​ដោយ​៖ ប​.​ជ័យ -​ភ្នំ​ស​ន្ធុ​ក / កំពង់ធំៈ មន្ត្រី​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ​ម្នាក់ បាន​ប្រើ​កាំបិត​ស្រួច ចាក់ទៅលើ​អតីត​ប្រពន្ធ ឱ្យ​រងរបួស​ធ្ងន់ រួច​រត់​គេចខ្លួនបាត់​។ អំពើហិង្សា​មួយ​នេះ បានកើត​ឡើង នៅ​ភូមិ​ត្បូង​ទឹក ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ​២០២១​។​

​ស្ត្រី​រងគ្រោះ ឈ្មោះ កួច មួយ​ហៀក អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ ភូមិ ឃុំ កើតហេតុ​ខាងលើ បាន​ប្រាប់​សារព័ត៌មាន នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១​ថា​៖ ជនបង្ក​លើ​អ្នកស្រី គឺជា​អតីត​ប្តី ទើប​លែងលះ ដែលមាន ឈ្មោះ ស្រ៊ុន ពេជ្រ​រស្មី មាន​អាយុ​៣៦​ឆ្នាំ មុខរបរ ជា​មន្ត្រី​កងរាជអាវុធហត្ថ ខេត្តកំពង់ធំ​។​

​អ្នកស្រី បាន​បន្តថា​៖ ហេតុការណ៍​ដំបូង ជនបង្ក ស្រ៊ុន ពេជ្រ​រស្មី បាន​ជិះ​ម៉ូតូ​មក​ឈប់ មុខ​តូប​លក់ដូរ របស់​អ្នកស្រី ហើយ​ស្រែក​សួរថា កូន នៅឯណា​? នៅ​ជាមួយ​អ្នកណា​? អ្នកស្រី​នាង បាន​ប្រាប់ថា កូន​គេង​ក្នុងផ្ទះ​មិនទាន់​ក្រោក​ទេ ។ គេ​នៅ​ជាមួយ​ម៉ាក់ (​ម្តាយ​ជនរងគ្រោះ​) និង​ជាង​ម្នាក់ទៀត កំពុង​លាបថ្នាំ​ផ្ទះ​។​

​ភ្លាមនោះ ជនបង្ក​បាន​ទាញ​កាំបិត​តូច​ចុង​ស្រួច មកចាក់​លើ​រូប​អ្នកស្រី​តែម្តង បណ្តាលអោយ រងរបួស​ធ្ងន់ ចំ​ដៃ​ឆ្វេង ពីរ​កាំបិត ខាងស្តាំ​ពីរ​កាំបិត និង កញ្ចឹងក មួយ​កាំបិត ហើយ​អតីត​ប្តី ស្រែកថា ហេតុ​អី​បានជា​ឲ្យ (​បុរស​ជាង​) គេ​ចូល​បន្ទប់​មិន​សុំ​ការអនុញ្ញាត ពី​ខ្លួន​ជា​ប្តី ជាមុនសិន​?​។​

​យោង​ប្រភពពី​គ្រួសារ និង​ភ្នាក់ងារ​ភូមិ បានអោយដឹងថា​៖ បុរស​អតីត​ប្តី​រូបនេះ (​ស្រ៊ុន ពេ​ជ្យ​រស្មី ) រូបនេះ ជាមួយ​ប្រពន្ធ​កូន មិនសូវមាន​សុភមង្គល គឺ​តែង​រកាំរកូស និង​មាន​អំពើហិង្សា ជា​ញឹកញាប់ រហូតដល់​ប្រពន្ធ អះអាងថា ទ្រាំទ្រ​លែង​បាន ទើប​សម្រេច​ចែកផ្លូវ​គ្នា​ទៅ ។​

​បច្ចុប្បន្ន ស្ត្រី​រងគ្រោះ ត្រូវបាន​បញ្ជូនមក​ព្យាបាល នៅ​មន្ទីរពេទ្យ​ឯកជន​ស្រុក​សណ្តាន់ ។​

​អ្នកស្រី បានអោយដឹង​បន្តថា​៖ អ្នកស្រី និង​អតីត​ប្តី បាន​អស់​និស្ស័យ ដោយ​អំពើ​ប្តី ហើយ​ម្តេច​ឡើយ មិន​ទុកអោយ​អ្នកស្រី អាច​រស់នៅ និង​ចិញ្ចឹម​កូន រួមគ្នា​ដោយ​សុខ​ផង​ចុះ​? ហើយ​អ្នកស្រី ក៏​មិនទាន់មាន បុរស​ណា ជា​ម្ចាស់​ថ្មី នៃ​បេះដូង​នៅឡើយ ព្រោះ​របួស​បេះដូង​ចាស់ មិនទាន់​ជា ហើយ​ឥឡូវ មករ​បួស​កាយ​ដ៏​ធ្ងន់​ទៀត ។​

​ក្រុមគ្រួសារ និង​អ្នកស្រី បាន​អំពាវនាវ អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច មេត្តាជួយ​រក​យុត្តិធម៌ ដល់​អ្នករងគ្រោះ​នេះ​ផង ។​

​ករណីនេះ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានបញ្ជាក់ នា​ថ្ងៃទី​២៤ ខែឧសភា ថា​៖ ពិតជា​មាន​ករណី​ហិង្សា​នេះ កើតឡើង ក្នុង​មូលដ្ឋាន ស្រុក​សណ្តាន់ មែន ហើយ​ពេលនេះ ជនបង្ក​ហេតុ ដែលជា​កម្លាំង​អង្គភាព របស់លោក កំពុង​រត់គេចខ្លួន ។ ទោះយ៉ាងណា កម្លាំង​អាវុធហត្ថ បាន​នឹង​កំពុង​ដុតដៃដុតជើង តាមរក​ចាប់ខ្លួន​ហើយ ៕/V​