ដោយ​: ពៅ​និមល​/​ភ្នំពេញៈ រោងចក្រ​កាត់ដេរ ហេន សេ​វេន (Hand Seven (H7) Apparel Co.,Ltd)​ដែល​ស្ថិតនៅ​ម្តុំ ផ្សារ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​គិត​មកដល់​ថ្ងៃទី​២៦​ខែឧសភា​នេះ​បាន​រកឃើញ ករណី​វិជ្ជមាន​កូ​វីដ​១៩ របស់​កម្មករ និយោជិត​ចំនួន​២១៤​នាក់ ក្នុងចំណោម​កម្មករនិយោជិត​សរុប​ជាង​មួយ​ពាន់​នាក់​។​

​លោកស្រី សុខ លីដា ប្រធាន​រដ្ឋបាល​នៃ​រោងចក្រ ហេន សេ​វិ​ន បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា​នេះ​ថា ក្រោយ​ផ្ទុះ​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩ រោងចក្រ​សម្រេច​បិទទ្វារ​ផ្អាក​បណ្តោះអាសន្ន​ចាប់តាំងពី​ថ្ងៃទី​២៣ ខែឧសភា​មកម្ល៉េះ និង​តម្រូវ​ឲ្យ​កម្មករ កម្ម​ការ​នី ក៏ដូចជា​អ្នកពាក់ព័ន្ធ​ទាំងអស់​មក​ធ្វើតេស្ត​សំណាក​គ្រប់ៗ​គ្នា និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ និង​បន្ទប់​ជួល​រៀងៗ​ខ្លួន​ដើម្បី​តាមដាន​សុខភាព​និង​រងចាំ​ការឆ្លើយតប​អំពី​ការបើក​ដំណើរការ​ឡើងវិញ​រប​ស់រោង​ចក្រ​នាពេលខាងមុខ​។​

​ទាក់ទង​ករណីនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានប្រកាស​ហាមឃាត់​មិន ឱ្យ​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​ខាងលើ​ធ្វើដំណើរ​ចេញ​-​ចូល​និង​មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​នៅ​ខាងក្រៅ​ធ្វើដំណើរ​ចូលក្នុង​តំបន់​នេះ​ទេ ដើម្បី​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ទៅ​តំបន់​ផ្សេងទៀត​៕​សរន​