រហូតដល់ថ្ងៃទី២៧ ឧសភា ខាងមុខនេះ ដើម្បីផ្តាច់ឫសគល់ ជម្ងឺកូវីដ-១៩ ។
លោក ឃួង ស្រេង បានលើកឡើងទៀតថា៖ ១សប្តាហ័ទៀត (ថ្ងៃទី២០ ដល់ថ្ងៃទី២៧ ឧសភា) ដែលយើងត្រូវអនុវត្តនេះ ជាទឹកចុងក្រោយហើយ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវតែម៉ឹងម៉ាត់ បើយើងគ្រប់គ្រងមិនបាន វានឹងវិលមករកចំណុចដើមវិញ នោះគឺចប់ហើយ ។ ចំពោះវិធានការបន្ត គឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ចំពោះបំរាមគោចរ ត្រូវឃាត់យានយន្ត ដែលធ្វើចរាចរណ៍ល្មើស ចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ភ្លឺ ទាំងអស់ មករក្សាទុក និងធ្វើការផាកពិន័យ ដោយមិនមាន ការអប់រំទៀតទេ ។
លោកបានបញ្ជាក់ថា៖ ការផាកពិន័យនេះ រដ្ឋបាលរាជធានី គ្មានចេតនាណាមួយ ចង់បានលុយ ពីការផាកនោះទេ រដ្ឋបាលរាជធានីភ្នំពេញ មានបំណងតែមួយគត់ គឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរ និងក្រសួងសុខាភិបាល ដើម្បីយើងអាចផ្តាច់បាន ជម្ងឺកូវិដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា៖ តើយើងអាចបើកផ្សាររដ្ឋ ទាំង ២៥ ឡើងវិញ ម្តេចនឹងកើតទៅ បើបងប្អូនប្រជាពលរដ្ឋ របស់យើងមួយចំនួន មិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួន ទៅតាមការណែនាំរបស់ អាជ្ញាធរ និងក្រសួងសុខាភិបាល ផងហ្នឹង ។ ដូច្នេះយើងគ្មានមធ្យោបាយ ដើម្បីនឹងបើកផ្សាររដ្ឋ ទាំង ២៥ នេះ ឱ្យដំណើរការឡើងវិញនោះទេ ក្នុង ១សប្តាហ៍ទៀតនេះ ។
លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរ និងកម្លាំងទាំងអស់ បន្តការផ្សព្វផ្សាយ ពីវិធានការ ការពាររបស់ ក្រសួងសុខាភិបាល ពិសេសការអនុវត្ត ៣ កុំ និង ៣ ការពារ ត្រូវតែបន្តអនុវត្តអោយ បានម៉ឺងម៉ាត់បំផុត ព្រោះថា បើយើងភ្លេចខ្លួនតែបន្តិច វានឹងមានបញ្ហា៕/V