ដោយ: គង់ហេង / កំពង់ចាម: តួលេខអ្នកជំងឺកូវីដ ១៩ នៅខេត្តកំពង់ចាមសម្រាប់ ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភ: គឺបានហក់ឡើងចំនួន ៣០៧ នាក់ជាតួលេខ ដែលខ្ពស់ ដោយសារនៅថ្ងៃទី ១៩ ឧសភា បានរកឃើញកម្មករ កម្មការិនី ប្រមាណ ៥២ នាក់បន្ថែមទៀត មានផ្ទុកជំងឺដ៏កាចសាហាវនេះ។
នេះជាការថ្លែងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅក្នុងពិធីសំណេះ សំណាល និងចែកអំណោយ ជូនដល់ក្រុមគ្រូពេទ្យ កងយោធពលខេមរភូមិន្ទ ចាក់វ៉ាក់សាំងការពារជំងឺកូវី ១៩ ចំនួន ១៨៤ នាក់ នៅក្នុងមន្ទីរពេទ្យ យោធភូមិភាគ២ ហៅពេទ្យ ៧ដេ ក្នុងស្រុកកំពង់សៀម នៅព្រឹកថ្ងៃទី ២០ ឧសភា។
លោកអភិបាល ខេត្តកំពង់ចាម បានថ្លែងថាៈ ដូច្នេះនៅចំពោះមុខយើងបាន និងកំពុងស្វែងរក អ្នកប៉ះពាល់ផ្ទាល់ ជាមួយនឹងអ្នកជំងឺនេះចំនួន ៥២ នាក់បន្តទៀត គឺដើម្បីយកសំណាកពួកគាត់ យកមកធ្វើតេស្តរហ័ស គឺប្រមូលកុំឱ្យចម្លងចូល ដល់ក្នុងសហគមន៍។ មួយវិញទៀត មកដល់ពេលនេះ យើងបានចាត់វិធានការ បិទផ្អាកផលិតកម្ម ជាបណ្តោះអាសន្ន នូវរោងចក្រកាត់ដេរ ចំនួន បួន កន្លែង ដែលកំពុងប៉ះពាល់នឹងជំងឺកូវីដ ១៩។
ក្នុងឱកាសនោះ រដ្ឋបាលខេត្តកំពង់ចាម បានផ្តល់អំណោយជូនក្រុមគ្រូពេទ្យចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ចំនួន ១៨៤ នាក់ គឺម្នាក់ទទួលបាន: អង្ករ ២៥ គីឡូក្រាម មីមួយកេស ត្រីខមួយយួរ និងថវិកា ៥០.០០០ រៀល, ផ្តល់ជូនខាងមន្ទីរពេទ្យ ភូមិភាគ២ ចំនួន១០.០០០ម៉ាស់ និងជែលលាងដៃ ៥០ កាន ( មួយកាន ៥លីត្រ) ៕/V-PC