ដោយៈ សុផល / ភ្នំពេញ៖ រដ្ឋសភា បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាពីត្រៀម លក្ខណៈ រៀបចំមហាសន្និបាត អាយប៉ា លើកទី៤២ និងការងារត្រៀមមហាសន្និបាត អាយប៉ា លើកទី៤៣ កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។
លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម នៃរដ្ឋសភា និង ជាប្រធានក្រុមសភាជាតិ អាយប៉ា-កម្ពុជា បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួម ពីលោក ឡេង ប៉េងឡុង អគ្គលេខាធិការ រដ្ឋសភា ព្រមទាំងអគ្គលេខាធិការរង អគ្គនាយក និង មន្ត្រីជំនាញពាក់ព័ន្ធ ។
អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា (AIPA) ជាអង្គការអន្តរសភាតំណាង ស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេស ជាសមាជិក សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (ASEAN) ដែលមាន ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។
អន្តរសភាអាស៊ាន ជាការប្រមូលផ្តុំសំឡេង ប្រជាពលរដ្ឋ ក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់ អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាន នូវគោលដៅសហគមន៍ អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភា អាស៊ាន បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិក ផ្លាស់វេនគ្នាតាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេស តាមអក្សរឡាតាំង៕/V-PC