ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោក ប៉ុល ហំម អតីតអនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា លោកបានសម្លឹង ឃើញគណបក្ស”កែទម្រង់កម្ពុជា”របស់លោក អ៊ូ ច័ន្ទរ័ត្ន ព្រោះមិនឆ្វេងពេក មិនស្តាំពេក ។ សមរម្យអាចធ្វើការអាចធ្វើនយោបាយបាន។
លោក ប៉ុល ហំម (រូបឯកសារ)
លោក ប៉ុល ហំម ទើបទទួលបាននីតិសម្បទានយោបាយឡើងវិញកាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០២១ជាមួយលោក ផាន់ ច័ន្ទសាក់។
លោកបានប្រាប់រស្មីកម្ពុជាថា មានការចោទសួរថា បន្ទាប់ពីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ តើលោកនឹងធ្វើអ្វី?។តាមធម្មតាអ្នកនយោបាយតែងតែចង់ធ្វើនយោបាយហើយ។លោកមើលឃើញសព្វថ្ងៃនេះគឺគណបក្សកាន់អំណាចគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភាទាំងអស់។ លោកយល់ថា ដើម្បីឲ្យមានតុល្យភាពក្នុងការគ្រប់គ្រង ប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យត្រូវតែមានគណបក្សប្រឆាំងមួយហើយធ្វើការប្រឆាំងនៅក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ។ មិនធ្វើអីឲ្យឆ្វេងពេកមិនស្តាំពេក ។ ធ្វើការប្រឆាំងក្នុងភាពជាអ្នកនយោបាយថ្លៃថ្នូរ។
លោកប៉ុល ហំម បានបញ្ជាក់ថា “ខ្ញុំសម្រេចចិត្តថា ចេញមកខ្ញុំនឹងធ្វើនយោបាយ ។ ខ្ញុំសម្លឹងមើលថាតើគណបក្សណាដែល មើលទៅក្នុងលក្ខណៈសមរម្យខ្ញុំអាចទៅធ្វើជាមួយបាន។ ខ្ញុំអត់មានគំនិតអីទៅចង់បង្កើតគណបក្សនយោបាយខ្លួនឯង។ ប៉ុន្តែឃើញគណបក្សប្រឆាំងច្រើន ដូច្នេះជាជម្រើសរបស់ខ្ញុំដែលខ្ញុំត្រូវពិនិត្យមើលថាតើគណបក្សណាដែលខ្ញុំអាចទៅ ធ្វើជាមួយបាន?។
លោកបញ្ជាក់ថា រហូតមកទល់ពេលនេះលោកអត់លាក់ទេលោកកមើលទៅលើគណបក្សមួយ។តាមលោកដឹងក្រសួងមហាផ្ទៃបានផ្តល់ សិទ្ធិឲ្យហើយនិងបំពេញបែបបទតទៅទៀត គឺ ឯកឧត្តម អ៊ូ ច័ន្ទរ័ត្ន ។ ខ្ញុំមើលឃើញថា មានការគាំទ្រពីអ្នកនយោបាយមួយដែលមិនឆ្វេងពេកមិនស្តាំពេកសមរម្យអាចធ្វើការ អាចធ្វើនយោបាយបានក្នុងក្របខណ្ឌនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៃរដ្ឋធម្មនុញ្ញក្នុងព្រះរាជាណាចក្រកម្ពុជា”។
គួររំលឹកថា លោក អ៊ូ ច័ន្ទរ័ត្ន បានបង្កើតគណបក្សថ្មីមួយដែលមានឈ្មោះថា គណបក្ស “កែទម្រង់កម្ពុជា” (គ.ក.ក , CRP) ដោយបានទទួលការអនុញ្ញាតពីកក្រសួងមហាផ្ទៃរួចហើយកកាលពីដើមឆ្នាំនេះ។ ចំណែករូបសញ្ញាគណបក្ស“កែទម្រង់កម្ពុជា” គឺមានរូបព្រះអាទិត្យ និងក្បាលដំរីបួងផ្កាឈូកបីដើម៕សរន