ដោយៈឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញៈ២០ ឧសភា ២០២១ៈបុព្វកថានៃអនុសញ្ញាស្តីពីការបង្ការនិងការផ្ដន្ទាទោសចំពោះបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍បានចែងថា“អំពើប្រល័យពូជសាសន៍ គឺជាឧក្រិដ្ឋកម្មមួយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិ” ប៉ុន្តែចាប់តាំងពី អនុសញ្ញា ប្រល័យពូជសាសន៍ត្រូវបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៤៩មក តើមានអំពើប្រល័យពូជសាសន៍ប៉ុន្មានហើយដែលបានកើតឡើង? តើអំពើប្រល័យពូជសាសន៍ ចំនួនប៉ុន្មានករណីត្រូវបានកាត់ទោសតាមច្បាប់ជាតិឬអន្តរជាតិ? ចាប់តាំងពីឆ្នាំ១៩៤៩មានអំពើប្រល័យពូជសាសន៍ចំនួន៣តែប៉ុណ្ណោះ(ប្រទេសកម្ពុជា បូស្នៀ និងរវ៉ាន់ដា) ដែលត្រូវបានយកទៅជំនុំជម្រះនៅក្នុងតុលាការអន្តរជាតិ។
រូបថតៈលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថានស្លឹករឹត។(បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
ប្រទេសកម្ពុជាបានបាត់បង់ប្រជាជនប្រមាណ២លាននាក់ក្នុងរយៈពេលតិចជាង៤ឆ្នាំ។ អស់រយៈពេល៤០ឆ្នាំបានកន្លងផុតទៅហើយចាប់តាំងពីការដួលរលំនៃរបបខ្មែរក្រហម និងសព្វថ្ងៃមានអ្នករស់រានមានជីវិតចំនួន៥លាននាក់។ អ្នករស់រានមានជីវិតភាគច្រើននៅតែបន្តតស៊ូ ជាមួយភាពភ័យរន្ធត់ដែលខ្លួនបានជួបប្រទះឬបានរងទុក្ខហើយផលប៉ះពាល់នៃរយៈពេលនោះបានជះឥទ្ធិពលដល់ជីវិតរបស់អ្នករស់រានមានជីវិតមិនត្រឹមតែ នៅក្នុងទម្រង់នៃការប៉ះទង្គិចផ្លូវចិត្តតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ថានភាពសុខភាពផ្លូវកាយ និងការរងរបួសនៅលើរាងកាយ ដែលនៅតែបន្តទទួលស្គាល់ជាសាធារណៈ តិចតួចបំផុតនិងមិនមានការគាំទ្រជាក់លាក់ដើម្បីទទួលបានសេវាកម្មថែទាំសុខភាព។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើតឡើងមិនត្រឹមតែដើរតួនាទីជាកន្លែងតម្កល់ឯកសារអំពីរបបកម្ពុជាប្រជាធិបតេយ្យធំបង្អស់នៅលើសកលលោកតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមវិភាគទានដ៏សំខាន់ដល់ការអប់រំអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានសហការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)នៅលើប្រធានបទនេះ។ ការងាររបស់យើង នៅតែបន្តដំណើរការទៅមុខជាលំដាប់ពីព្រោះសមាគមអាស៊ានទោះបីមានឈ្មោះជា សហគមន៍មួយ ប៉ុន្តែនៅមិនទាន់មានលក្ខណៈពេញលេញ និងរឹងមាំនៅឡើយទេ។
