ដោយ:សុខុម/ស្ទឹងត្រែង:បុរសម្នាក់ទៀតបានធ្វើដំណើរពីខេត្តបន្ទាយមានជ័យមកខេត្តស្ទឹងត្រែងមានផ្ទុកវិជ្ជមានជំងឺកូវីដ១៩។នេះគឺជាករណីឆ្លងនាំចូលចំនួន៤នាក់គិតត្រឹមថ្ងៃទី ១៩ខែឧសភាឆ្នាំ ២០២១។

លោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធាមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង បានឱ្យដឹងថា បុរសម្នាក់ឈ្មោះគី គឹមរ៉ន អាយុ ៣៨ឆ្នាំដែលពាក់ព័ន្ធនឹងករណីវិជ្ជមានជំងឺកូវី១៩ លើ ឈ្មោះ គឹង សារិទ្ធ នៅភូមិក្បាលស្ពាន១ សង្កាត់ក្បាលស្ពាន១ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ឈ្មោះគី គឹមរ៉ន បានធ្វើដំណើរតាមរថយន្ដផ្ទាល់ខ្លួនពីខេត្តបន្ទាយមានជ័យមកដល់ខេត្តស្ទឹងត្រែងនៅយប់ថ្ងៃទី១៨ ខែឧសភា។ អ្នករួមដំណើរក្នុងរថយន្តជាមួយឈ្មោះគី គឹមរ៉ន ខាងលើនេះមានចំនួន៤នាក់ដោយធ្វើដំណើរពីខេត្តបន្ទាយមានជ័យមកឈប់ចុះទិញម៉ាស៊ីនកាត់ស្មៅនៅទីតាំងលក់មួយកន្លែងស្ថិតក្នុងស្រុកឆែបខេត្តព្រះវិហាររួចធ្វើដំណើរមកដល់គោល ដៅត្រួតពិនិត្យសុខភាពនៅជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងព្រះវិហារចំណុចស្រឡៅនឹងបន្តដំណើរឆ្ពោះរហូតដល់លំនៅឋាន ស្ថិត នៅភូមិខាំផាន់សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង ។ពេលមកដល់ផ្ទះនៅយប់នោះក៏មានពិធី ជប់លៀងមួយដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ចនគរបាលម្នាក់និងកងរាជអាវុធហត្ថម្នាក់ផងដែរ។

ក្រុមការងារជំនាញបានធ្វើការស្រាវជ្រាវស្វែងរកអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកជំងឺឈ្មោះគឹមរ៉នមានចំនួន ១២នាក់នឹងធ្វើតេស្ដវិភាគរកជំងឺកូវីដ១៩ដោយប្រើប្រាស់ឧបករណ៍តេស្តរហ័សជាលទ្ធផលអវិជ្ជមានទាំងអស់រួចបានដាក់ឲ្យធ្វើចត្តាឡឺស័កតាមវិធានសុខាភិបាល។អ្នកជំងឺខាងលើនេះបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងអគារព្យាបាលអ្នកជំងឺកូវីដ១៩ នៃមន្ទីរពេទ្យបង្អែកខេត្តរួមនិងអ្នកជំងឺកំពុងព្យាបាល ៣នាក់ទៀតដោយយកចិត្តទុកដាក់។
នេះគឺជាករណីឆ្លងនាំចូលចំនួន ៤ នាក់ហើយនៅខេត្តស្ទឹងត្រែង៕សរន