ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ លីកកំពូលទាំង ៥ នៅអឺរ៉ុបឈានដល់សប្តាហ៍ផ្តាច់ព្រ័ត្រនៅចុងសប្តាហ៍នេះ ក្នុងនោះ Man City ក្លាយជាជើងឯកអង់គ្លេស Bayern Munich ក្លាយជាជើងឯកអាល្លឺម៉ង់ និង Inter Milan ក្លាយជាជើងឯកអ៊ីតាលី។
សម្រាប់ ៣ ក្រុមនៅអង់គ្លេស គឺ Chelsea, Liverpool និង Leicester កំពុងប្រជែងកៅអី CL ដោយមានគម្លាតពីគ្នាត្រឹម ២ ពិន្ទុប៉ុណ្ណោះ ដូច្នេះក្រុមទាំង ៣ ត្រូវឈ្នះដាច់ខាតរៀងៗខ្លួននៅថ្ងៃអាទិត្យ។
ដោយឡែកនៅលីកកំពូលអេស្ប៉ាញឯណោះវិញ Atl. Madrid នឹងគ្រងពាន La Liga ប្រសិនបើឈ្នះ ប៉ុន្តែបើចាញ់ ហើយ Real Madrid ឈ្នះ នោះស្តេចសនឹងគ្រងជើងឯក។
សម្រាប់លីកកំពូលបារាំង ក្រុម Lille និង PSG ត្រូវឈ្នះដាច់ខាតរៀងៗខ្លួន ប៉ុន្តែបើ Lille ឈ្នះ ពួកគេនឹងគ្រងជើងឯក។
ចំណែកនៅលីកកំពូលអ៊ីតាលីឯណោះវិញ Atalanta, AC Milan, Napoli និង Juventus មានគម្លាតខុសគ្នាតែ៣ពិន្ទុប៉ុណ្ណោះ ហើយពួកគេត្រូវតែឈ្នះដាច់ខាតរៀងៗខ្លួន ដើម្បីប្រជែងកៅអីកំពូលទាំង៤ សម្រាប់កៅអី CL។
យើងនឹងលើកយក៣គូនៅ EPL មកវិភាគដូចខាងក្រោម ៖
– Aston Villa vs Chelsea
ក្រុមតោខៀវ Chelsea កំពុងជិតដណ្តើមបានចំណាត់ថ្នាក់កំពូលទាំង ៤ នៃក្របខ័ណ្ឌ Premier League ប៉ុន្តែត្រូវឈ្នះដាច់ខាត នៅពេលពួកគេទៅសួរសុខទុក្ខក្រុម Aston Villa នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ។
ក្រុមតោខៀវរបស់លោកថូម៉ាស ធូខល់ បានយកឈ្នះក្រុមប្រជែងចំណាត់កំពូលទាំង៤ គឺ Leicester City ២-១ នៅកីឡដ្ឋាន Stamford Bridge កាលពីយប់ថ្ងៃអង្គារ។ លទ្ធផលនេះមានន័យថា Chelsea នឹងធានាបាននូវកៅអី Champions League ដោយមិនបាច់ប្រឹង ដរាបណាកញ្ជ្រោងខៀវ Leicester ស្មើឬចាញ់ Tottenham នៅថ្ងៃអាទិត្យ។
ក្រុមតោខៀវបានចាញ់ការប្រកួតពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រក្រោមថ្វីដៃក្រុម Leicester ក៏ពិតមែន ប៉ុន្តែនៅតែអាចបញ្ចប់រដូវកាលនេះដោយជោគជ័យជាងកញ្ជ្រោងខៀវ ព្រោះពួកគេនៅសល់ឱកាសដណ្តើមពាន Champions League នៅវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុមមេឃខៀវ Manchester City នៅថ្ងៃទី២៩ឧសភាមួយទៀត។
ជ័យជម្នះលើ Villa នឹងធានាបានចំណាត់ថ្នាក់កំពូលទាំង ៤ ហើយមានន័យថា Chelsea មិនចាំបាច់យកឈ្នះ Man City ដើម្បីបានកៅអី Champions League នៅរដូវកាលក្រោយក៏បានដែរ ប៉ុន្តែក្រុមរបស់លោក ឌីន ស្មីត បានឈ្នះ ២-១ នៅទឹកដីរបស់ Tottenham កាលពីយប់ថ្ងៃពុធ ហើយនៅតែអាចផ្តួលក្រុមតោខៀវ និងទម្លាក់ពួកគេទៅលេងនៅ Europa League បានដដែល។
តោខៀវនឹងចាត់ទុកការប្រកួតនេះដូចវគ្គផ្តាច់ព្រ័ត្រដណ្តើមពានយ៉ាងអ៊ីចឹង ដូច្នេះយើងរំពឹងពួកគេទទួលជ័យជម្នះក្នុងលទ្ធផលព្យាករណ៍ ៣-០។
– Leicester vs Tottenham
ក្រុមកញ្ជ្រោងខៀវ Leicester City ត្រូវតែផ្តួលក្រុមមាន់ខ្នាយមាស Tottenham ឱ្យបាននៅថ្ងៃចុងក្រោយនៃរដូវកាល Premier League ហើយត្រូវតែឈ្នះច្រើនគ្រាប់ថែមទៀត ប្រសិនបើពួកគេចង់រក្សាក្តីសង្ឃឹមនៃក្របខ័ណ្ឌ Champions League ។
