១-ការរៀបចំរង:
យើងត្រូវភ្ជួរដីឲ្យបានស្អាត ទុកចោល១សប្ដាហ៍ បន្ទាប់មកកាយចង្អូរ ឬភ្ជួរឆូតដែល មានបណ្ដោយ២០ម៉ែត្រ និងចន្លោះចង្អូរ ១ម៉ែត្រ រួចដាក់ជីអាចម៍គោតាមចង្អូរហើយ លប់ដីពីលើ ។
២-ការដាំម្នាស់
យើងដាំកូនម្នាស់ពីលើចង្អូរដែលដាក់ជីអាចម៍គោ ដែលមានចន្លោះពីគុម្ពមួយទៅគុម្ព មួយប្រវែងពី៣ទៅ៤តឹក និងចន្លោះរងប្រវែងពី៦ ទៅ ៨តឹក ។ យើងត្រូវកប់គល់កូន ម្នាស់ចូលទៅក្នុងដីប្រមាណ ១តឹក ។
៣-ការសំអាតស្មៅ ពូនគល់ និងការគ្របរង:
ស្មៅចាប់ផ្ដើមដុះក្រោយយើងដាំរួចរយៈពេល១ខែ យើងត្រូវត្រួតពិនិត្យមើល បើឃើញថ មានស្មៅដុះកំពស់កូនម្នាស់ យើងចាំបាច់ ត្រូវធ្វើការជំរះស្មៅចេញរួច ពូនរង និងយកស្មៅងាប់ ឬដើមកន្ទ្រាំងខែត្រ ឬអង្កាមដាក់ពីលើរងអោយបានច្រើន ដើម្បីអោយកើតជាជី និងបន្ថយការលូតលាស់របស់ស្មៅ ។
៤-ការដាក់ជី:
-ការដាក់ជីទ្រាប់បាត: យើងដាក់ជីលាមកសត្វប្រមាណ៣ការុង ឬ៣០គីឡូក្រាមពីលើ ចង្អូររងប្រវែង២០ម៉ែត្ររួចកាប់ជ្រោយអោយបានសព្វមុនពេលដាំ ។
-ការដាក់ជីបំប៉ន: យើងប្រើជីអ៊ុយរ៉េ២ដង និងជី២០-២០-១៥ មួយដងសំរាប់បំប៉នដើម ម្នាស់ឲ្យលូតលាស់ល្អ ។ ត្រូវសំអាតស្មៅឲ្យបានស្អាតជាមុនសិន និងត្រូវដាក់ជី ក្រោយភ្លៀងធ្លាក់សំរាប់រដូវវស្សា ។ នៅរដូវប្រាំងយើងត្រូវយកជីអ៊ុយរ៉េចំនួន កន្លះគីឡូក្រាម លាយទឹក១ធុងចំណុះ២០លីត្រ សំរាប់កូនម្នាស់ ១០០ដើម ។ ត្រូវចាក់ស្រោចតាមគល់កុំឲ្យទឹកជីចូលក្នុងបណ្ដូលដើមម្នាស់ ។
– លើកទី១: ត្រូវដាក់ជីក្នុងរយៈពេល១ខែ កន្លះ ក្រោយដាំ ប្រើជីអ៊ុយរ៉េ១គ.ក្រ សំរាប់ កូនម្នាស់២០០ដើម ។
– លើកទី២: ត្រូវដាក់ជីក្នុងរយៈពេល២ខែក្រោយលើកទី១ ប្រើជីអ៊ុយរ៉េ ម្ដងទៀត១គ.ក្រ សំរាប់កូនម្នាស់ ២០០ដើម ។
– លើកទី៣: ពេលម្នាស់ចាប់ផ្ដើមចេញផ្កា ប្រើជី២០-២០-១៥ ១គ.ក្រ សំរាប់កូនម្នាស់២០០ដើម ។
– ចំណាំ: យើងអាចប្រើជីទឹកនោម ត្រាំជាមួយលាមកសត្វ និងដើមកន្ទ្រាំងខែត្រ ដោយចាក់ស្រោចតាមគល់ជំនួសជីអ៊ុយរ៉េក៏បាន ។ យើងប្រើទឹកជី១ធុងចំណុះ២០ លីត្រ សំរាប់ម្នាស់១០០ដើម ។
៥-ស្រោចស្រព:
បើយើងដាំកូនម្នាស់នៅរដូវប្រាំង យើងត្រូវស្រោចទឹកពន្លិចរងក្រោយដាំរួច និងត្រូវស្រោចវារៀងរាល់១ខែម្ដងរហូតដល់ភ្លៀងធ្លាក់ ។
៦-កាច់សំអាតខ្នែង:
ជាធម្មតាពូជម្នាស់ស្រុកយើងពុំសូវឃើញមានខ្នែងកូននៅពេលដើមម្នាស់ កំពុងលូត លាស់ទេ ប៉ុន្តែយើងគួរតែត្រួតពិនិត្យមើលបើឃើញមានខ្នែង ត្រូវកាច់ចេញដោយទុក តែដើមមេមួយប៉ុណ្ណោះ ដើម្បីអោយបានផ្លែធំ ។
៧-ជំរុញផ្កា:
ដើមម្នាស់អាចចាក់ថ្មស្អុយបានលុះត្រាតែវាមានដើមធំល្អដែលមានស្លឹកលើសពី២០ ឡើងទៅ ។ យកថ្មស្អុយលេខ១ចំនួន ៣ខាំលាយជាមួយទឹក១ធុងចំណុះ២០លីត្រ រួចយកទឹកល្បាយនេះចាក់ចូល ក្នុងបណ្ដូលដើមម្នាស់ទាល់តែពេញ ។ ជាធម្មតា ល្បាយទឹកថ្មស្អុយ២០លីត្រ អាចចាក់បាន៣រង ប្រវែង២០ម៉ែត្រ ។ ក្រោយចាក់ថ្មស្អុយ រយៈពេល៤ខែ ២០ថ្ងៃទើបម្នាស់ទុំអាចកាច់យកលក់បាន ៕/PC ប្រភព: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