ដោយៈមុនីរ័ត្ន/​ភ្នំពេញៈ ​លោក ផាន់ ច័ន្ទ​សាក់ អតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្រ្គោះជាតិនិង ជាមេធាវី​ការពារ​លោក​កឹម សុខា ទើប​ទទួលបាន​នូវ​នីតិសម្បទា​នយោបាយ​កាលពី​ថ្ងៃទី​២០​ខែឧសភា​កន្លងទៅនេះ​។

លោក ផាន់ ច័ន្ទសាក់ (រូបឯកសារ)

​ឆ្លើយតបនឹងសំណួររបស់កាសែតរស្មីកម្ពុជាតាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​២១ ខែឧសភា​ លោក ផាន់ ច័ន្ទសាក់ បានបញ្ជាក់ថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ការផ្លាស់ប្តូរ​គណបក្សនយោបាយ ការផ្លាស់ប្តូរ​ទស្សនៈ​ន​យោ​បាយ ការយល់ឃើញ​អំពី​និន្នាការ​នយោបាយ ​វា​ជា​សេរីភាព​ដែល​ពលរដ្ឋ​ម្នាក់ៗ​ដែល​ត្រូវបានការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ ។ ដូច្នេះ​អ្នក​ដែល​រិះគន់​អំពី​ទស្សនៈ​នយោបាយ គោលជំហរ នយោបាយ ឬក៏​និន្នាការ​នយោបាយ គេ​ហៅថា មនុស្ស​ដែល​អត់​បាន​សិក្សា​ស្វែងយល់​អំពី​ទិដ្ឋភាព​២​។ ទិដ្ឋភាព​ទី​១. មិនបាន​សិក្សា​ស្វែងយល​អំពីច្បាប់ រដ្ឋធម្មនុញ្ញ​ របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ទិដ្ឋភាព​ទី​២.​មិនបាន​សិក្សា​អំពី​ទិដ្ឋភាព សង្គម គឺ​សង្គម​រង​បស់​យើង​ជា​សង្គម​ប្រជាធិបតេយ្យ សេរី និង​ពហុបក្ស​។ ហេតុនេះ​វា​អត់​មានអី​ដែល​ត្រូវ​ចម្លែក​ទេ ព្រោះ​អ្នក​ដែល​រិះគន់​នឹង​អត់​បាន​មើល​ទិដ្ឋភាព​ពីរ​ដែលជា​មូលដ្ឋានគ្រឹះ​របស់​ប្រទេសជាតិ នោះទេ​។​

​លោក​បាន​ទាញនូវការបកស្រាយថា “​លើកលែងតែ​ប្រទេស​យើង​ស្ថិតក្នុង​របប​ឯក​បក្ស ឬក៏​របប​កុម្មុយនីស្ត ឬ ក៏​របប​ដូចជា​នៅកូរ៉េខាងជើង ឬក៏​វៀត​ត​ណា​ម ឡាវ អាហ្នឹង​បានការ​ផ្លាស់ប្តូរ​ការផ្លាស់​ប្តូរ​ទស្សនៈ​នយោបាយ​ចេញពី​បក្ស​នីមួយៗ វា​ជាការ​ក្បត់​។ វា​ជា​រឿង​ដែល​ត្រូវ​វ៉ៃ​ប្រហា​រិះគន់ ។​តែ​សង្គម​យើង​សង្គម​ប្រជាធិបតេយ្យ សេរីពហុបក្ស ​ដូចជា​ ​អត់មានអី​ចម្លែក​ទេ ហើយ​អ្នក​ដែល​រិះគន់​នឹង​អត់​បាន​មើល​ទិដ្ឋភាព​សង្គម​ពីរ​ជ្រុង​ដែល​ខ្ញុំ​បានលើកឡើង​ខាងដើម​”​។​

​ទាក់ទង​នឹងអ្វីដែលលោកកំពុងគិតក្នុងការធ្វើនយោបាយឡើងវិញនោះ លោក​ផាន់ ច័ន្ទ​សាក់ បាន​បង្ហើបថា លោក​បាន​ចូលរួម​គាំទ្រ​គណបក្សនយោបាយ​ថ្មី​មួយ គឺ​គណបក្ស​កែទម្រង់​កម្ពុជា ដែល​ផ្តួចផ្តើមឡើង​ដោយ​លោក​អ៊ូ ច័ន្ទ​រ័ត្ន​និង​ឥស្សរជន​នយោបាយ​មួយចំនួនទៀត ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​។ លោក​អះអាង​ថា “​ខ្ញុំ​បាន​ចូលរួម​គាំទ្រ​គណបក្សនយោបាយ​ថ្មី​មួយ ដែល​ផ្តួចផ្តើមឡើង​ដោយ​ឥស្សរជន​នយោបាយ​មក​ពី​អតីត​សង្គ្រោះ​ជាតិ​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​កន្លងមក បាន​បង្កើត​គណបក្ស​កែ​ទម្រង់​។ ក្នុងនោះ​ក៏មាន​ឯកឧត្តម អ៊ូ ច័ន្ទ​រ័ត្ន និង​ឥស្សរជន​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​មុនៗ នៅក្នុង​ប្រទេស និង​ក្រៅប្រទេស បានរួម​គ្នា​បង្កើត​គណ​បក្ស​កែទម្រង់ ហើយ​ឯកឧត្តម ប៉ុល ហំ​ម​ក៏​គាត់​មាន​និន្នាការ​គាំទ្រគណបក្ស​កែទម្រង់​​ហើយ​ខ្ញុំ​ក៏បាន​ប្រកាស​ហើយ​ថា​ខ្ញុំ​នឹងចូលរួម​បនត​អាជីព​នយោបាយ​ក្នុង​គណបក្ស​កែទម្រង់​ដែរ​”​។​

​ជាមួយគ្នានេះ លោក​ផាន់ ច័ន្ទ​សាក់ ក៏បាន​សូម​ថ្លែងអំណរគុណ​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេចតេជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ដែល​បានផ្តល់​នីតិសម្បទា​ដល់​រូបលោក និង​លោក​ប៉ុល ហំ​ម មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​៕​សរន