ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រសួង២គឺក្រសួងបរិស្ថាន និង ក្រសួងប្រៃសណីយ៍បើកកិច្ចប្រជុំរួមគ្នាមួយដើម្បីផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០។
កិច្ចប្រជុំនេះបានប្រព្រឹត្តិកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដោយមានលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាសមាជិកក្រុមការងារអន្តរក្រសួងបានដឹកនាំក្រុមការងារក្រសួងបរិស្ថានជួបប្រជុំពិភាក្សាតាមប្រព័ន្ធហ្ស៊ូមជាមួយក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដឹកនាំដោយ លោក ជុន វ៉ាត រដ្ឋលេខាធិការដើម្បីផ្តល់ធាតុចូលបន្ថែមលើសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០។
គួរបញ្ជាក់ថា គោលនយោបាយរដ្ឋាភិបាល ឌីជីថលនេះរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈកាន់តែប្រសើរ ដោយបានដាក់ចេញនូវវិធានការគោលនយោបាយអាទិភាពក្រមក្របខណ្ឌយុទ្ធសាស្ត្រចំនួន ៥ គឺ ១)បទដ្ឋានគតិយុត្តរដ្ឋាភិបាលឌីជីថល, ២)ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ៣)សេវារដ្ឋាភិបាលឌីជីថល, ៤)ការកសាងសមត្ថភាព កាតស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល និង ៥)ភាពជាដៃគូរវាងរដ្ឋនិងឯកជន៕