សត្វ​ផ្សោត​ទន្លេមេគង្គ ស្វាគមន៍​កូន​ផ្សោត​ថ្មី ទី​បី ខណៈ អត្រា​ស្លាប់​របស់​សត្វ​នេះ នៅតែ​ជា​ក្តីបារម្ភ​ខ្លាំង​

159

ដោយៈ​សុផល / ភ្នំពេញ​៖ ក្រុម​ជំនាញ​ផ្នែក​ស្រាវជ្រាវ សត្វ​ផ្សោត​ទន្លេមេគង្គ នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF បានបញ្ជាក់​អំពី កំណត់ត្រា​នៃ​កូន​ផ្សោត​ថ្មី មួយ​ក្បាល បន្ទាប់ពី​ក្រុម​ស្រាវជ្រាវ បាន​ថតរូប​កូន​ផ្សោត​ថ្មី​នេះ ដែលមាន​អាយុ ប្រមាណ ដប់​ថ្ងៃ កាលពី​ថ្ងៃទី​១៦ ខែឧសភា ខណៈពេល វា​កំពុង​ហែល ជាមួយ​ហ្វូង សត្វ​ផ្សោត​ធំ ចំនួន​ប្រាំពីរ ក្បាល​ផ្សេងទៀត នៅក្នុង​តំបន់​អន្លង់ សត្វ​ផ្សោត​កាំ​ពី នៃ​ខេត្តក្រចេះ​។ ជា​លទ្ធផល ក្រុម​ស្រាវជ្រាវ​បាន​កត់​ត្រាទុក ចំនួន​កូន​ផ្សោត​កើត​ថ្មី សរុប​ចំនួន បី​ក្បាល នៅ​ចន្លោះ​ខែមករា និង​ឧសភា ឆ្នាំ​២០២១​នេះ ខណៈ​កូន​ផ្សោត ចំនួន ប្រាំមួយ ក្បាល ត្រូវបាន​កត់ត្រា ក្នុង​ចន្លោះ​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន​។

​ការតាមដាន​វត្តមាន និង​ស្ថានភាព​សត្វ​ផ្សោត​នេះ បាន​ប្រព្រឹត្តទៅ ក្នុង​ក្របខ័ណ្ឌ នៃ​កម្មវិធី​តាមដាន ដើម្បី ប៉ាន់ប្រមាណ ចំនួន​សត្វ​ផ្សោត ដែល​ត្រូវបាន​ធ្វើឡើង ជា​រៀងរាល់ឆ្នាំ នៅក្នុង​តំបន់​ដែន​ជម្រក របស់​សត្វ​ផ្សោត តាម​បណ្តោយ​ដង ទន្លេមេគង្គ មាន​ចម្ងាយ​ប្រវែង ១៨០ គីឡូម៉ែត្រ ត្រង់​ចន្លោះ ក្រុង​ក្រចេះ និង​ព្រំប្រទល់ កម្ពុជា​-​ឡាវ​។​

​តែ​សម្រាប់​ឆ្នាំនេះ អាស្រ័យ​ដោយ​ភាពចាំបាច់ នៃ​ការអនុវត្ត​វិធានការ​បំរាម​គោចរ ដើម្បី​បង្ការ ការរីក​រាលដាល នៃ កូ​វីដ​១៩ ក្រុម​ស្រាវជ្រាវ បាន​ខកខាន​មិនបាន ចុះ​តាមដាន​ស្ថានភាព​សត្វ​ផ្សោត ក្នុង​ខែមីនា និង​មេសា ដែលជា​រយៈពេល​សំខាន់ នៃ​កំណើត​របស់​ផ្សោត​។​

​លោក អៀម សំ​អ៊​ន់ ប្រធាន​ផ្នែក​ស្រាវជ្រាវ និង​តាមដាន​ជីវចម្រុះ​នៃ​អង្គការ​WWF បាន​និយាយថា​៖ ”​សមាជិក​ក្រុម​ស្រាវជ្រាវ របស់​យើងទាំងអស់គ្នា មាន​ក្តីរំភើប​ជា ខ្លាំងណាស់ ចំពោះ​កំណត់ត្រា នៃ​កូន​ផ្សោត​ទើបនឹង​កើត​ថ្មី ដែលជា​កូន​ផ្សោ​តទី​បី សម្រាប់​ឆ្នាំ​២០២១​នេះ​”​។​

​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​ចាត់ថ្នាក់ ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ រងគ្រោះថ្នាក់ ជិត​ផុត​ពូជ​បំផុត​។ លទ្ធផល​នៃ​ជំរឿន សត្វ​ផ្សោត ទន្លេមេគង្គ ក្នុង​ឆ្នាំ ២០២០ ដោយ​រដ្ឋបាល​ជលផល និង អង្គការ​WWF បាន​បង្ហាញថា មាន​សត្វ​ផ្សោត​ចំនួន​ត្រឹមតែ ៨៩ ក្បាល​ប៉ុណ្ណោះ ដែល​កំពុង​រស់នៅក្នុង​ទន្លេមេគង្គ កម្ពុជា​។​

