ដោយៈ សុផល / ភ្នំពេញ៖ ថ្ងៃនេះជា «ទិវាជាតិនៃការចងចាំ» ២០ឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជា គ្រប់ៗរូប បានចងចាំ និងមិនអាចបំភ្លេចបានឡើយ នូវរបបប្រល័យ ពូជសាសន៍ ប៉ុលពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានរំលឹកពី «ទិវាជាតិនៃការចងចាំ» ។ សម្ដេចពញាចក្រី ហេង សំរិន បានសរសេរលើទំព័រហ្វេសប៊ុកដូច្នេះថា៖
យើងប្រារព្ធ «ទិវាជាតិនៃការចងចាំ» នេះឡើង ដើម្បីរំលឹកដល់ ជនរងគ្រោះ ជាង៣លាននាក់ ដែលបានបាត់បង់អាយុជីវិត និងទទួលរងទារុណកម្ម យ៉ាងឈឺចាប់ខ្លោចផ្សារ ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើង ក្នុងរបបប្រល័យ ពូជសាសន៍នេះ។
ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃដែលពួកខ្មែរក្រហម បានប្រកាសជាចំហ នូវគោលនយោបាយ ដឹកនាំប្រទេស មហាអស្ចារ្យ មហាលោតផ្លោះ ដ៏ឆ្កួតលីលារបស់ពួកគេ ក្នុងនោះមានការជម្លៀស ប្រជាជនចេញពីទីក្រុង ការលុបបំបាត់ចោលទាំងស្រុង នូវសេដ្ឋកិច្ចទីផ្សារសេរី លុបបំបាត់ចោល រូបិយប័ណ្ណ លុបបំបាត់សាសនា បង្កើតសហករណ៍ ធ្វើការរួម ហូបរួមគ្នា នៅទូទាំងប្រទេសជាដើម។
គោលនយោបាយ នៃរបបអាវខ្មៅនេះ បានចាប់ផ្ដើមសម្លាប់រង្គាល ប្រជាពលរដ្ឋស្លូតត្រង់ បង្ខំឱ្យប្រជាពលរដ្ឋ ធ្វើការហួសកម្លាំង យ៉ាងទារុណ បំបិទសិទ្ធិសេរីភាព សព្វបែបយ៉ាង។ ចាប់ពីថ្ងៃ ដែលពួកគេបានឡើង គ្រប់គ្រងប្រទេសពីថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បានបង្កជាសោកនាដកម្ម ដ៏ជូរចត់ ជាពេលវេលាដ៏ខ្មៅងងឹត ដែលពលរដ្ឋខ្មែរ រស់នៅក្នុងសមុទ្រ ទឹកភ្នែក ធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគ គ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន ពីកំណើតរបស់មនុស្ស ក៏គ្មានដែរ។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងទៀតថា៖ យើងចងចាំរបបខ្មែរក្រហម មិនអាចបំភ្លេចបានឡើយ ហើយបើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ទេ ម្ល៉េះយើងគ្មានអាយុជីវិត ដើម្បីមកកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍ ដូចសព្វថ្ងៃនេះនោះទេ។ សន្តិភាពបានផ្តល់ឱកាស គ្រប់យ៉ាង សម្រាប់យើង កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ។
សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សា ការពារសុខសន្តិភាព ដែលយើងទទួលបាន ដោយលំបាកនេះ ឱ្យបានគង់វង្សជារៀងរហូត និងនាំគ្នាទប់ស្កាត់កុំឱ្យសង្គ្រាម និងរបបប្រល័យពូជសាសន៍ វិលមកសារជាថ្មី ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿង ជាងនេះថែមទៀត៕/V