សម្តេច​តេ​ជោ​ចេញ​សារ​ខ្លី​ពី​ទេសចរណ៍​ក្នុង​បរិបទ​កូ​វីដ​-១៩

145

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សារ​ខ្លី​មួយ​តាម​បណ្តាញ សង្គម​ហ្វេ​ស​បុក អំពី ទេសចរណ៍​កម្ពុជា នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​នៃ​កូ​វីដ ១៩ ។

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា បងប្អូន​ជនរួមជាតិ​ជាតី​មេត្រី​! ទេសចរណ៍ ត្រូវបាន​គេ​ចាត់ទុកជា ឧ​ស្សហកម្ម​គ្មាន​ផ្សែង ។ ចាប់តាំងពី​វិបត្តិ​កូ​វីដ​១៩​មក វិស័យ​ទេសចរណ៍​ទូទាំង​ពិភពលោក​និង​និយាយ​ដោយឡែក​នៅ​ប្រទេស​កម្ពុជា យើង បាន​ថយចុះ​យ៉ាងខ្លាំង​មកទល់នឹង​បច្ចុប្បន្ននេះ ។

​សម្តេច​តេ​ជោ បាន​បន្ថែមថា ថ្វីត្បិតតែ​រាជរដ្ឋាភិបាល​កម្ពុជា​យើង បាន​បន្ធូរបន្ថយ ដោយ​បើក​ឱ្យមាន​ការដើរ​កម្សាន្ត ឬ​បើក​ដំណើរការ​ឡើងវិញ នូវ​ទីតាំង​ទេសចរណ៍ នានា​ក៏ពិតមែន តែ​ក៏​សូម​ផ្តាំ​ថា ៖ កុំ​ភ្លេច​អនុវត្ត​វិធាន ៣​កុំ ៣​ការពារ ឱ្យបាន​ជាប់លាប់ និង​រៀន​រស់នៅ​តាមបែប​គន្លង​ថ្មី ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួម​ទប់ស្កាត់ និង​បង្កា​ការរីក​រាលដាល ឆ្លង​ចូល​សហគមន៍​ជា​ទ្រង់ទ្រាយ​ធំ នៃ​មេរោគ​កូ​វីដ​-១៩ ។​

​ក្នុងឱកាស​ថ្ងៃ​ចុង​សប្តាហ៍​ទី​បី​នៃ​ខែឧសភា ចាប់ពី​ថ្ងៃទី​២២​ដល់ទី​២៣ ខែឧសភា ឆ្នាំ​២០២១ នៅ​ទូទាំងប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​សរុប ៥២.៨៩១ នាក់ កើនឡើង ៦.១១% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងទៅ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ ៥២.២៤៧ នាក់ កើនឡើង ៥.៨៤% និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ៦៤៤ នាក់ កើនឡើង ១៣.៧៨%​។​

​រយៈពេល​បួន​សប្តាហ៍ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​បើក​ដំណើរការ រមណីយដ្ឋាន​ទូទាំងប្រទេស​ឡើងវិញ ភ្ញៀវ​សរុប​មាន​ចំនួន​ប្រមាណ ១៣១.៤៩០ នាក់​៕​/PC