ដោយៈ សុផល / ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សា ទាក់ទងនឹងយន្តការត្រួតពិនិត្យ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តាមរយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)។
លោក យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំនេះ ដោយមានការចូលរួមពីលោក ហ៊ាង វុត្ថា អគ្គនាយក នៃអគ្គនាយកដ្ឋាន បច្ចេកទេស លោកអគ្គនាយករង នៃអគ្គនាយកដ្ឋាន បច្ចេកទេស លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងក្រុមការងារបច្ចេកទេស ផងដែរ។
ថ្លែងនាឱកាសនោះ លោករដ្ឋលេខាធិការ បានឯកភាពជាគោលការណ៍ លើបទបង្ហាញ ស្តីពីទស្សនទាន ក្នុងការបង្កើតយន្តការត្រួតពិនិត្យតាមរយៈកម្មវិធី ថែទាំផ្លូវ (ROAD CARE Mobile App) នេះ ដែលបានរៀបចំដោយក្រុមការងារ បច្ចេកទេស នៃអគ្គនាយកដ្ឋាន បច្ចេកទេស។
បន្ថែមពីលើនេះ លោកប្រធានអង្គប្រជុំ ក៏បានស្នើឱ្យក្រុមការងារ ជ្រើសរើសព័ត៌មាន ចាំបាច់មួយចំនួន ដាក់លើទំព័រដើម ដូចជាវឌ្ឍនភាពគម្រោងសម្រាប់ផ្តល់ជូនថ្នាក់ ដឹកនាំ ងាយស្រួល ក្នុងការពិនិត្យ តាមដាន និងចាត់វិធានការ ទាន់ពេលវេលា ដើម្បីឱ្យគម្រោងឈាន ទៅរកការបញ្ចប់ តាមផែនការ ដែលបានគ្រោងទុក និងប្រកបដោយគុណភាព៕/V-PC