ដោយ ៖ ប​.​ជ័យ / បន្ទាយមានជ័យ​៖ ដោយៈភ្នំ​ស្វាយ / បន្ទាយមានជ័យៈ កាលពី​ថ្ងៃទី​១៩ ខែ ឧសភា ឆ្នាំ ២០២១ នៅក្នុង​ពន្ធនាគារ​ផ្ទាល់​នា​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​មាន​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ព្រះរាជ​ក្រឹត្យ​បន្ធូរបន្ថយ​ទោស ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរកន្លង​មកដល់​ទណ្ឌិត​ដែល​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ ។​ពិធី​មានការ​អញ្ជើញ​ចូលរួម លោក គឹ​ង វណ្ណៈ អភិបាលរង​ខេត្តបន្ទាយមានជ័យ លោក​តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ។

ព្រះរាជក្រឹត្យ​បន្ធូរ​បន្ថយទោស​ដល់​ទ​ណ្ឌិ​ត​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ចំនួន​២៧​នាក់ (ស្រី​១​នាក់) ។ ក្នុងនោះបន្ធូរ​បន្ថយទោស​មាន​រយៈពេល​៣​ខែ​មាន​ចំនួន​១៧​នាក់​(ស្រី​១​នាក់)​ និង​រយៈពេល​៦​ខែ​មាន​ចំនួន​១០​នាក់ ។​

​លោក​ឧ​ត្ត​ម​អត្ថា​នុ​រក្ស​ថ្នាក់​លេខ​២ អ៊ុង ស៊ី​ផាន បាន​ឲ្យ​ដឹងថាបច្ចុប្បន្នជន​ជាប់ឃុំ​ក្នុង​ពន្ធ​គារ​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាក់ស្តែង​មាន​ចំនួន​១.៥៧៧​នាក់ (ស្រី​ចំនួន​៩៩​នាក់)​។ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​បាន​អនុវត្ត​នូវ​តួនាទី​ភារកិច្ច ភារកិច្ច​របស់ខ្លួន ដូចជា ១.ការអប់រំ​កែប្រែ​ស្ដា​និតិ​សម្បទា ,២. ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ, ៣.ការរក្សាសន្តិសុខ​សណ្ដាប់ធ្នាប់​នៅក្នុង​ពន្ធនាគារ,​៤.ការងារ​កសិកម្ម​សិប្ប​កម្ម ,៥.ការអភិវឌ្ឍន៍​ធនធានមនុស្ស និង​៦.ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​និង​ធានាបាន​លទ្ធផល​ល្អ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​លោក​គឹ​ង វណ្ណៈ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ បានបង្ហាញ​ពី​ការពង្រឹង​ការអនុវត្ត​ច្បាប់ ដោយ​ត្រូវតែ​នាំខ្លួន​ជន​មាន​ពិរុទ្ធ​និង​មានទោស​មក​ផ្ទ​ន្ទា​ទោសទៅតាម​ច្បាប់ ។​​ប៉ុន្តែ​លោក​ក៏​បង្ហាញ​សមានចិត្ត​ដែរដោយ​លោក​បាន​ផ្តាំផ្ញើរ​ដល់​អ្នក​ជាប់ឃុំ​ទាំងឡាយ​ត្រូវតែ​ចេះ​កែប្រែ​ខ្លួន ហើយ​អនុវត្ត​ការជាប់​ឃុំ​ទៅតាម​ការកំណត់​ទោសហើយនៅពេលណា​ផុត​រយៈកាល​ជាប់ទោស ហើយ​មាន​ឥស្សរភាព​វិញ ត្រូវតែ​ធ្វើខ្លួន​ឱ្យក្លាយ​ជា​ជាម​នុស្ស​ល្អ ពលរដ្ឋ​ល្អ​ឡើងវិញ​៕​សរន