ដោយៈសុផល/ភ្នំពេញ៖លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញ​បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការងារជាន់គ្នារវាងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ និងគម្រោងអភិវឌ្ឈន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុង ក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង មន្ត្រីក្រោមឱវាទអង្គភាពជំនាញ ប្រធានអង្គភាពគ្រប់គ្រងគម្រោង(PMU) និងប្រធានអង្គភាព អនុវត្តគម្រោង(PIU) តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាស្វែងរកនីតិវិធី និងជម្រើសបច្ចេកទេស ដើម្បីជៀសវាង ការងារជាន់គ្នាប្រវែង ២,៩ គីឡូម៉ែត្រឋិតនៅម្តុំក្រុងតាខ្មៅ រវាងគម្រោងសាងសង់ផ្លូវជាតិលេខ២ និង២២ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការប្រចាំការ បានស្នើឱ្យសមាជិកសមាជិកាអង្គប្រជុំ និងភាគីពាក់ព័ន្ធក្នុងគម្រោងទាំងពីរនេះ ផ្តល់ធាតុចូល ក៏ដូចជាលើកឡើងពីជម្រើសបច្ចេកទេស និង ដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងទាំងពីរនេះមានដំណើរការរលូន និងអាចបញ្ចប់តាមផែនការដែលបានកំណត់ និងធានាបានគុណភាពសំណង់អាចទទួលយកបាន មានភាពរឹងមាំ និងប្រើប្រាស់ បានយូរអង្វែង។

ជាមួយគ្នានេះផងដែរលោករដ្ឋលេខាធិការប្រចាំការ បានជំរុញឱ្យថ្នាក់ដឹកនាំគម្រោងទាំងពីរ ក៏ដូចជាទីប្រឹក្សាបច្ចេកទេសនៃក្រុមហ៊ុនសាងសង់សហការគ្នាឱ្យបានជិតស្និទ្ធ និងចែករំលែកព័ត៌មានចាំបាច់ នានាទៅវិញទៅមកទាក់ទងនឹងការរចនាប្លង់ និងការងារសាងសង់ ក្នុងអំឡុងពេលនៃការបំពេញការងារ របស់ខ្លួន ដើម្បីធានាបានប្រសិទ្ធភាពចំណាយ និងប្រសិទ្ធផលខ្ពស់ក្នុងការងារសាងសង់៕