កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជាង ៥ ម៉ឺន​នាក់ នៅ​ថ្ងៃ​ចុង​សប្តាហ៍​ទី​បី​នៃ​ខែឧសភា​

185

ដោយៈ​សុផល​/​ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មានប្រសាសន៍ នា​ថ្ងៃទី​២៤ ខែឧសភា​ថា ក្នុងឱកាស​ថ្ងៃ​ចុង​សប្តាហ៍​ទី​បី​នៃ​ខែឧសភា ពោលគឺ​ពីថ្ងៃ​ទី​២២​ដល់​២៣ ខែឧសភា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុជា​ទទួល បាន​ភ្ញៀវទេសចរ​សរុប ៥២.៨៩១ នាក់ កើនឡើង ៦.១១% ធៀប​នឹង​ចុង​សប្តាហ៍ កន្លងទៅ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ ៥២.២៤៧ នាក់ កើនឡើង ៥.៨៤% និង​ភ្ញៀវ បរទេស​ផ្ទៃក្នុង ៦៤៤ នាក់ កើនឡើង ១៣.៧៨%​។

​លោក​រដ្ឋមន្ត្រី បាន​បន្តថា រយៈពេល​បួន​សប្តាហ៍​បន្ទាប់ពី​រាជរដ្ឋាភិបាល​បានអនុញ្ញាត ឲ្យ​បើក​ដំណើរការ​រមណីយដ្ឋាន​ទូទាំងប្រទេស​ឡើងវិញ ភ្ញៀវ​សរុប​មាន​ចំនួន ប្រមាណ ១៣១.៤៩០ នាក់​។ គោលដៅ​ទេសចរណ៍​សំខាន់ៗ​ដែលមាន​សកម្មភាព ទេចរ​ច្រើនជាងគេ នា​ចុង​សប្តាហ៍​កន្លងមកនេះ រួមមាន​៖​ខេត្តកំពត ១០.៩៤២ នាក់​,​ខេត្ត​កែប​៖ ៧.២៥៧ នាក់​,​ខេត្តបាត់ដំបង​៖ ៦.៩៣០ នាក់​,​ខេត្តសៀមរាប​៖ ៦.០៣៣ នាក់​,​ខេត្តកំពង់ស្ពឺ​៖ ៣.៨៩០ នាក់​,​ខេត្ត​ព្រះសីហនុ​៖ ៣.២១៦​នាក់​, ខេត្តពោធិ៍សាត់​៖ ២.៧៥៣ នាក់​។​

​លោក រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​ការកត់សម្គាល់ថា ចលនា​ភ្ញៀវទេសចរ​នេះ មិនមាន​ការប្រែប្រួល​ខ្លាំង​ទេ​ធៀប​នឹង​សប្តាហ៍​កន្លងមក​ពោលគឺ​ភ្ញៀវ​ភាគច្រើន នៅតែ​ជា​ភ្ញៀវ​ក្នុង​ខេត្ត​នៅឡើយ​ហើយ​ភ្ញៀវទេសចរ​ពី​ភ្នំពេញ​នៅ​មិនទាន់មាន​ចំនួន​ច្រើន នៅឡើយ​។​

​លោក​បន្តថា ចំនួន​ភ្ញៀវទេសចរ​ក្នុង​រយៈពេល ៤ សប្តាហ៍​កន្លងមកនេះ (​បន្ទាប់ពី រាជរដ្ឋាភិបាល​បាន​បើក​ដំណើរការ​ឡើងវិញ​) ហាក់​មានការ​កើនឡើង​យឺត​នៅឡើយ ដោយសារ​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មានការ​កើនឡើង​នៅតាម​ខេត្ត​មួយចំនួន​ដែល​ធ្វើ ឲ្យ​អាជ្ញាធរ​នៅ​បន្ត​ប្រយ័ត្នប្រយែង​ខ្លាំង ក្នុងការ​បើកទទួល​ភ្ញៀវ​ទេសចរ​នៅតាម គោលដៅ​មួយចំនួន​។​

​លោក រដ្ឋមន្ត្រី បាន​បន្តទៀតថា រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ទាំងអស់ នៅតែ​បន្ត​ខិតខំ​យកចិត្តទុកដាក់ គោរព​អនុវត្ត​នូវ​គោលការណ៍ ៣​កុំ ៣​ការពារ យ៉ាង​ខ្ជាប់​ខ្ជូ​ន​។ ព្រមជាមួយ​នោះ ក៏មាន​រមណីយដ្ឋាន​ខ្លះ​បានដាក់​ចេញ​នៅ គោលនយោបាយ បញ្ចុះ​ត​ម្លែ​សេវា​មួយចំនួន​ដើម្បី​លើក​ទឹក​ដល់​ទេសចរ​ដែល​បាន ទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់​ផងដែរ ដូចជា​រមណីយដ្ឋាន​វី​គិរី​រម្យ (Vkirirom) ក្នុង​ខេត្តកំពង់ស្ពឺ បញ្ចុះតម្លៃ ២៥% សម្រាប់​បន្ទប់​ស្នាក់នៅ រមណីយដ្ឋាន​កន្លែង បាញ់​ធ្នូ​បន្ទាយ​ជ័យ ៨០២ ក្នុង​ខេត្តសៀមរាប បញ្ចុះតម្លៃ ២០% សម្រាប់​ការបាញ់​ធ្នូ និង ១០% សម្រាប់​ការទទួល​អាហារ ជាដើម​៕​/PC