មជ្ឈមណ្ឌលឯកសារកម្ពុជា មើលឃើញថាការចងក្រងឯកសារនិងការអប់រំអំពីអំពើប្រល័យពូជសាសន៍ គឺជាកត្តាដ៏សំខាន់ ដើម្បីបង្ការនិងដោះស្រាយផលប៉ះពាល់នៃអំពើប្រល័យពូជសាសន៍ ប៉ុន្តែនេះគ្រាន់តែជាមួយផ្នែកតូចនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង។ នៅក្នុងឆ្នាំ២០២១ មជ្ឃមណ្ឌលឯកសារកម្ពុជា នឹងពង្រីកការងារដើម្បីរួមបញ្ចូលការគាំទ្រដល់ការថែទាំសុខភាព និងសុខុមាលភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងអនុវត្តសកម្មភាពដែលមានគោលបំណងជាក់លាក់ដើម្បីលើកកម្ពស់ការថែទាំសុខភាព និងសុខុមាលភាព ក៏ដូចជាធ្វើការចុះស្រាវជ្រាវនិងសកម្មភាពផ្សព្វ ផ្សាយដែលលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការតស៊ូរបស់អ្នករស់រានមានជីវិត។
គម្រោងដែលនឹងអនុវត្តទូទាំងប្រទេសមួយនេះ តំណាងឲ្យការបោះជំហានទៅមុខដែលមិនត្រឹមតែយកចិត្តទុកដាក់និងដោះស្រាយ នូវគម្លាតដ៏ធំនៅក្នុងការផ្ដល់សេវាកម្មថែទាំសុខភាព និងសុខុមាលភាពរបស់អ្នករស់រានមានជីវិតអំពីអំពើប្រល័យពូជសាសន៍តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្លាស់ប្តូរគំនិតនៃយុត្តិធម៌អន្តរកាលទៅជាការស្តារយុត្តិធម៌ឡើងវិញ។
ការស្តារយុត្តិធម៌ឡើងវិញគឺពឹងផ្អែកទៅលើការប្រើប្រាស់ឲ្យអស់ពីលទ្ធភាពនូវវិធីសាស្ត្រដែលចម្បង និងមានស្រាប់ ក៏ដូចជាការបង្កើតវិធីសាស្ត្រថ្មីៗ ដោយផ្អែកទៅលើសង្គមបច្ចុប្បន្នដែលកំពុងបន្តវិវឌ្ឍន៍ទៅមុខ។ មានសំណួរមួយអំពីវិធីសាស្ត្រចម្បង សម្រាប់ការលើកកម្ពស់ការទប់ស្កាត់ការកាប់សម្លាប់រង្គាល ចម្លើយរបស់ខ្ញុំគឺប្រជាជនគ្រប់រូប រួមទាំងអ្នកពាក់ព័ន្ធថ្នាក់ជាតិ និងស្ថាប័នផ្សេងៗ ដើរតួនាទីសំខាន់ដូចគ្នាក្នុងការសម្រេចបាននូវការផ្លាស់ប្តូរដែលមានឥទ្ធិពលមួយ។ សំណួរមួយទៀតបានសួរ ដើម្បីកំណត់អត្តសញ្ញាណឧបករណ៍អប់រំដែលមានប្រយោជន៍បំផុតសម្រាប់ការអប់រំទាក់ទង នឹងការទប់ស្កាត់ការកាប់សម្លាប់រង្គាល ហើយខ្ញុំសូមបញ្ជាក់ម្តងទៀតថាការផ្លាស់ប្តូរដែលមានឥទ្ធិពល គឺពឹងផ្អែកទៅលើការប្រើប្រាស់វិធីសាស្ត្រដែលមានស្រាប់ឲ្យអស់ពីលទ្ធភាព និងត្រូវបានទទួលស្គាល់ក្នុងការយកទៅរៀនសូត្រក៏ដូចជាការបង្កើតវិធីសាស្ត្រថ្មីៗ។ មជ្ឈមណ្ឌលឯកសារកម្ពុជា បានអនុវត្តការរួមបញ្ចូលទម្រង់នៃការរៀនសូត្រ និងការអប់រំបែបប្រពៃណីនិងទាន់សម័យដើម្បីទទួលបាននូវការរួមបញ្ចូលគ្នារវាងទម្រង់ចាស់ និងថ្មី។ តាមរបៀបនេះ ការអប់រំអាចបញ្ជាក់អំពីចំណេះដឹងនិងបទពិសោធន៍របស់មនុស្សម្នាក់ក៏ដូចជាធ្វើឲ្យមានការផ្លាស់ប្តូរអំពីអ្វីដែលបុគ្គលម្នាក់បានដឹងនិងគិតអំពីពិភពលោក។ យុត្តិធម៌អន្តរកាលអាចហៅថាជាយុត្តិធម៌បានលុះត្រាណាតែត្រូវបង្កើតឡើងដោយការខិតខំប្រឹងប្រែង មានទំនុកចិត្ត និងមានប្រសិទ្ធភាពក្នុងគោលបំណងស្តារឡើងវិញក៏ដូចជាការផ្លាស់ប្តូរសង្គមនិងបុគ្គលម្នាក់ៗ៕សរន