ទិដ្ឋភាពប្រាសាទនាគព័ន្ធ៖ ទេសភាពវប្បធម៌នាសតវត្សរ៍ទី១២ រំលេចជាថ្មីនៅសតវត្សរ៍ទី២១

270

ដោយ: អង្គរតូច/សៀមរាប: អ្នកនាំពាក្យអាជ្ញាធរអប្សរា បានថ្លែងថា កាលពីអំឡុងឆ្នាំ២០០៧ បារាយណ៍ជ័យតាដាក (បារាយណ៍ខាងជើង) ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការលើកតម្លៃនិងបន្តតួនាទីដើមរបស់ខ្លួនឡើងវិញតាមរយៈការជួស ជុលប្រព័ន្ធបង្ហូរទឹកបុរាណឡើងវិញ ហើយអាងទឹកទាំងប្រាំនៃប្រាសាទនាគព័ន្ធអាចរក្សាទឹកបានខួបប្រាំងខួបវស្សា។

កិច្ចការនេះ ត្រូវបានចាប់ផ្តើមបន្ទាប់ពីអ្នកជំនាញទឹកនៃអាជ្ញាធរជាតិអប្សរា បានរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណកាលពីឆ្នាំ ២០០៥។

លោកបន្តថា ការងារនេះធ្វើឱ្យបារាយណ៍ មានទេសភាពនាដើមរដូវវស្សា ដែលភ្លៀងចាប់ផ្តើមធ្លាក់មក រុក្ខជាតិជុំវិញ ចាប់ផ្តើមបញ្ចេញពណ៌បៃតងខៀវខ្ចី ដ៏ស្រស់បំព្រង គួរជាទីគយគន់ ដែលអាចអន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាដើមរដូវវស្សានេះនៅពេលដែលបានទៅទស្សនាប្រាសាទនាគព័ន្ធ។

លោកក៍បានរំឭកផងដែរថា បារាយណ៍ជ័យតាដាក (បារាយណ៍ខាងជើង) ស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ អស់រយៈកាលជិតមួយពាន់ឆ្នាំមកហើយ និងមានបណ្តោយ ៣៦០០ម ទទឹង ៩៣០ម។ បច្ចុប្បន្ន បារាយណ៍នេះកំពុងដើរតួយ៉ាងសំខាន់ដើម្បីទ្រទ្រង់កិច្ចការអភិរក្សក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ៕