​លោក សេង ទៀក នាយក​អង្គការ​WWF បាន​ពន្យល់ថា រាល់​កំណើត​របស់​កូន ផ្សោត​ថ្មី មួយ​ក្បាលៗ មាន​សារៈសំខាន់​ណាស់ សម្រាប់​ការរស់រានរ​បស់​សត្វ​ផ្សោត ទន្លេមេគង្គ ដែលមាន​ចំនួន នៅ​សេសសល់ តិចតួច​កំពុង​រស់នៅ ក្នុង​ទីជម្រក​ធម្មជាតិ រីឯ​ការការពារ​សត្វ​ផ្សោត ពេញវ័យ​ឲ្យ​ជៀស​ផុតពី​កត្តា គំរាមកំហែង​ដោយ​សកម្មភាព មនុស្ស រឹត​តែមាន​ភាពចាំបាច់​ថែមទៀត ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​របស់​ថនិកសត្វ ទឹកសាប ដ៏​សំខាន់​ជាស​កល មួយ​ប្រភេទ​នេះ​។​

​សូមបញ្ជាក់ថា នៅ​ចន្លោះ​ខែមករា និង​ឧសភា ឆ្នាំ ២០២១ ក្រុម​ស្រាវជ្រាវ ក៏បាន កត់ត្រា​ទុក ផងដែរ​នូវ សត្វ​ផ្សោត ដែលជា​អកុសល បាន​ស្លាប់ សរុប​ចំនួន ៤ ក្បាល ដែល​ក្នុងនោះ សត្វ​ពេញវ័យ​មួយ​ក្បាល បាន​ស្លាប់​ដោយ​មូលហេតុ ជាប់​នឹង​មង នេសាទ សត្វ​ពេញវ័យ មួយ​ក្បាល​ទៀត បាន​ស្លាប់​ដោយសារ​វ័យ​ចំណាស់ ខណៈ​មូលហេតុ នៃ​ការស្លាប់​របស់​កូន​ផ្សោត មិនទាន់​អាច​ត្រូវបាន​បញ្ជាក់ ហើយ​ដែល​អ្នកវិទ្យាសាស្ត្រ កំពុង​បន្ត​ស្រាវជ្រាវ​នៅឡើយ​។​

​ផ្អែកលើ​អត្រា​នៃ​ការស្លាប់ ក្នុង​ចំនួន​ដូចគ្នា ដែល​ត្រូវបាន​កត់ត្រា​ទុក នៅ​ចន្លោះ ខែមករា និង​ឧសភា ឆ្នាំ ២០២០ អ្នកវិទ្យាសាស្ត្រ​របស់​អង្គការ WWF បាន​បញ្ជាក់ថា អត្រា​ស្លាប់​នេះ ជា​និន្នាការ​មួយ ដ៏​គួរ​ឲ្យ​បារម្ភ យ៉ាងខ្លាំង ហើយ​បាន​អំពាវនាវ យ៉ាងទទូច​អំពី​ភាពចាំបាច់ ក្នុងការ​រួមសហការ​គ្នា ឲ្យ​កាន់តែខ្លាំង​ឡើង ដើម្បី​រៀបចំ វិធានការ​អភិរក្ស ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ក្នុង​ការពារ​សត្វ​ផ្សោត ឲ្យ​ជៀស​ផុតពី ភាព​វិនាស​ផុត​ពូជ​។​

​គួរ​កត់សម្គាល់ថា កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ត្រូវបាន​អនុវត្ត អស់​រយៈពេល ២០ ឆ្នាំ ហើយ​ក្នុង គោលដៅ​កាត់បន្ថយ​អត្រា​ស្លាប់ របស់​សត្វ​ផ្សោត តាមរយៈ ការពង្រឹង ការអនុវត្ត​ច្បាប់ ដោយ​ប្រសិទ្ធភាព ការផ្សព្វផ្សាយ និង​អប់រំ​ដល់​សហគមន៍​មូលដ្ឋាន កម្មវិធី​អភិវឌ្ឍ​ជីវភាព​ប្រជាជន សហគមន៍ និង ការស្រាវជ្រាវ​។ កិច្ចខិតខំ​យ៉ាងច្រើន កន្លងមកនេះ បានធ្វើ​ឲ្យ​ចំនួន សត្វ​ផ្សោត​ទន្លេមេគង្គ កើនឡើង​វិញ ជា​លើកដំបូង ពី​ចំនួន ៨០ ក្បាល ក្នុង​ឆ្នាំ​២០១៥ ទៅ ៩២ ក្បាល ក្នុង​ឆ្នាំ​២០១៧ ក្រោយពី​ការធ្លាក់ចុះ អស់​រយៈពេល ពីរ​ទសវត្សរ៍ ៕/V​-PC