ដោយៈ សុ ផល/ ភ្នំពេញៈ នៅរសៀលនេះ ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានប្រកាសថា ផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាការងារ មួយដ៏ធំ និងមានសំខាន់បំផុត ដែលត្រូវតែយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាន នូវសោភ័ណភាពផងដែរ។
ប្រភពដដែលនេះបានអះអាងថា ការចាប់បដិសន្ធិនៃរាជាណាចក្រកម្ពុជាលើកទី២ នាឆ្នាំ ១៩៩៣ ជាបរិបទមួយដ៏សំខាន់ នៅក្នុងដំណើរការស្តារ និងកសាងប្រទេស ជាតិឡើងវិញ ។ សន្តិភាព និងស្ថិរភាពពេញផ្ទៃប្រទេសចាប់តាំងពីឆ្នាំ១៩៩៨ ដែលបានមកពី នយោបាយឈ្នះ ឈ្នះ ជាប្រវត្តិសាស្ត្ររបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទេសក៍សន្តិភាព បង្រួបបង្រួមជាតិ ដែលបានដឹកនាំប្រទេសប្រកប ដោយគតិបណ្ឌិត មានគោលនយោបាយដឹកនាំជាតិដ៏ត្រឹមត្រូវ និងច្បាស់លាស់ បាននាំឱ្យប្រទេសកម្ពុជា មានឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី ដែលធ្វើឱ្យប្រជាជនកម្ពុជាទូទាំងប្រទេសបាន និងកំពុងរស់នៅក្នុងសុខសន្តិភាព សុខដុមរមនា សំបូរសប្បាយ និងពោរពេញទៅដោយមោទនភាពចំពោះសមិទ្ធផល យ៉ាងច្រើនសន្ធឹកសន្ធាប់រាប់ពុំអស់។
ទន្ទឹមជាមួយគ្នានេះផងដែរ ដោយសារតែការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍទីក្រុងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹក សំណង់អាគារលំនៅស្ថានព្រមទាំងកំណើនប្រជាជន ដែលរស់នៅទីក្រុង និងទីប្រជុំជនធំៗមានការកើនឡើងយ៉ាងឆាប់រហ័សដែលធ្វើ ឱ្យបញ្ហាចោទឡើងពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងទឹកកខ្វក់សំណល់ គឺជាកង្វល់ ដ៏ធំមួយ ដែលទាមទារឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវយកចិត្តទុកដាក់ ខ្ពស់លើការដោះស្រាយឱ្យសមស្រប ទាន់ពេលវេលា និងចំគោលដៅ។
ប្រភពដដែលបានបន្តថា ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាខាងលើ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ ភាគីពាក់ព័ន្ធផ្សេងទៀតបានដាក់ ចេញផែនការសកម្មភាពក្នុងការគ្រប់គ្រងទៅលើទឹកកខ្វក់ តាមរយៈកិច្ចសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានានៅក្នុងការរៀបចំប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធ លូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យបាន សមស្រប ដើម្បីប្រមូល និងធ្វើប្រព្រឹត្តិកម្មសម្អាតទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុង ប្រភពទឹកធម្មជាតិ។
ជាមួយគ្នានេះផងដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយដៃគូពាក់ព័ន្ធ នានា បាន និងកំពុងតែខិតខំប្រឹងប្រែងរៀបចំសេចក្តីព្រាងច្បាប់គតិយុត្តិ បទដ្ឋាន បច្ចេកទេសក្នុងការសាងសង់ ជួសជុល ថែទាំ ប្រតិបត្តិការ គោលនយោបាយ និងយុទ្ធសាស្ត្រនានាទាក់ទងនឹងការគ្រប់គ្រង អភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅកម្ពុជាប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ដើម្បី សម្រេចឱ្យបាននូវសោភ័ណភាពទីក្រុង (ទីក្រុងបៃតង) និងភាពទាក់ទាញផងដែរ៕/PC