​ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី ការ​រឹតបន្ដឹង​ការអនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់​ចំពោះ​បុគ្គល​ល្មើស​ស្របតាម​ច្បាប់​ស្ដីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​។​

​ក្នុង​សេចក្ដីជូនដំណឹង រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា កន្លងមក​ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​ជា​បន្តបន្ទាប់ ដូចជា កាតព្វកិច្ច​ពាក់​ម៉ាស​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​, បម្រាម​គោចរ​ចន្លោះ​ម៉ោង ២០ ដល់​ម៉ោង ៣ ទៀបភ្លឺ​, ផ្អាក​ការលក់​គ្រឿង​ស្រវឹង​, កំណត់​ការលក់ដូរ ជា​លក្ខណៈ​វេច​ខ្ចប់​, ផ្លាក​ដំណើរការ​ជា​បណ្តោះអាសន្ន​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀបរយ និង​ផ្លាក​រាល់​ការជួបជុំ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ជាដើម​។​

​ជាការ​កត់សម្គាល់ ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់ បាន​ចូលរួម​អនុវត្ត​វិធានការ​ខាងលើនេះ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ប៉ុន្តែ​ក៏​នៅមាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច មិនបាន​យកចិត្តទុកដាក់ និង​មានការ​ធ្វេសប្រហែស ជាពិសេស​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ស្របពេល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មាន​ភាព​ធូរស្រាល​បន្តិច យុវជន​-​យុវនារី​ខ្លួន បាន​បំពាន​វិធានការ ផ្អើ​នប​ម្រាម និង​មិន​ព្រម​ចូលរួម​សហការ​ឡើយ​។​

​ទោះបី​ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ជាគោលការណ៍​អនុវត្ត គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ តែងតែ​ប្រកាន់ខ្ជាប់​នូវ​វិន័យ ក្រមសីលធម៌ និង​ការអត់ធ្មត់​ខ្ពស់ ដោយ​ប្រើប្រាស់​យន្តការ​ផ្សព្វផ្សាយ និង​ការអប់រំ​។​

​ចំពោះមុខ ដើម្បី​ឈានទៅ​គ្រប់គ្រង​បាន​ទាំងស្រុង​នូវ ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាំបាច់​ត្រូវ​ជំរុញ​ការអនុវត្ត​វិធានការ​នានា ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ដោយ​ត្រូវ​រឹតបន្តឹង​ការអនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួមទាំង​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ចំពោះ​បុគ្គល​ល្មើស ដែល​បំពាន​វិធានការ​របស់​អាជ្ញាធរ​មូលដ្ឋាន ស្របតាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន ដោយ​គ្មាន​ការលើកលែង​ឡើយ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ក្តីសង្ឃឹម​ជឿជាក់ថា ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ជាពិសេស​យុវជន​-​យុវនារី​ទាំងអស់ នឹង​បន្ត​រួមគ្នា​អនុវត្ត​រាល់ វិធានការ​ចាំបាច់ ដែល​បាន​ដាក់ចេញ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការ​ឆាប់​វិលត្រឡប់​នៃ​ប្រក្រតីភាព​ជីវភាព​រស់នៅ និង​ដើម្បី​ចៀសផុត ពី​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ និង​ទោសពិន័យ​ជា​ប្រាក់​ចំពោះ ការបំពាន​វិធានការ​របស់​អាជ្ញាធរ​មូលដ្ឋាន ដូច​បាន​ជម្រាបជូន​ក្នុង​ខ្លឹមសារ នៃ​សេចក្តីជូនដំណឹង​នេះ ឱ្យមាន​ប្រសិទ្ធភាព​៕​