ការចាញ់ក្រុមតោខៀវ Chelsea ២-១ គួបផ្សំជាមួយនឹងជ័យជម្នះ ៣-០ របស់ Liverpool នៅឯទឹកដីរបស់ Burnley បានរុញទម្លាក់ Leicester ទៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាងពិន្ទុ ដោយមានពិន្ទុស្មើគ្នាជាមួយហង្សក្រហម ប៉ុន្តែចាញ់គ្រាប់បាល់ស៊ុតរបស់ Liverpool។
វាតំណាងឱ្យការដួលរលំដ៏គួរឱ្យខកចិត្តសម្រាប់កូនក្រុមរបស់លោកប្រេនដាន់ រ៉ូជើ បន្ទាប់ពីឈរនៅចំណាត់ថ្នាក់លេខ៣តាំងពីដើមរដូវកាល ហើយទោះបីជ័យជម្នះពានរង្វាន់ FA Cup តំណាងឱ្យរដូវកាលដ៏ល្អក៏ដោយ ក៏ប៉ុន្តែវានៅតែជាការឈឺចាប់ខ្លាំងសម្រាប់ពួកគេ ប្រសិនបើបាត់បង់សិទ្ធិក្នុងក្របខ័ណ្ឌ Champions League ពីររដូវកាលជាប់ៗគ្នានៅប្រកួតទឹកចុងក្រោយ។
ក្រុម Leicester មានតែបន់ឱ្យ Chelsea ឬ Liverpool ចាញ់ទេទើបមានសង្ឃឹមខ្ពស់ បើមិនដូច្នេះទេត្រូវយកឈ្នះលើ Spurs ឱ្យបាន ៥ គ្រាប់ឡើងទៅ ដើម្បីឈ្នះចំនួនគ្រាប់បាល់របស់កូនក្រុមលោកជួហ្គិន ក្លប់។
Tottenham បានចាញ់ Aston ២-១ កាលពីថ្ងៃពុធ ដែលធ្វើឱ្យពួកគេរបូតកៅអី Europa League ឱ្យទៅ West Ham ស្របពេលខ្សែប្រយុទ្ធឆ្នើម ហារី ខេន ប្តេជ្ញាយ៉ាងមោះមុតថានឹងចាកចេញពីក្លិបទោះក្នុងតម្លៃណាក៏ដោយ។
នេះជាឱកាសសម្រាប់ Leicester យកឈ្នះលើក្រុមដែលកំពុងបាក់ទឹកចិត្តខ្លាំងដូចជា Spurs ។ ដោយហេតុថាការប្រកួតនេះត្រូវការគ្រាប់បាល់ច្រើន យើងរំពឹង Leicester ឈ្នះក្នុងលទ្ធផលព្យាករណ៍ ៤-២។
– Liverpool vs Crystal Palace
Liverpool បានបង្ហាញទម្រង់លេងដូចជាម្ចាស់ជើងឯក Premier League យ៉ាងអ៊ីចឹង ដោយប្រឹងប្រែងរហូតឡើងមកលេខ ៤ ទាល់តែបាន ហើយប្រសិនបើឈ្នះមួយប្រកួតចុងក្រោយនេះ ពួកគេនឹងទទួលបានកៅអី CL ដោយស្វ័យប្រវត្តិ។
Crystal Palace គ្មានគីឡូអ្វីហក់ជាមួយនឹង Liverpool ទេ ហើយច្បាស់ណាស់កៅអី Champions League នឹងបានទៅហង្សក្រហមរបស់លោក ជួហ្គិន ក្លប់ ដែលកំពុងឡើងជើងខ្លាំងចំពេលវេលាល្អបំផុតស្របពេលគូប្រជែង Leicester City កំពុងស្រុតចុះទម្រង់លេង។
ក្រុមហង្សក្រហម Liverpool បានបំបាក់ Burnley ៣-០ កាលពីថ្ងៃពុធដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៤ពី Leicester ដោយមានពិន្ទុ៦៦ស្មើគ្នា តែហង្សក្រហមលើសគ្រាប់ចំណេញ ៤ គ្រាប់ មានន័យថា Liverpool នៅតែមានសុវត្ថិភាពសម្រាប់ចំណាត់ថ្នាក់លេខ៤ ព្រោះ Leicester ត្រូវឈ្នះ Spurs ឱ្យបាន៥គ្រាប់ឡើងទៅ ទើបមានសង្ឃឹម។
សម្រាប់ Crystal Palace លោក រ៉យ ហត់សុន នឹងលាឈប់ពីតំណែងជាអ្នកចាត់ការទូទៅនៅរដូវក្តៅនេះ ហើយដំណើរទៅកាន់ទឹកដី Anfield គឺជាការប្រកួតចុងក្រោយរបស់គាត់ក្នុងនាមជាគ្រូបង្វឹករបស់ឥន្ទ្រីខៀវ ដូច្នេះគេនៅតែមិនទាន់ហ៊ានច្រានចោលទាំងស្រុងនូវរឿងអភិនីហារ ដែលបង្កឡើងដោយ Palace នោះទេ។
ដោយសារទម្រង់លេងរបស់ Liverpool កំពុងឡើងខ្លាំង ហើយ Palace កំពុងចុះខ្លាំង យើងរំពឹងហង្សក្រហមឈ្នះយ៉ាងតិច ៣-០ កក់កៅអី CL រដូវកាលក្រោយ៕
តារាងការប្រកួតបាល់ទាត់ ៖